ដោយស៊ីវ ម៉េង
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា (NBC) បានថ្លែងថា នៅក្នុងមួយទសវត្សចុងក្រោយនេះ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំជាមធ្យម៧,៧ភាគរយ ហើយឆ្នាំ២០១៨នេះកម្ពុជា រំពឹងថានឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧,៣ភាគរយបន្ថែមទៀត។
ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លោកជំទាវ នាវ ច័ន្ទថាណាបានលើកឡើងនៅក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី៥ស្តីពី ការពង្រីកប្រភពកំណើនសេដ្ឋកិច្ចកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នេះថា វិស័យដែលកំពុងស្រូបយកសក្តានុពលនិងជំរុញកំនើនសេដ្ឋកិច្ចកម្ពុជា រួមមានវិស័យកាត់ដេរ និងសំណង់ ដែលវិស័យការរីកចម្រើនយ៉ាងខ្លាំង ខណៈដែលវិស័យទេសចរណ៍កំពុងមានសន្ទះនៃការកើនឡើង ដូច្នេះអាចបញ្ជាក់បានថា វិស័យទាំងនេះកំពុងមានសក្តានុពលខ្លាំង ក្នុងការជម្រុញកំណើនសេដ្ឋកិច្ច ការបង្កើនចំណូល និងការងារដល់កំលាំងពលកម្ម ដែលមានជំនាញទាប និងមធ្យម។
លោកជំទាវបន្តថា ចំណែកវិស័យកសិកម្មវិញ ទោះបីវិស័យនេះមានផលទុនសរុបក្នុងស្រុកមានការថយចុះ នៅពីរទសវត្សរ៍ចុងក្រោយនេះក៏ដោយ តែវិស័យនេះនៅតែបន្តចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចផងដែរ ។ ដូច្នេះទាក់ទិនវិស័យទាំងអស់នេះ បើគិតនៅក្នុងមួយទសវត្សចុងក្រោយនេះ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំជាមធ្យម៧,៧ភាគរយ។
សេដ្ឋវិទូជាន់ខ្ពស់ជំនាញសកលគ្រប់គ្រងផ្នែកម៉ាក្រូសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៃធនាគារពិភពលោក លោកលី សាដេតបានថ្លែងថា កម្ពុជាបានកែទម្រង់ផ្នែកធុរកិច្ចល្អប្រសើរជាងមុន ដែលផ្តល់លក្ខណៈងាយស្រួល និងការបើកឱកាសឲ្យសហគ្រិនវ័យក្មេងបានប្រកួតប្រជែងនៅលើទីផ្សាពាណិជ្ជកម្ម អាជីវកម្មរបស់ខ្លួន ប៉ុន្តែដើម្បីជម្រុញការប្រកួតប្រជែងទីផ្សារក្នុងតំបន់ និងពិភពលោកឲ្យកាន់តែប្រកបដោយតម្លាភាព ការប ង្កើនចំណេះដឹងនិងវិជ្ជាជីវៈគឺជារឿងសំខាន់ ក្នុងការអភិវឌ្ឍន៍តាមស្តង់ដារជាពិសេសផ្នែកគុណភាពទំនិញ។
លោកបន្តថា “កម្ពុជានៅមានសក្តានុពល និងវិស័យថ្មីៗជាច្រើនទៀតដូចជា ការបង្កើនរោងចក្រម្សៅមី និងការដាំដុះដំណាំមានសក្តានុពលមួយចំនួន ដូចជា ដំណាំស្វាយ ដំណាំចេក និងដំណាំផ្សេងៗទៀត ដែលកម្ពុជាមានលទ្ធភាពក្នុងការនាំចេញទៅកាន់ក្រៅប្រទេស ដែលមានតម្លៃបន្ថែមខ្ពស់ ហើយកម្ពុជាក៏កំពុងស្រូបយកផ្នែកបច្ចេកវិទ្យា គ្រឿងបង្គុំផ្នែកអេឡិចត្រូនិច ដែលផ្នែកទាំងអស់នេះ កំពុងស្រូបយកសក្តានុពលកំណើនសេដ្ឋកិច្ចដ៏ធំផងដែរ”៕