ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុនជាដៃគូវិនិយោគ និងអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់កម្ពុជាហើយជប៉ុនតែងតែជួយកម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងធំៗនិងតូចៗ។ បើគិតចាប់តាំងពីឆ្នាំ១៩៩១ មកដល់ពេលបច្ចុប្បន្ននេះ ជប៉ុនបានផ្ដល់ថវិកាប្រមាណ៦៥លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ថ្នល់ ស្ពាននៅតាមមូលដ្ឋានជនបទប្រមាណ៦៦០គម្រោង។
ជប៉ុនក៏បានចុះហត្ថលេខា នៅរសៀលថ្ងៃទី៥ ធ្នូ ២០២២នេះ ជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺ និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់លើកិច្ចសន្យាផ្ដល់ជំនួយឥតសំណងដល់ កម្ពុជាចំនួនជិត២០ម៉ឺនដុល្លារអាមេរិកដល់កម្ពុជា សម្រាប់សង់ស្ពាន និងការស្ដារប្រព័ន្ធធារាសាស្ត្រនៅខេត្តកំពង់ស្ពឺ និងកំពង់ចាម។
លោក តានិណៃ អ៊ីឈិតុម៉ុ ថ្លែងថា គម្រោងសាងសង់ស្ពានបេតុងថ្មី ជំនួសស្ពានឈើដែលពុកផុយ ក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានទឹកប្រាក់ចំនួន៩៩.២១២ដុល្លារ។ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនក្នុងស្រុកចំនួន៣.៣០០នាក់ ដោយសម្រួលដល់ការដឹកជញ្ជូនផលិតផលកសិកម្ម ក៏ដូចជាការធ្វើដំណើរប្រចាំថ្ងៃរបស់សិស្ស និងប្រជាជន ទៅកាន់សាលារៀន ផ្សារ និងមណ្ឌលសុខភាព។
ចំណែក ថវិកាចំនួន៨៧.៦៤៤ដុល្លារអាមេរិក នឹងយកទៅប្រើប្រាស់ សម្រាប់គម្រោងស្តារទំនប់ និងលូមូលចំនួន៣ ដែលរងការខូចខាត នៅក្នុងស្រុកព្រៃឈរ ខណៈបរិក្ខារធារាសាស្ត្រដែលរងការខូតខាតបច្ចុប្បន្ន មិនអាចស្ដុកទឹកភ្លៀងបានគ្រប់គ្រាន់ ក្នុងរដូវវស្សាសម្រាប់ធ្វើស្រែចម្ការ។ គម្រោងនេះនឹងផ្ដល់អត្ថប្រយោជន៍ ដល់ប្រជាជនជាង៤.៥០០នាក់ ដែលនឹងរួមចំណែកដល់ការបង្កើនប្រាក់ចំណូលរបស់ប្រជាកសិករ តាមរយៈការធានាការផ្គត់ផ្គង់ទឹកសម្រាប់កសិកម្មប្រកបដោយស្ថិរភាព។
ជំនួយឥតសំណងក្រោមគ្រោងការណ៍នៃគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ ឬ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្ដីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍៕