Hattha top Banner

សកម្មភាពទីផ្សារអចលនទ្រព្យនៅខេត្តសៀមរាបបង្ហាញសញ្ញាល្អប្រសើរជាង៣ឆ្នាំកន្លងមក

0

ដោយ៖​ វឌ្ឍនៈ

ភ្នំពេញ ៖ រយៈពេលជិត៣ឆ្នាំហើយ ស្ថានភាពអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាក៏បានរងគ្រោះ ដោយសារបញ្ហាជំងឺកូវីដ១៩ និងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន កាលពីដើមឆ្នាំនេះ។ យ៉ាងណាក្ដី នៅឆ្នាំ២០២៣ខាងមុខនេះ អ្នកជំនាញរំពឹងថា អចលនទ្រព្យខេត្តសៀមរាបនឹងរើបឡើងវិញបណ្ដើរៗ និងមានភាពល្អប្រសើរជាង៣ឆ្នាំកន្លងមក។

លោក សំ សីហា ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តសៀមរាប បានមានប្រសាសន៍តាមទូរស័ព្ទនៅរសៀលថ្ងៃទី៦ ធ្នូ ២០២២នេះ ថា នៅក្នុងរយៈពេលចុងឆ្នាំ២០២២នេះ ស្ថានភាពអចលនទ្រព្យនៅក្នុងខេត្តសៀមរាបហាក់មានភាពប្រសើរ ជាងរយៈពេល៦ ឬ៧ខែមុន ដូច្នេះវាជាសញ្ញាវិជ្ជមាន សម្រាប់ទីផ្សារអចលនទ្រព្យនៅសៀមរាប ក្នុងឆ្នាំ២០២៣ខាងមុខ។

លោកបន្តថា កត្តាដែលលោកមើលឃើញថានឹងល្អប្រសើរនោះ ជំរុញដោយកំណើនភ្ញៀវទេសចរក្នុងស្រុកទៅលេងខេត្តសៀមរាបនៅក្នុងរយៈពេលចុងក្រោយនេះ  ដែលធ្វើឱ្យតម្រូវការនានាកើនឡើងវិញផងដែរ។ ម្យ៉ាងទៀត ភ្ញៀវទេសចរបរទេសមកកាន់ខេត្តសៀមរាបក៏ឃើញថា ចាប់ផ្ដើមមានកំណើនដែរ ហើយក្រៅពីនោះ មានផ្លូវស្អាតៗជាច្រើន ត្រូវបានសាងសង់រួចផងដែរ។

លោកបន្ថែមថា ក្រៅពីនេះ សៀមរាបក៏មានព្រលានយន្តហោះអន្តរជាតិថ្មី នៅប៉ែកខាងកើតទីរួមខេត្ត ដែលជាសក្ដានុពលមួយ សម្រាប់ទាក់ទាញវិនិយោគិនមកកាន់ទឹកដី នៃខេត្តសៀមរាប។ លោកថា”ឆ្នាំ២០២៣ ខ្ញុំគិតថាវានឹងល្អប្រសើរជាង៣ឆ្នាំមកនេះ តែបើឱ្យដូចស្ថានភាពមុនកូវីដ១៩ ប្រហែលជាត្រូវការពេលវេលា២ទៅ៣ឆ្នាំទៀត”។

រាជរដ្ឋាភិបាលកម្ពុជាក៏បាន និងកំពុងជំរុញកសាងទីក្រុងសៀមរាបឱ្យក្លាយជាទីក្រុងឆ្លាតវៃ នាពេលឆាប់ៗនេះផងដែរ ដែលទីក្រុងឆ្លាតវៃនេះ នឹងក្លាយជាធ្នាក់ដ៏សំខាន់ សម្រាប់ទាក់ទាញដល់បណ្ដាវិនិយោគិន ទេសចរបរទេសមកកាន់ទឹកដី នៃតំបន់វប្បធម៌របស់កម្ពុជា។

អ្នកជំនាញនៃវិស័យអចលនទ្រព្យ ជាច្រើននៅក្នុងប្រទេសកម្ពុជា ក៏បានបង្ហាញពីសុទិដ្ឋនិយមចំពោះស្ថានភាពអចលនទ្រព្យ នៅក្នុងឆ្នាំ២០២៣ខាងមុខនេះដែរ។

លោកស្រី អាន សុធីតា នាយិកាប្រតិបត្តិក្រុមហ៊ុន PropNex Cambodia បានលើកឡើងថា ឆ្នាំ២០២២នេះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកិច្ចប្រជុំទាំងនេះ បានអញ្ជើញភ្ញៀវអន្តរជាតិជាច្រើនចូលរួម ដែលជាការបង្ហាញពីកម្ពុជាទៅកាន់បណ្ដាភ្ញៀវអន្តរជាតិទាំងនោះ ហើយក៏ជាផ្សព្វផ្សាយពីកម្ពុជាទៅកាន់ឆាកអន្តរជាតិផងដែរ។ តាមរយៈសកម្មភាពនេះ យើងអាចរំពឹងថា នៅឆ្នាំ២០២៣ខាងមុខនេះ នឹងមានការហូរចូលឡើងវិញ នៃវិនិយោគិនបរទេស និងធ្វើឱ្យសកម្មភាព នៃការវិនិយោគក៏នឹងចាប់ផ្ដើមឡើងវិញផងដែរ៕

  

LEAVE A REPLY

Please enter your comment!
Please enter your name here