ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េចាប់ផ្តើមការហោះហើរលើកដំបូងពីភ្នំពេញទៅសិង្ហបុរី

0

ដោយ៖ សុផារី

ភ្នំពេញ៖ ជើងហោះហើរ KR751 ពីភ្នំពេញ-សឹង្ហបុរី របស់ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយបានចុះចតដោយជោគជ័យនៅអាកាសយានដ្ឋានឆាងជី នៅប្រទេសសឹង្ហបុរី។

នេះជានិមិត្តរូប បញ្ជាក់ពីភាពជោគជ័យ នៃការសម្ពោធជើងហោះហើរថ្មី របស់ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ។ ដើម្បីអបអរសាទរដំណើរកម្សាន្តលើកដំបូង បាហុនិការបានផ្តល់ជូនអ្នកដំណើរទាំងអស់នៅលើយន្តហោះជាមួយនឹងតុក្កតាដ៏គួរឱ្យស្រលាញ់ ទុកជាវត្ថុអនុស្សាវរីយ៍។

អាកាសយានដ្ឋាន ឆាងជី ដែលមានគោលដៅនៃការធ្វើដំណើររយៈពេលពីរម៉ោង បានរៀបចំពិធីទទួលស្វាគមន៍យ៉ាងកក់ក្តៅ បន្ទាប់ពីយន្តហោះបានចុះចត អ្នកតំណាង និងបុគ្គលិកនៃក្រុមហ៊ុន Changi Airport Group (CAG) បានជូនអំណោយដល់អ្នកដំណើរដែលមកដល់ពីទីឆ្ងាយដោយម្នាក់ៗ បានទទួលនូវវត្ថុអនុស្សាវរីយ៍ និងសំបុត្រឥតគិតថ្លៃទៅកាន់ Hedge Maze នៅ Jewel Changi ។

តាមកាលវិភាគហោះហើរនៅខែធ្នូ របស់ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ នឹងមានជើងហោះហើរពហុទីក្រុង ពីភ្នំពេញ-សិង្ហបុរី-សៀមរាប-ភ្នំពេញ នៅថ្ងៃសុក្រ និងជើងហោះហើរត្រង់ពីភ្នំពេញទៅសិង្ហបុរីនៅថ្ងៃពុធ និងថ្ងៃអាទិត្យ។

មកដល់ពេលនេះ ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ បានសម្រេចសម្ពោធជើងហោះហើរថ្មីពីភ្នំពេញទៅសិង្ហបុរីដោយជោគជ័យ បន្ទាប់ពីមានផែនការ និងការរៀបចំយ៉ាងសកម្ម ជំនះឧបសគ្គ និងដោយមានការគាំទ្រយ៉ាងខ្លាំងពីក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី (STB) និងអាកាសយានដ្ឋាន ឆាងជី។

ការចាប់ផ្តើមផ្លូវហោះហើរសិង្ហបុរី គឺជាផ្នែកមួយដ៏សំខាន់នៃគម្រោងដាក់ដំណើរការផ្លូវហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ដែលជាគ្រឹះដ៏រឹងមាំសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ក្នុងការបង្កើតជើងហោះហើរហោះក្នុងរយៈវេលា៥ម៉ោងដោយយករាជធានីភ្នំពេញជាចំណុចគោល និងបន្តឆ្ពោះទៅដល់តំបន់អាស៊ីប៉ាស៊ីហ្វិកនាពេលអនាគត។

លោក Lim Ching Kiat នាយកគ្រប់គ្រងក្រុមហ៊ុន Changi Airport Group (CAG) នៃAir Hub Development បាននិយាយថា “យើងមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ មកកាន់ ឆាងជី។ ចរាចរណ៍អ្នកដំណើររវាងប្រទេសសិង្ហបុរី និងកម្ពុជាមានការកើនឡើងជាលំដាប់ ហើយបច្ចុប្បន្នកំពុងស្ថិតនៅច្រើនជាង៨០% នៃកម្រិតមុនកូវីដ”។

ក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី (STB) គឺជាទីភ្នាក់ងារអភិវឌ្ឍន៍ឈានមុខគេសម្រាប់វិស័យទេសចរណ៍ ដែលជាវិស័យសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសសិង្ហបុរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here