លំហូរទេសចរជាតិអន្តរជាតិជំរុញទីផ្សារសណ្ឋាគារក្នុងខេត្តសៀមរាបឱ្យមានសន្ទុះងើបឡើងវិញ

0

ដោយ៖ សុផារី

សៀមរាប៖ ក្នុងកំឡុងពេលកូវីដ១៩ មានសណ្ឋាគារ និងផ្ទះសំណាក់ប្រមាណជាច្រើននៅក្នុងខេត្តសៀមរាបបានបង្ខំចិត្តផ្អាក ឬបិទដំណើរការអាជីវកម្ម។ ប៉ុន្តែ ក្នុងរយៈពេលចុងក្រោយនេះ ការវិលត្រលប់នៃកំណើនភ្ញៀវទេសចរ បានកំពុងក្លាយជាក្តីសង្ឃឹម សម្រាប់អាជីវកម្មដែលពឹងផ្អែកលើវិស័យទេសចរណ៍ និងអាជីវកម្មបដិសណ្ឋារកិច្ច។

យោងតាម​ការចេញផ្សាយរបស់ក្រសួងទេសចរណ៍កាលពីចុងសប្តាហ៍មុន បានបញ្ជាក់ថា ភ្ញៀវទេសចរប្រមាណ១លាន​៨សែ​ននាក់ បានទៅទស្សនាកម្សាន្តនៅតាមតំបន់ទេសចរណ៍ក្នុងខេត្តសៀមរាប ដែលគិតចាប់ពីខែមករា មកដល់ខែតុលាឆ្នាំ២០២២ ហើយចំនួននេះបង្ហាញការកើនឡើង​ជិត៩០០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

ក្នុងចំណោមទាំងនោះ មានប្រមាណ១លាន៦សែននាក់ជាភ្ញៀវទេសចរណ៍ក្នុងស្រុក និងប្រហែល១សែន៧ម៉ឺននាក់ជាភ្ញៀវទេសចរបរទេស ដែលចំនួននេះស្មើនឹងប្រហែល៧ភាគរយប៉ុណ្ណោះ ធៀបនឹងមុនពេលផ្ទុះឡើងនៃជំងឺកូវីដ១៩ ពោលគឺក្នុងឆ្នាំ២០១៩ ដែលនាពេលនោះខេត្តសៀមរាបទទួលបានភ្ញៀវទេសចរបរទេស​ប្រហែល២លាន២សែននាក់។​

បច្ចុប្បន្ន ជើងហោះហើរពីបរទេសចូលខេត្តសៀមរាបមានចន្លោះពី១៥ ទៅ១៦ជើង ដោយបានដឹកជញ្ជូនភ្ញៀវទេសចរមកជាមួយចន្លោះពី១.៣០០ នាក់ទៅ១.៤០០នាក់ក្នុងមួយថ្ងៃ។

ការងើបឡើងវិញនៃចំនួនភ្ញៀវទេសចរនឹងរួមចំណែកដ៍សំខាន់ដល់ទីផ្សារអចលនទ្រព្យជាពិសេសជួយបង្កើនតម្រូវការជួលទីតាំងធ្វើអាជីវកម្ម និងកន្លែងស្នាក់នៅ។

អ្នកនាង កែវ ណាលីន ប្រធានផ្នែកទីផ្សារនៃសណ្ឋាគារមួយនៅក្នុងខេត្តសៀមរាប បានបញ្ជាក់ប្រាប់ Property Area នៅថ្ងៃទី០៦ ខែធ្នូថា មួយរយៈចុងក្រោយនេះ ខេត្តសៀមរាបមានកំណើនទេសចរជាតិ និងអន្តរជាតិច្រើនជាងមុនប្លែក ដោយនេះជាសញ្ញាល្អប្រសើរ ក្នុងការឈានទៅស្តារទីផ្សារទេសចរណ៍ និងអាជីវកម្មដែលពឹងផ្អែកលើទេសចរណ៍។

អ្នកនាងបញ្ជាក់ថា “ភ្ញៀវមកកំសាន្តច្រើន វាក៏ជាក្តីសង្ឃឹមមួយនៃវិស័យទេសចរណ៍ ដែលអាចស្តារឡើងវិញនូវសក្តានុពល ក៏ដូចជាជួយបង្កើនផ្នែកសេវាកម្មនានាផងដែរ”។

លោក ឃឹម ហ្វី​ណង់ អភិបាលរង​ខេត្តសៀមរាប​បានលើកឡើងក្នុង​ពិធី​បើក​កម្មវិធី “​ហាត់​ការ​វិជ្ជាជីវៈ​តាម​អាជីវកម្ម​សណ្ឋាគារ និង​ភោជនីយដ្ឋាន លើ​ជំនាញ​ការិយាល័យ​ជួរមុខ គេហកិច្ច ម្ហូបអាហារ និង​ភេសជ្ជៈ​”​នៅ​នឹង​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២២​ថា ដោយមាន​ការយកចិត្ត​ទុកដាក់ និង​មានការ​គាំទ្រ​ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នានា ព្រមទាំង​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ផ្នែក​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍ ​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ផ្ទាល់ ​ពី​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ បានធ្វើឱ្យ​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប មានការ​អភិវឌ្ឍ​រីកចម្រើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។

លោកលើកឡើងថា ទន្ទឹមនឹង​ការ​ងើបឡើង​វិញ​ជា​បណ្តើរៗ នៃ​វិស័យ​ទេសចរណ៍​សម្រាប់​ខេត្តសៀមរាប​នេះ​គឺ​ទាមទារ​ឱ្យមាន​ការបណ្តុះបណ្តាល​នូវ​សមត្ថភាព​ជំនាញ​ដល់​បុគ្គលិក ដែល​កំពុង​បម្រើការ​ក្នុង​វិស័យ​ទេសចរណ៍ ដែលជា​មូលដ្ឋាន​យុទ្ធសាស្ត្រ​នៃ​ការពង្រឹង​គុណភាព​សេវាកម្ម និង​ការផ្តល់សេវា​ប្រកបដោយ​សេចក្តី​ពេញចិត្ត​ដល់​ភ្ញៀវទេសចរ​៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here