ក្រុមហ៊ុនថៃនិងចិនគ្រោងចំណាយ១,៥ពាន់លានដុល្លារសាងសង់រោងចក្រថាមពលដើរដោយខ្យល់ធំបំផុតរបស់អាស៊ីក្នុងប្រទេសឡាវជាប់ព្រំដែនប្រទេសកម្ពុជា

0

ដោយ: លាងហួរ

បាងកក: ក្រុមហ៊ុនផលិតថាមពលកកើតឡើងវិញ BCPG Plc  ដែលជាបុត្រសម្ព័ន្ធរបស់ Bangchak Corporation Plc សហការជាមួយក្រុមហ៊ុន Power China International Group គ្រោងសាងសង់រោងចក្រថាមពលខ្យល់ដ៏ធំបំផុតរបស់អាស៊ី នៅក្នុងប្រទេសឡាវ។

លោក Niwat Adirek ប្រធានក្រុមហ៊ុន BCPG និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិនៃក្រុមហ៊ុន Impact Energy Asia Development (IEAD) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិស្វកម្មលទ្ធកម្ម និងសំណង់ជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុន PowerChina International ដើម្បីសាងសង់រោងចក្រថាមពលដើរដោយខ្យល់ថ្មីមួយ ដែលមានឈ្មោះថា “Monsoon” និងមានសមត្ថភាពផលិតអគ្គិសនី៦០០មេហ្គាវ៉ាត់។

ពិធីចុះហត្ថលេខានេះបានរៀបចំធ្វើឡើង នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន BCPG ក្នុងទីក្រុងបាងកក កាលពីថ្ងៃអង្គារទី០៦ ខែធ្នូ ឆ្នាំ២០២២។

ក្រោមកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន BCPG និងរដ្ឋាភិបាលឡាវដែលបានចុះហត្ថលេខាកាលពីឆ្នាំមុន រោងចក្រដើរដោយខ្យល់នេះគ្រោងសាងសង់លើផ្ទៃដីទំហំ៦៤.០០០ហិកតា នៅភាគខាងត្បូងប្រទេសឡាវ។

រោងចក្រនេះមានទីតាំងនៅជិតទន្លេមេគង្គកាត់ពីខេត្ត Ubon Ratchathani ភាគឦសានរបស់ប្រទេសថៃ និងស្ថិតនៅភាគខាងជើងនៃខេត្តព្រះវិហារ ប្រទេសកម្ពុជា ហើយគម្រោងនេះនឹងត្រូវចំណាយថវិកាសរុបប្រមាណ១,៥ពាន់លានដុល្លារអាមេរិក។

យោងតាមគេហទំព័ររបស់សមាគមថាមពលខ្យល់អាស៊ី បានឱ្យដឹងថា រដ្ឋាភិបាលឡាវបានផ្តល់សម្បទានដីរយៈពេល២៥ឆ្នាំ ដល់រោងចក្រថាមពល ដែលលាតសន្ធឹងលើស្រុកចំនួន២គឺស្រុក Dak Cheung ក្នុងខេត្ត Sekong និង ស្រុក Sanxay ក្នុងខេត្ត Attapeu៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here