World Bank​ ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ក្នុងរង្វង់៤,៨ភាគរយ

0

ដោយ៖ សុផារី

ភ្នំពេញ៖ ​​នៅក្នុង​របាយការណ៍​បច្ចុប្បន្នភាពសេដ្ឋកិច្ច​កម្ពុជាសម្រាប់ខែធ្នូ ឆ្នាំ​២០២២ ធនាគារពិភពលោក​ព្យាករថា កម្ពុជា​មាន​កំណើនសេដ្ឋកិច្ច៤,៨ភាគរយនៅក្នុង​ឆ្នាំ២០២២ ក្នុងនោះ​ការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយសម័យមានជំងឺរាតត្បាតមាន​សន្ទុះ​កើនឡើង មួយផ្នែកដោយសារការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍។

ធនាគារពិភពលោក (World Bank) បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២២នេះ ក្នុងរង្វង់ ៤,៨ភាគរយ ដោយគាំទ្រដោយកំណើននៃការនាំចេញ ​ផលិតផលកាត់ដេរ ស្បែកជើង ផលិតផលធ្វើដំណើរ និងកង់ជាពិសេសកំណើនចំនួនទេសចរអន្តរជាតិចូលទស្សនានៅកម្ពុជា។

ក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ​ក្រោមចំណងជើងថា Navigating Global Economic Headwinds ​ចេញផ្សាយនៅថ្ងៃទី៧ ​ខែធ្នូនេះ ​ធនាគារពិភពលោកបានលើកឡើងថា ការព្យាករ​កំណើន GDP ពិតប្រាកដរបស់កម្ពុជា ក្នុងរង្វង់៤,៨​ភាគរយក្នុងឆ្នាំ២០២២ ដោយផ្អែកលើការ​ងើប​ឡើងវិញនៃសេដ្ឋកិច្ចដែលមានលក្ខណៈទូលំទូលាយជាងមុន។

ធនាគារពិភពលោក ​បន្តលើកឡើងថា ​ការកើនឡើងនៃការនាំចេញ ជាពិសេសសម្លៀកបំពាក់ ស្បែក​ជើងទំនិញធ្វើដំណើរ ​និងការផលិតកង់ ​ការងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍ និង​ការវិលត្រលប់មកវិញនៃលំហូរ ​វិនិយោគដោយផ្ទាល់បរទេស បានជួយទ្រទ្រង់ការងើបឡើងវិញ​នៃ​សេដ្ឋកិច្ចនៅឆ្នាំនេះ។

ទោះបីជាសេដ្ឋកិច្ចត្រូវបានគេរំពឹងថា នឹងពង្រីកបន្ថែមទៀតនៅឆ្នាំក្រោយ ដែលត្រូវបានគាំទ្រ​ដោយ​ការ​ស្ទុះងើបឡើងវិញនៃការប្រើប្រាស់ក្នុងស្រុក ​ខណៈដែលអត្រាការងារមានភាពប្រសើរឡើង និង​អតិផរណាធ្លាក់ចុះ​ រួមជាមួយនឹងការចំណាយរប​ស់រាជរដ្ឋាភិបាល​ក្នុងអំឡុងពេលបោះឆ្នោត ការ​ព្យាករ​កំណើនពិតប្រាកដសម្រាប់ឆ្នាំ២០២៣​ ត្រូវបានបន្ទាបមកត្រឹម​៥,២​ភាគរយដោយសារតែ ទស្សនវិស័យ​សកល​មិនសូវអំណោយផល។

របាយការណ៍ដដែល​លើកឡើងថា អតិផរណាត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះដល់៤,២ភាគរយ និង៣​,៨ ភាគរយនៅឆ្នាំ២០២៣ ​និ២០២៤រៀងគ្នា ​ខណៈភាពក្រីក្រត្រូវបានគេរំពឹងថានឹងធ្លាក់​ចុះដោយសារតែការស្តារសេដ្ឋកិច្ចដែលបាន​ព្យាករ​ និង​អតិផរណាកម្រិតមធ្យម៕

LEAVE A REPLY

Please enter your comment!
Please enter your name here