ទីផ្សារអចលនទ្រព្យកំពតត្រូវការពេលវេលាបន្ថែមដើម្បីងើបឡើងវិញ ខណៈទីផ្សារដីលំហែមានស្ថានភាពល្អប្រសើរ

0

ដោយៈ សុផារី

កំពតៈ ទោះមានក្តីរំពឹងលើការងើបឡើងវិញ នៃស្ថានភាពអចលនទ្រព្យនៅក្នុងខេត្តកំពត នៅចុងឆ្នាំ២០២២នេះក្តី ប៉ុន្តែរហូតមកដល់ចុងត្រីមាសទី៤នេះ អ្នកជំនាញមូលដ្ឋានលើកឡើងថា ទីផ្សារអចលនទ្រព្យនៅក្នុងខេត្តកំពត នៅបន្តទាមទារពេលវេលាមួយរយៈទៀត ដើម្បីងើបឡើងវិញ ទាំងការលក់ដូរនិងការអភិវឌ្ឍ។

ប្រធានក្រុមហ៊ុន KW ប្រចាំខេត្តកំពត លោក កែវ សុជាតិបានមានប្រសាសន៍ប្រាប់ Property Area Asia នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២នេះថា ដោយសារផលប៉ះពាល់ពីវិបត្តិសង្រ្គាម និងការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធការគ្រប់គ្រងនៅក្នុងខេត្តកំពត បានធ្វើឱ្យមួយរយៈនេះ ចរន្តទិញលក់អចលនទ្រព្យមានការធា្លក់ចុះបន្តិច។

លោកមានប្រសាសន៍ថា “ខេត្តកំពតត្រូវការពេលវេលាបន្តិចទៀត ក្នុងការរៀបចំឡើងវិញ។ នៅពេលសង្គ្រាមរុស្សី អ៊ុនគ្រែនបានស្ងប់ស្ងាត់ ហើយនៅពេលថ្នាក់ដឹកនាំខេត្ត រៀបចំបានល្អប្រសើរហើយ អចលនទ្រព្យនឹងល្អប្រសើរឡើងវិញ”។

អ្នកជំនាញរូបនេះលើកឡើងថា មួយរយៈចុងក្រោយនេះ តំបន់មួយចំនួនមានការធ្លាក់តម្លៃ ដោយសារមិនសូវជាមានតម្រូវការច្រើនដូចមុន។ ការធ្លាក់តម្លៃចន្លោះ១០ ទៅ១៥ភាគរយ ក្នុងតំបន់ដីធ្លីកសិកម្ម និងទីតាំងឆ្ងាយៗ។ ចំណែកដីធ្លីនៅក្នុងខេត្តហាក់នៅទ្រឹង ហើយនៅមានសកម្មភាពទិញលក់ជាហូរហែ គ្រាន់តែមិនសូវមានចំនួនច្រើនដូចមុន។

យ៉ាងណាក្តី លោកសុជាតិបានលើកឡើងថា ទីផ្សារទេសចរណ៍នៅក្នុងខេត្តនៅមានសកម្មភាពល្អប្រសើរជាធម្មតា។ ក្នុងមួយរយៈនេះ គម្រោងឆ្នេរ ប្រវែងជាង២គីឡូម៉ែត្រ ដែលត្រូវបានរៀបចំឡើងដោយរដ្ឋបាលខេត្ត និងគម្រោងទេសចរណ៍ជាច្រើនកន្លែង បាននាំមកនូវអ្នកចំណូលថ្មីជាច្រើន ដែលបានបង្ហាញចំណាប់អារម្មណ៍ វិនិយោគលើដីធ្លី និងការអភិវឌ្ឍ ហើយនេះជាក្តីសង្ឃឹមមួយដែរសម្រាប់អចលនទ្រព្យក្នុងខេត្តកំពត។

លោកបានបន្តថា តម្រូវការនៃដីធ្លីទេសចរណ៍មានភាពល្អប្រសើរជាងទីផ្សារពាណិជ្ជកម្មផ្សេងៗ ដោយសារកំពតជាខេត្ត ដែលមានសក្តានុពលស្រាប់លើផ្នែកនេះ ហើយមានតម្រូវការជាបន្តបន្ទាប់ លើតំបន់ដែលមានទីតាំងនៅជាប់មាត់សមុទ្រ ជាប់ឆ្នេរ ឬនៅជាប់នឹងជើងភ្នំ។

លោកបន្តថា “មួយរយៈចុងក្រោយនេះ ឃើញមានអ្នកវិនិយោគជាច្រើន បានមកអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍អេកូទេសចរណ៍ ជាច្រើន ដូចជា រីសត បឹងកាឡូ ។ល។”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក​ សុខនីមបានមានប្រសាសន៍ថា កំពតមានសក្តានុពលសម្រាប់ការរីកចម្រើនក្នុងវិស័យនេះ ដោយសារសក្តានុពលហេដ្ឋារចនាសម្ព័ន្ឋ ទីតាំងមាន​ចម្ងាយមិនឆ្ងាយពីរាជធានីភ្នំពេញ កំណើនភ្ញៀវទេសចរណ៍ និងវិស័យកសិកម្មមានភាពល្បីល្បាញ ដែលទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិទៅទស្សនាច្រើន។

លោកបន្តថា “ខេត្តកំពតមានការរីកចម្រើនលឿននាពេលអនាគត ខណៈខេត្តនេះបានក្លាយជាប៉ូលមួយ ក្នុងចំណោមប៉ូលសេដ្ឋកិច្ច និងទេសចរ​ណ៍សម្រាប់តំបន់ឆ្នេរកម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here