ដោយៈ ជេស៊ីកា
កំពតៈ អាគារពាណិជ្ជកម្មដំបូងគេរបស់ក្រុមហ៊ុនថៃ ប៊ុនរ៉ងនៅកណ្តាលក្រុងកំពត បាននិងកំពុងពន្លឿនការសាងសង់ បន្ទាប់ពីផ្អាកមួយរយៈ ដើម្បីបញ្ចប់តាមផែនការរបស់ខ្លួន។
លោកសាស្រ្តាចារ្យទួស សាភឿនអ្នកគ្រប់គ្រងគំរោងនេះបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា បន្ទាប់ពីផ្អាកមួយរយៈខ្លី យើងបានចាប់ផ្តើមសាងសង់ឡើងវិញហើយ ដោយរហូតមកទល់ពេលនេះ ការសាងសង់បានសម្រេចដល់ជាន់ទី៨ហើយ។ លោកបន្តថា អ្វីដែលយឺតយ៉ាវគឺការសាងសង់គ្រឹះអាគារ ដែលត្រូវបានចំណាយពេលរហូតដល់១ឆ្នាំ។
លោកបន្តថា “គំរោងនេះអាចបញ្ចប់គ្រោងតួអាគារទាំងមូល នៅចុងឆ្នាំ២០២៣ និងដាក់ឲ្យដំណើរការចុងឆ្នាំ២០២៤ខាងមុខ ប្រសិនជាមិនមានការប្រែប្រួលទេនោះ”។ លោកបន្តថា “មជ្ឈមណ្ឌលពាណិជ្ជកម្មនេះមានសណ្ឋាគារ អាផាតម៉ិនទំនើប ភោជនីយដ្ឋាន ការិយាល័យ Sky Bar ផ្សារទំនើប ហាងស្ទីម សោណា កន្លែងហាត់ប្រាណជាដើម”។
អាគារពាណិជ្ជកម្មភ្លោះនេះ មានចំនួនពីរអាគារ ដោយអាគារទី១មានកំពស់៤៣ជាន់ និងអាគារទី២មានកំពស់រហូតដល់៤៧ជាន់។
លោកសាស្រ្តាចារ្យទួស សាភឿនបានបន្តថា អាគារពាណិជ្ជកម្មនេះ សាងសង់រួចមិនលក់បន្តនោះទេ គឺក្រុមហ៊ុនរក្សាទុកសម្រាប់ប្រើប្រាស់ជាសេវាកម្មពាណិជ្ជកម្ម សម្រាប់ខេត្តកំពតតែម្តង៕