ប្រតិភូអន្តរជាតិមកពីប្រទេសចំនួន២១នឹងចូលរូមពិធីបុណ្យសមុទ្រ នាចុងសប្តាហ៍នេះ

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ប្រតិភូអន្តរជាតិជាង១៣០នាក់ មកពីប្រទេសចំនួន២១ជុំ​វិញពិភពលោក នឹងចូលរួមបុណ្យសមុទ្រ និងសន្និបាតក្លិបឆ្នេរសមុទ្រស្អាតជាងគេនាខែធ្នូនេះ។

ពិធីបុណ្យសមុទ្រ និងសន្និបាតក្លិបឆ្នេរសមុទ្រ ដែលស្អាតជាងគេលើសាកលលោក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨-១៤ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។

របាយការណ៍នេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំពិភាក្សា​ អំពីការត្រៀមរៀបចំព្រឹត្តិការណ៍ធំៗទាំង២ខាងលើ ដែលធ្វើឡើងនារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ (តាមវីដេអូzoom) លោក​ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ និងលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ (ផ្ទាល់) ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។

លោក ជុក ជំនោរ ប្រធាននាយកដ្ឋានជំរុញផលិតផលទេសចរណ៍នៃក្រសួងទេសចរណ៍ បានរាយការណ៍ថា គិតត្រឹមថ្ងៃទី៧ ខែធ្នូនេះ ប្រតិភូអន្តរជាតិដែលបញ្ជាក់ (Confirmed) ពីការធ្វើដំណើរមកចូលរួមព្រឹត្តិការណ៍នេះ គឺកើនឡើងរហូតដល់ជាង១៣០នាក់ហើយ។

លោកបានបន្តថា ប្រតិភូអន្តរជាតិទាំងនោះ គឺតំណាងឱ្យឆ្នេរសមុទ្រចំនួន៣៤ឆ្នេរ មកពីប្រទេសចំនួន២១ជុំវិញពិភពលោក ក្នុងនោះរួមមានមកពីវៀតណាម ចិន ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន អ៉ីស្រាអែល តួកគី បារាំង អេស្ប៉ាញ ព័រទុយហ្កាល់ កាណាដា ប្រេស៉ីល ម៉ាទីនិក(នៅសមុទ្រការីបង់) ម៉ារ៉ុក ម៉ូសំប៊ិក សេណេហ្កាល់ អង់ហ្គោឡា រួមទាំងប្រទេសកម្ពុជាដែលជាម្ចាស់ផ្ទះផងដែរ។

ក្រៅពីនេះក៏មានប្រតិភូតំណាង ឱ្យឆ្នេរសង្កេតការណ៍៣ទៀត រួមមានមកពីម៉ាឡេស៉ី ហ្វាំងឡង់ និងប៉ាពូអាស៉ីនូវែលហ្គីណេ។

លោកជុក ជំនោរ បានបន្តទៀតថា “ការណ៍ដែលមានប្រតិភូអន្តរជាតិចូលរួមច្រើនយ៉ាងដូច្នេះ ដោយសារថ្នាក់ដឹកនាំនិងប្រតិភូតំណាងឆ្នេរសមុទ្រទាំងនោះ មើលឃើញពីការខិតខំរៀបចំរបស់កម្ពុជា បូករួមទាំងស្ថានភាពជំងឺកូវីដ១៩មានភាពធូរស្រាល និងគ្រប់គ្រងបានយ៉ាងច្បាស់លាស់”។

កម្ពុជាក៏គ្រោងរៀបចំទស្សនកិច្ច ជូនប្រតិភូអន្តរជាតិខាងលើទៅកាន់គោលដៅទីក្រុងនៅភ្នំពេញ និងព្រះសីហនុ គោលដៅឆ្នេរសមុទ្រ បណ្ដាកោះល្បីៗ សហគមន៍អេកូទេសចរណ៍ពាមក្រសោប នៅខេត្តកោះកុង ព្រមទាំងសកម្មភាពជាច្រើនទៀត។​

ជាមួយគ្នានោះ លោកថោង ខុន បានបញ្ជាក់ថា នៅខេត្តតំបន់ឆ្នេរ គឺជាគោលដៅស័ក្តិសមបំផុត សម្រាប់ទទួលវត្តមានភ្ញៀវទេសចរ​​ នៅរដូវក្ដៅនេះ ខណៈកម្ពុជាក៏បានរៀបចំសោភ័ណភាពទីក្រុង ឆ្នេរសមុទ្រ កោះ ហេដ្ឋារចនាសម្ពន្ធក្នុងក្រុង ផ្លូវល្បឿនលឿន និងសេវាកម្មទេសចរណ៍នានារួចជាស្រេចក្នុងការស្វាគមន៍វត្តមានភ្ញៀវទេសចរទាំងនោះ។

លោកបញ្ជាក់ថា “ការផ្សារភ្ជាប់សន្និបាតក្លិបឆ្នេរសមុទ្រ ដែលស្អាតជាងគេលើសាកលលោក​​ ​ជាមួយព្រឹត្តិការណ៍បុណ្យសមុទ្រ នៅខេត្តព្រះសីហនុនេះ គឺរឹតតែពិសេសសម្រាប់ការបង្ហាញទៅកាន់ភ្ញៀវអន្តរជាតិ ក៏ដូចជាផ្សព្វផ្សាយ ទៅកាន់ទីផ្សារទេសចរក្រៅស្រុក ឱ្យបានឃើញពីផលិតផលទេសចរណ៍នៅខេត្តតំបន់ឆ្នេរ ក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរ”។

លោកថោង ខុន កាលណាកម្ពុជារៀបចំទស្សនកិច្ច ទៅកាន់គោលដៅទេសចរណ៍ទាំងនោះបានល្អ នោះនឹងជួយផ្សព្វផ្សាយពីគោលដៅទេសចរ​ ណ៍កម្ពុជា ទាំងមូលយ៉ាងប្រសើរបំផុត ពីព្រោះក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេនៅលើសាកលលោក គឺមានសមាជិក និងប្រព័ន្ធផ្សព្វផ្សាយច្រើនណាស់ ហើយក៏ដូចជាទីភ្នាក់ងារមួយក្នុងការផ្សព្វផ្សាយ ណែនាំ ចង្អុលបង្ហាញទៅកាន់ភ្ញៀវទេសចរ បានមានប្រសិទ្ធភាព បានន័យថា ប្រសិនបើក្លិបឆ្នេរនេះផ្សព្វផ្សាយ ពីគោលដៅទេសចរណ៍ទៅកាន់ភ្ញៀវទេសចរ នោះនឹងជួយបង្កើនការចូលមកទស្សនា ប្រទេសកម្ពុជាកាន់តែច្រើនទៀត ពោលគឺឱកាសនេះគឺជាឱកាសពិសេសខ្លាំងណាស់​ សម្រាប់វិស័យទេសចរណ៍កម្ពុជា។

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការដែលពាក់ព័ន្ធ គឺបានបង្ហាពីការសហការរៀបចំកិច្ចការងារទាំងឡាយក្នុងការប្រារព្ធពិធីបុណ្យសមុទ្រ និងសន្និបាតក្លិបឆ្នេរសមុទ្រ ដែលស្អាតជាងគេលើសាកលលោក។

លោកបញ្ជាក់ថា ការងារទាំងឡាយភាគច្រើន គឺរៀបចំបានច្រើនណាស់ហើយ នៅសល់តែកិច្ចការតិចតួចប៉ុណ្ណោះ ដែលត្រូវបន្តរៀបចំបន្ថែមទៀត សំដៅធ្វើយ៉ាងណាបង្កភាពសប្បាយរីករាយ ពង្រឹងសន្តិសុខ សណ្ដា​ប់ធ្នាប់ ការពារសុវត្ថិភាពដល់ថា្នក់ដឹកនាំ គណៈអធិបតី ប្រតិភូជាតិនិងអន្តរជាតិ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលចូលរួម​ក្នុងព្រឹត្តិការណ៍ធំៗទាំង២នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here