អបអរសាទរ! ឆ្នេរកម្ពុជាចំនួន១១ជាប់ជ័យលាភីជាឆ្នេរខ្សាច់កម្សាន្ត ស្អាតប្រចាំឆ្នាំ២០២២

1

ដោយៈ សុផារី

ព្រះសីហនុៈ ឆ្នេរខ្សាច់កម្សាន្តចំនួន១១ឆ្នេរ បានទទួលជ័យលាភីក្នុងការប្រឡងប្រណាំង ឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៣ ឆ្នាំ២០២២។

ក្នុងចំណោមឆ្នេរទាំងនោះ មានកម្រិតល្អណាស់ចំនួន៦ឆ្នេរ និងកម្រិតមធ្យមចំនួន៥ឆ្នេរ ក្នុងចំណោមឆ្នេរបេក្ខភាពចំនួន២៧ឆ្នេរ នៅក្នុងតំបន់ឆ្នេរសមុទ្រនៃខេត្តជាប់តំបន់ឆ្នេរទាំងបួនរបស់កម្ពុជា។

ការប្រគល់ជ័យលាភីនេះ ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាស្ដីពី ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ឆ្ពោះទៅការអបអរសាទរពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ អមជាមួយពិធីចែកបណ្ណសរសើរ និងលិខិតសរសើរដល់ប្រតិបត្តិករទេសចរណ៍ ខេត្តគោលដៅតំបន់ឆ្នេរ នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។

យោងតាមរបាយការណ៍របស់លោក មុំ បូវីល លេខាធិការក្រុមការងារទទួលបន្ទុកតាមដាន និងវាយតម្លៃឆ្នេរកម្សាន្ត នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា បានឱ្យដឹងថា បន្ទាប់ពីការដាក់ចេញនូវចលនាប្រឡងប្រណាំង ឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៣ ឆ្នាំ២០២២ ក្រុមការងារទទួលបន្ទុកតាមដាន និងវាយតម្លៃឆ្នេរខ្សាច់កម្សាន្ត បានចុះត្រួតពិនិត្យ និងវាយតម្លៃឆ្នេរបេក្ខភាពចំនួន២៧នៅតាមបណ្តាខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងនោះនៅខេត្តកែបមានចំនួន៦ឆ្នេរ ខេត្តកោះកុងចំនួន៥ឆ្នេរ និងខេត្តព្រះសីហនុចំនួន១៦ឆ្នេរ។

ឆ្នេរខ្សាច់កម្សាន្តដែលទទួលបានចំណាត់ថ្នាក់ជាឆ្នេរស្អាត “កម្រិតល្អណាស់” មានចំនួន៦ឆ្នេរ រួមមាន ខេត្តកែបមាន២ឆ្នេរ ឆ្នេរកែប និងឆ្នេរកោះទន្សាយ ខេត្តព្រះសីហនុមានចំនួន៤ ដូចចា ឆ្នេរសុខា ឆ្នេរអូរឈើទាល ឆ្នេរអូរត្រេះ និងឆ្នេរឋានសួគ៌។

ឆ្នេរខ្សាច់កម្សាន្ត ដែលទទួលបានចំណាត់ថ្នាក់ជាឆ្នេរស្អាត “កម្រិតមធ្យម” មានចំនួន៥ឆ្នេរ រួមមាន ខេត្តកោះកុងមាន១ឆ្នេរ ឆ្នេរកោងកាង ខេត្តព្រះសីហនុមាន៤ឆ្នេរ ឆ្នេរឯករាជ្យ ឆ្នេរសុខសាន្ត (គ្រប់គ្រងដោយសហគមន៍) ឆ្នេរកោះរ៉ុង និងឆ្នេរប្រាសាទ។

លោក មុំ បូវីល បានបញ្ជាក់ទៀតថា សម្រាប់ឆ្នេរខ្សាច់កម្សាន្តណាដែលមិនទទួលបានចំណាត់ថ្នាក់ ក្រុមការងារទទួលបន្ទុកត្រូវរៀបចំផែនការ និងមានចំណាត់ការកែលម្អជាបន្ទាន់ ហើយត្រូវវាយតម្លៃឡើងវិញនាពេល៣ខែបន្ទាប់៕

1 COMMENT

  1. ស្ដាប់ចំណងជើងអត្ថបទទៅស្មានតែបានទទួលជ័យលាភីក្នុងការប្រកួតអន្តរជាតិលោកព្រះ តាមពិតខ្មែរដាក់ពិន្ទុឱ្យខ្មែរសោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here