ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានធ្វើកិច្ចសហប្រតិបត្តិការ នាពេលអនាគតលើការគ្រប់គ្រងអនាម័យ និងការងារទឹកកខ្វក់របស់អគ្គនាយក ដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ជាមួយវិទ្យាស្ថានAgro Paris Tech នៃប្រទេសបារាំង។
កិច្ចប្រជុំនេះមានការចូលរួមពី លោករស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកស្រីMaria Magana នាយិកាវិទ្យាស្ថានAgro Paris Tech និងលោក Wilfried Ligan ប្រធាន គ្រប់គ្រងគម្រោងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។
-->

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីជួបសម្ដែងការគួរសមពីសំណាក់តំណាងភាគីខាងវិទ្យាស្ថាន Agro Paris Tech ដើម្បីបង្កើតកិច្ចសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនលើការគ្រប់ គ្រងអនាម័យ និងការងារទឹកកខ្វក់នៅរាជធានីភ្នំពេញ និងរាជធានី-ខេត្តមួយចំនួនផងដែរ។
អង្គប្រជុំបានពិភាក្សា លើការរៀបចំផែនការបណ្ដុះបណ្ដាល របស់អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងកម្មវិធីសិក្សា ដើម្បីត្រៀមរៀបចំកិច្ចសហការចុះអនុស្សរណៈយោគយល់ រវាងវិទ្យាស្ថានAgro Paris Tech និងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅឆ្នាំ២០២៣ខាងមុខនេះ។

លោករស់ វណ្ណាបានសម្តែងការស្វាគមន៍យ៉ាង កក់ក្ដៅចំពោះការអញ្ជើញជួបសម្ដែងការគួរសម ពីសំណាក់តំណាងវិទ្យាស្ថាន Agro Paris Tech និងបានបង្ហាញប្តេជ្ញាយ៉ាងមុតមាំ លើកិច្ចសហប្រតិបត្តិការនាពេលអនាគតលើការគ្រប់គ្រងអនាម័យ និងការងារទឹកកខ្វក់ជាមួយវិទ្យាស្ថាននេះ។
ជាមួយគ្នានោះដែរ ភាគីខាងវិទ្យាស្ថាន Agro Paris Tech បានស្នើសុំ លោកប្រធានអង្គប្រជុំបង្កើត កិច្ចសហការជាមួយអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ផ្អែកទៅលើការបណ្ដុះបណ្ដាល និងកម្មវិធីសិក្សាមួយចំនួនជាមួយនឹងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផងដែរ។

ជាលទ្ធផល លោករស់ វណ្ណា បានទទួលយកសំណើរបស់ភាគីAgro Paris Tech និងបានស្នើឱ្យវិទ្យាស្ថាននេះ ពន្លឿនកិច្ចសហប្រតិបត្តិការឱ្យបានឆាប់រហ័ស ដើម្បីត្រៀមលទ្ធភាពចុះ អនុស្សរណៈយោគយល់ រវាងវិទ្យាស្ថានAgro Paris Tech និងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៅឆ្នាំ២០២៣ ឆាប់ៗខាងមុខនេះ៕
