ស្ថានភាពទិញលក់ដីធ្លីនៅខេត្តកែបរក្សាសភាពទ្រឹងនៅចុងឆ្នាំ ២០២២នេះ

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ស្ថានភាពនៃការទិញលក់ដីធ្លី នៅក្នុងខេត្តកែបដែលជាតំបន់ទេសចរណ៍ ដ៏មានសក្ដានុពលមួយរប់សកម្ពុជា នៅចុងឆ្នាំ២០២២នេះ ហាក់មានសភាពទ្រឹងនៅឡើយ ដោយមិនទាន់មានការទិញលក់ច្រើនដូចកាលមុនកូវីដ១៩ទេ។

លោកងិន ភារម្យ ភ្នាក់ងារអចលនទ្រព្យមួយរូបប្រចាំខេត្តកែបបានលើកឡើងតាមរយៈទូរស័ព្ទកាលពីថ្ងៃទី៨ ធ្នូថា ក្នុងរយៈពេលចុងក្រោយនេះ ការទិញលក់ដីធ្លី នៅក្នុងខេត្តកែបមិនទាន់មានភាពប្រសើរនៅឡើយទេ ប៉ុន្តែការទិញ លក់នៅតែមានគ្រាន់តែមិនច្រើន។ បានន័យថាដីធ្លីនៅក្នុងខេត្តកែប នៅតែមានអ្នកទិញអ្នកលក់ ហើយក្នុងទម្រង់តូចៗ ជាការដោះដូររវាងពលរដ្ឋនិងពលរដ្ឋ ។

លោកបន្តថា “ការទិញលក់ដីធ្លីនៅក្នុងខេត្តកែប ភាគច្រើនទិញដើម្បីទុកវិនិយោគផងដែរ ដោយទិញហើយទុកលក់វិញនៅពេលដីឡើងថ្លៃ តែក៏មានអ្នកទិញ ដើម្បីត្រៀមអភិវឌ្ឍន៍ដោយខ្លួនឯង ជាពិសេសភ្ញៀវមក ពីរាជធានីភ្នំពេញ”។ លោកបន្តថា “អ្នកខ្លះទិញទុកសម្រាប់សង់ជាផ្ទះលំហែកាយជារីសត ពីព្រោះតែខេត្តកែបជាខេត្តតំបន់ទេសចរណ៍ ដ៏មានសក្ដានុពលមួយក្នុងចំណោមខេត្តតំបន់សមុទ្រ”។

លោកភារម្យរំពឹងថា នៅពេលស្ថានភាពបានល្អប្រសើរជាងនេះ ការទិញលក់នៅក្នុងខេត្តកែប នឹងអាចប្រសើរដូចគ្នា ដោយសារតែរដ្ឋាភិបាលជាពិសេសរដ្ឋបាលខេត្តមួយនេះ កំពុងតែសាងសង់ឆ្នេរកម្សាន្តបន្ថែម ដែលធ្វើឱ្យភ្ញៀវទេសចរអាចកម្សាន្តបានយូរ និងមានកន្លែងកម្សាន្តច្រើនជាងមុន ។ យ៉ាងណាក្ដីសម្រាប់តម្លៃដីធ្លីនៅក្នុងខេត្តកែប នាពេលបច្ចុប្បន្ននេះនៅតែរក្សាលំនឹងថេរមិនឡើងមិនចុះ ហើយសម្រាប់ដីដែលម្ចាស់ជាអ្នកមាននិងជាអ្នកនៅក្រៅប្រទេស កាត់តម្លៃកាន់តែខ្ពស់ ។

ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងផងដែរថា កំពតនិងកែបជាខេត្តដែលនៅជិតគ្នា និងនៅមិនឆ្ងាយពីរាជធានីភ្នំពេញ។ អ្វីដែលពិសេសនោះគឺផ្លូវពីភ្នំពេ​ញទៅកាន់ខេត្តទាំងពីរ ក៏ងាយស្រួលក្នុងការធ្វើដំណើរ ដូច្នេះភ្ញៀវទេសចរអាចធ្វើដំណើរទៅលេងហើយ ត្រលប់មកភ្នំពេញវិញក្នុងថ្ងៃតែមួយបានស្រួលផងដែរ ។

លោកបន្តថា “សក្ដានុពលអភិវឌ្ឍន៍អចលនទ្រព្យ នៅក្នុងខេត្តទាំងពីរនេះ គឺមានវិស័យទេសចរណ៍ ដោយអភិវឌ្ឍន៍លំនៅឋានលំហែកាយ រីសត សណ្ឋាគារ ភោជនីយដ្ឋានជាដើម”៕

LEAVE A REPLY

Please enter your comment!
Please enter your name here