អាជ្ញាធរអចលនទ្រព្យថៃមានសុទិដ្ឋិនិយមលើការទិញលក់ដីធ្លីនៅឆ្នាំ២០២៣ខាងមុខ

0

ដោយ: លាងហួរ

បាងកក:អាជ្ញាធរអចលនទ្រព្យឧស្សាហកម្ម របស់ប្រទេសថៃ (IEAT) បានព្យាករណ៍ថា ខ្លួននឹងអាចលក់ ឬជួលដី ដែលមានទំហំប្រហែល៤០០ហិកតា ទៅកាន់វិនិយោគិននៅឆ្នាំ២០២៣ខាងមុខ។

លោក Wiris Amrapal អភិបាលនៃអាជ្ញាធរឧស្សាហកម្មរបស់ប្រទេសថៃ (IEAT)បានរំពឹងទុកថា ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក រួមជាមួយនឹងការអភិវឌ្ឍអចលនទ្រព្យរបស់ IEAT ដើម្បីទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) នឹងបណ្តាលឱ្យមានកំណើននៃការលក់ ឬជួលអចលនទ្រព្យកាន់តែច្រើនឡើង។

លោកបានបន្តថា លំហូរវិនិយោគផ្ទាល់ពីបរទេស  កំពុងតែចាប់ផ្តើមកើនឡើងជាថ្មី  ដោយក្រុមហ៊ុនក្រៅប្រទេសនានាជាច្រើន កំពុងស្វែងរកឱកាសវិនិយោគ នៅក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត ចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា បន្ទាប់ពីប្រទេសថៃ បានចាប់ផ្តើមចេញទិដ្ឋាការស្នាក់នៅរយៈពេលវែង។

គិតចាប់ពីខែកញ្ញា ឆ្នាំ២០២១ដល់ខែតុលា ឆ្នាំ២០២២នេះ IEAT បានលក់  ឬជួលអចលនទ្រព្យចំនួន២០១៦,១៤រ៉ៃ កើនឡើង៦៥​,១ភាគរយ  ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ។

លោក Wiris បានបន្ថែមថា គម្រោងអភិវឌ្ឍន៍សំខាន់ៗរបស់ IEAT  ដែលបានសម្រេចវឌ្ឍនភាព គួរឱ្យកត់សម្គាល់នៅឆ្នាំ២០២២នេះរួមមាន ទី១: គម្រោង​កំពង់ផែ​ឧស្សាហកម្ម​“Map Ta Phut” ដំណាក់កាល​ទី​៣  ដែល​ការ​សាងសង់​សម្រេច​បាន​៣០,៣ភាគរយ។

ទី២: សួនឧស្សាហកម្ម“Smart Park”ដែលការសាងសង់សម្រេចបាន៣៨,៦៥ភាគរយ។ ទី៣: តំបន់សេដ្ឋកិច្ចពិសេស (SEZ) ដែលការសាងសង់បានបញ្ចប់ទាំងស្រុង  និងមានវិនិយោគិនចំនួន៦រូប បានចូលមកបណ្តាក់ទុន។

ទី៤: រោងចក្រឧស្សាហកម្មចំនួន២ ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Sivachai Co Ltd និងក្រុមហ៊ុន Green Utility Holding និងទី៥គម្រោង​កាត់​បន្ថយ​ ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដែលបច្ចុប្បន្ននេះ​គ្របដ ណ្តប់លើរោងចក្រ​ចំនួន៣១៕

LEAVE A REPLY

Please enter your comment!
Please enter your name here