ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយរបស់កម្ពុជា WorldBridge Group និងក្រុមហ៊ុនJaymart Group របស់ប្រទេសថៃបានចុះហត្ថលេខាលើអនុស្សរណៈមួយ ក្នុងការបង្កើតក្រុមហ៊ុនធ្វើអាជីវកម្មក្នុងវិស័យអចលនទ្រព្យថ្មីមួយនៅក្នុងប្រទេសកម្ពុជា។
ក្រោយការចុះហត្ថលេខាលើអនុស្សរណៈនេះ ក្រុមហ៊ុនទាំងពីរនឹងបន្តធ្វើការលើផ្នែកច្បាប់ និងនីតិវិធីក្នុងការស្នើសុំចុះបញ្ជី ជាក្រុមហ៊ុនអចលនទ្រព្យថ្មី។
-->
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយពិធីចុះហត្ថលេខាកាលពីថ្ងៃទី៩ ធ្នូ ២០២២ អ្នកឧកញ៉ាសៀ ឬទ្ធី ប្រធានក្រុមប្រឹក្សានៃក្រុមហ៊ុន WorldBridge Groupបានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនៃក្រុមហ៊ុនទាំងពីរ(កម្ពុជា ថៃ )នឹងបង្កើតនូវក្រុមហ៊ុនថ្មីមួយ ផ្ដោតលើវិស័យ៣ រួមមាន ក្រុមហ៊ុនហិរញ្ញវត្ថុ អេឡិចត្រូនិក និងអចលនទ្រព្យ។
អ្នកឧកញ៉ាបន្តថា “ដោយមើលឃើញថាក្រុមហ៊ុន Jaymart Group មានបទពិសោធន៍លើការងារក្នុងវិស័យទាំងបី ទើបក្រុមហ៊ុនយើងសម្រេចក្នុងការចាប់ដៃជាមួយគ្នា ដើម្បីបង្កើតនូវក្រុមហ៊ុនថ្មី ដែលនឹងបង្កើតការងារជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជា”។ លោកបន្តថា “វិស័យទាំងបី ដែលក្រុមហ៊ុនទាំងពីរនឹងបង្កើតក្រុមហ៊ុនឡើង ក្នុងប្រទេសកម្ពុចាគឺជាវិស័យដែលកំពុងមានតម្រូវការនៅក្នុងប្រទេសកម្ពុជា ហើយអ្វីដែលពិសេសនោះក្រុមហ៊ុនJaymart Group ជាក្រុមហ៊ុនដែលមានភាពជោគជ័យ ក្នុងប្រទេសថៃរួចទៅហើយ និងមានបុត្រសម្ព័ន្ធជាច្រើនក្រុមហ៊ុនផងដែរ”។

អ្នកឧកញ៉ាសៀ ឬទ្ឋីបានបន្ថែមថា កិច្ចសហប្រតិបត្តិការនេះដែរ នឹងនាំមកនូវចំណេះដឹង បទពិសោធន៍ថ្មីៗរបស់Jaymart Group មកកាន់ប្រទេសកម្ពុជា ដែលជាផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចកម្ពុជាទាំងមូលតាមរយៈការបង្កើតក្រុមហ៊ុនថ្មីៗ ។
ជាមួយគ្នានេះ លោក Adisak Sukumvitaya នាយកប្រតិបត្តិក្រុមហ៊ុន Jaymart Public Company Limited បានឱ្យដឹងថា ក្រុមហ៊ុន Jaymart Group ជាក្រុមហ៊ុនវិនិយោគខាងបច្ចេកវិទ្យ ដែលមានប្រព័ន្ធអេកូឡូពេញលេញ រាប់ចាប់ពីអាជីវកម្មពាណិជ្ជកម្ម ហិរញ្ញវត្ថុនិងបច្ចេកវិទ្យា ។
លោកជឿជាក់ថា “ការពង្រីកប្រព័ន្ធអេកូឡូស៊ី ទាមទារឱ្យមានការបន្ថែមដៃគូ ដែលរួមគ្នាអាចធ្វើឱ្យអាជីវកម្មមានការរីកចម្រើន ជាពិសេសនៅពេលពង្រីកបណ្ដាញប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត”។
លោកឧកញ៉ាចេង ខេង អគ្គនាយកក្រុមហ៊ុនCPL បានមានប្រសាសន៍ថា អាជីវកម្មអចលនទ្រព្យនៅតែជាអាជីវកម្ម ដែលពេញនិយម និងសាងភាពមានបាន ដល់អ្នកធ្វើអាជីវកម្មនេះ។ ដូច្នេះហើយ ទោះបីជាកម្ពុជាជួបវិបត្តិនឹងកូវីដ១៩ក្ដី ក៏អាជីវកម្មអចលនទ្រព្យនៅតែមានសកម្មភាព និងដំណើរការល្អប្រសើរ ខណៈអាជីវកម្មផ្សេងមួយចំនួនទៀត បានផ្អាកនិងបិទ ទ្វារ៕
