ក្រុមហ៊ុនអាកាសចរណ៍Cambodia Air Asia នឹងពង្រីកជើងហោះហើរទៅកាន់តំបន់អាស៊ាននិងអាស៊ីខាងជើង

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍Cambodia Air Asia ដែលច្របាច់​បញ្ចូលគ្នារវាងក្រុមហ៊ុនAir Asia និងក្រុមហ៊ុនSivilai Asia បានបង្ហាញពីផែនការពង្រីកជើងហោះហើរទៅកាន់តំបន់អាស៊ាន និងពិភពលោក។

ព៌តមាននេះត្រូវបានលើកឡើង នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំ Rosewood Hotel ក្រោមអធិបតីភាពលោកម៉ៅ ហាវណ្ណាល់​រដ្ឋមន្រ្តីប្រតោភូអមនាយករដ្ឋមន្រ្តី ទទួលបន្តូករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងលោក Tony Fernandes នាយកប្រតិបត្តិនៃ Capital A និង Vissoth Nam នាយកក្រុមហ៊ុន Sivilai Asia ព្រមទាំងដៃគូសហការ និងអ្នកវិនិយោគជាច្រើននាក់។

លោកបណ្ឌិតម៉ៅ ហាវណ្ណាល់បានថ្លែងឲ្យដឹងថា ស្ថានភាពពិភពលោ​កបច្ចុប្បន្នយើងឃើញថា ឧស្សាហកម្មអាកាសចរណ៍កំពុងប្រឈម នឹងការងើបឡើងវិញមិនស្មើគ្នា ដោយសារជំងឺរាតត្បាតកូវីដ-១៩។ ទោះបីជាយ៉ាងណាក៏ដោយ ក៏មានការបន្តកើនឡើងដែរ ហើយជារួមនៅក្នុងឆមាសទីពីរនៃឆ្នាំ២០២២ រាជរដ្ឋភិបាលកំពុងជំរុញឲ្យឧស្សាហកម្មអាកាសចរណ៍ ខិតទៅជិតការងើបឡើងឲ្យបានពេញលេញវិញ។

លោកបណ្ឌិតបានបន្ថែមថា នៅក្នុងតំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ យើងមានការស្ទុះងើបឡើងវិញ នៃការដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិយឺតបន្តិចនោះ ក៏ដោយសារតែមូលហេតុ “គោលនយោបាយហ្សេរ៉ូ-កូវីដ របស់ប្រទេសចិន ដែលធ្វើឲ្យប្រភពភ្ញៀវអន្តរជាតិដ៏ធំនេះ មិនទាន់អាចបំពេញបន្ថែម ឲ្យស្មើនឹងចំនួនអ្នកដំណើរនៅឆ្នាំ២០១៩ នៅឡើយ។

ជាក់ស្តែងនៅក្នុងរបាយការណ៍ខែសីហា ឆ្នាំ២០២២ របស់អង្គការអា​កា​សចរស៊ីវិលអន្តរជាតិ ICAO បានព្យាករណ៍ពីសមត្ថភាពជើងហោះហើរអន្តរជាតិ របស់ក្រុមហ៊ុនអាកាសចរណ៍ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងងើបឡើងវិញយ៉ាងខ្លាំងនៅឆ្នាំ២០២២ ដែលនឹងអាចឈានដល់ ៧៩% ទៅ ៩០% បើប្រៀបធៀបទៅនឹងតួលេខឆ្នាំ២០១៩។

លោកបណ្ឌិតម៉ៅ ហាវណ្ណាល់បានបន្តថា យ៉ាងណាមិញនៅក្នុងប្រទេសកម្ពុជា កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការរក្សាបាននូវកំណើនសេដ្ឋកិច្ចជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងស្មារតីប្រុងប្រយ័ត្នខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, កម្ពុជាបានបន្តពង្រឹងសេដ្ឋកិច្ច សហប្រតិបត្តិការកាន់តែមានភាពប្រទាក់ក្រឡា និងស្អិតរមួតជាមួយដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធទាំងអស់ ជាពិសេ​សបានដាក់ចេញនូវកញ្ចប់គោលនយោបាយ និងវិធានការអន្តរាគមន៍ក្នុងផ្នែកសេដ្ឋកិច្ច សង្គម និងហិរញ្ញវត្ថុ ប្រកបដោយភាពបុរេសកម្ម និងប្រាកដនិយម ដើម្បីគ្រប់គ្រងសកម្មភាពនៃវិបត្តិជំងឺកូវីដ-១៩ និងរក្សាលំនឹងសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជនឡើងវិញ។

ក្រុមហ៊ុនអាកាសចរណ៍ថ្មីនេះ នឹងពង្រឹងម៉ាកយីហោរបស់AirAsia នៅកម្ពុជា និងឥណ្ឌូចិនបន្ថែមទៀត ដោយផ្តល់ឲ្យក្រុមហ៊ុន AirAsia នូវលទ្ធភាពកាន់តែច្រើន ទៅកាន់ទីផ្សារក្នុងស្រុករបស់ខ្លួន ហើយសំខាន់បំផុត គឺការភ្ជាប់ទៅកាន់ទីផ្សារអន្តរជាតិ ទូទាំងតំបន់អាស៊ាន អាស៊ីខាងជើង និងលើសពីនេះ។

ក្រុមហ៊ុនអាកាសចរណ៍ថ្មីនេះនឹងអនុញ្ញាតឲ្យ AAAGL ដំណើរការទៅកាន់ទីផ្សារដែលមានស្រាប់ផ្សេងៗ ដែលមានវត្តមាន និងប្រតិបត្តិការរួចហើយ ដើម្បីបង្កើតទំហំ ការតភ្ជាប់បណ្តាញ និងកាត់បន្ថយថ្លៃដើមប្រតិបត្តិការបន្ថែមទៀត។ ក្រុមហ៊ុនអាកាសចរណ៍Air Asia Cambodia មានគោលបំណងជំរុញបន្ថែមទៀត នូវឧស្សាហកម្មអាកាសចរណ៍ និងទេសចរ​ណ៍កម្ពុជា ចាប់ផ្តើមគោលដៅថ្មីគួរឲ្យរំភើប បង្កើតការងារ និងនាំមកនូវប្រតិ​បត្តិការតម្លៃទាបពិតប្រាកដ ដល់ប្រជាជនក្នុងប្រទេស៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here