តំបន់ប៉ែកខាងជើងភ្នំពេញកាន់តែទាក់ទាញគំរោងងភិវឌ្ឍន៍ធំៗ កាន់តែច្រើន

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ តំបន់ប៉ែកខាងជើងរាជធានីភ្នំពេញ ដែលសំដៅលើតំបន់ជុំវិញពហុកីឡដ្ឋានជាតិមរតកតេជោ និងតំបន់ជុំវិញ បានបង្ហាញពីសក្ដានុពល និងការទាក់ទាញកាន់តែខ្លាំងដល់វិនិយោគិន ក្នុងវិស័យអចលនទ្រព្យ ក្រោយពីសំណង់អច្ឆរិយៈមួយចំនួន បានលេចរូបរាងនៅតំបន់ខាងជើង។

ជាការកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សំណង់វិមានឈ្នះឈ្នះ សំណង់ពហុកីឡដ្ឋានជាតិមរតកតេជោ បានសាងសង់រួច មានវិនិយោគិនជាច្រើន បានចាប់អារម្មណ៍លើតំបន់នោះ និងបានអភិវឌ្ឍន៍របស់ខ្លួនជាបន្តបន្ទាប់ ដូចជាផ្សារទំនើប សំណង់លំនៅឋានរបស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំៗក្នុងស្រុកនិងមកពីក្រៅប្រទេសជាដើម ។

លោកសុទ្ធ សុធារ៉ាអ្នកគ្រប់គ្រងអភិវឌ្ឍន៍សំណង់ខុនដូមួយកន្លែងនៅជាប់ នឹងពហុកីឡដ្ឋានជាតិមរតកតេជោបានមានប្រសាសន៍ឲ្យដឹងកាលពី​ថ្ងៃទី៩ ធ្នូកន្លងមកថា លោកមើលឃើញថាតំបន់ប៉ែកខាងជើង រាជធានីភ្នំពេញ ជាពិសេសនៅជុំវិញពហុកីឡដ្ឋានជាតិថ្មីរបស់យើង មានការអភិវឌ្ឍនិងទាក់ទាញកាន់តែច្រើន ហើយនៅឆ្នាំ២០២៣ខាងមុខនេះ សំណង់ជាច្រើន នៅជិតពហុកីឡដ្ឋានជាតិមរតកតេជោ នឹងសង់រួចជាបន្តបន្ទាប់និងអាចធ្វើឱ្យតំបន់នេះកាន់តែអ៊ូរអរបន្ថែមទៀត។

ការកើនឡើងសំណង់ និងការអភិវឌ្ឍនៅតំបន់ប៉ែកខាងជើងភ្នំពេញនេះដែរ បានជំរុញឱ្យសន្ទុះតម្លៃដីធ្លីកាន់តែកើនឡើង ជាពិសេសចាប់តាំងពីគល់ស្ពានជ្រោយចង្វារ តាមបណ្ដោយផ្លូវជាតិលេខ៦អា រហូតដល់ផ្លូវឈ្នះឈ្នះ។ តំបន់នេះឃើញមានក្រុមហ៊ុនអភិវឌ្ឍន៍ លំនៅឋានធំៗជាច្រើនបន្តអភិវឌ្ឍគម្រោងថ្មីៗ ដើម្បីផ្គត់ផ្គង់ទៅតាមតម្រូវការអតិថិជន ។

អ្នកស្រីហ្គ្រេស រចនីអគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យCentury 21 Cambodia បានលើកឡើងថា តំបន់ប៉ែកខាងជើងរាជធានីភ្នំពេញនឹងកាន់តែទាក់ទាញអ្នកវិនិយោគបន្ថែម ក្រោយព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣។

អ្នកស្រីបន្តថា “ភ្ញៀវបរទេសជាច្រើន ដែលនឹងមកទស្សនាការប្រកួតកីឡានេះនឹងធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៦អា ទៅកាន់ពហុកីឡដ្ឋានដូច្នេះ ពួកគាត់នឹងឃើញតំបន់នេះមុនគេ នឹងឃើញពីសក្ដានុពលមុនគេ”។

អ្នកស្រីបានបន្តថា ជាទស្សនរបស់អ្នកស្រីនៅឆ្នាំ២០២៣តទៅ កម្ពុជានឹងអាចទទួលបាននូវការវិនិយោគពីបរទេសឡើងវិញ ហើយកម្ពុជាក៏គួរតែត្រៀមខ្លួន ក្នុងការស្វាគមន៍វិនិយោគិនបរទេស ដែលនឹងចូលមកកម្ពុជាឡើងវិញផងដែរ ដូចជាទីតាំង ផ្លូវច្បាប់ និងធនធានមនុស្សជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here