ដោយ: លាងហួរ
ប៉េកាំង: ប្រទេសចិនគ្រោងបោះផ្សាយមូលបត្រ បំណុលរតនាគារពិ សេស ដែលមានតម្លៃ៧៥០ពាន់លានយ័ន (១០៧,៩៣ពាន់លានដុល្លារ)នៅថ្ងៃទី១២ ខែធ្នូខាងមុខ ដើម្បីជំរុញដល់វិស័យសេដ្ឋកិច្ច។
ក្រុមអ្នកសង្កេតការណ៍បានលើកឡើងថា ការបោះផ្សាយមូលបត្របំណុលដ៏កម្រនេះជាធម្មតា បម្រើតម្រូវការហិរញ្ញប្បទាន សម្រាប់គម្រោងជាតិសំខាន់ៗ ជាក់លាក់ក្នុងគ្រាមានអាសន្ន និងបង្ហាញពីសញ្ញាគោលនយោបាយដ៏សំខាន់ និងការប្តេជ្ញាចិត្តពីសំណាក់រដ្ឋាភិបាលកណ្តាល ។
ការបោះផ្សាយមូលបត្រនេះ មានគោលបំណង ក្នុងការប្រមូលមូលនិធិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកិច្ចការសង្គម។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ នៅលើគេហទំព័រផ្លូវការរបស់ក្រសួងហិរញ្ញវត្ថុចិន។
លោក Dong Dengxin នាយកវិទ្យាស្ថានហិរញ្ញវត្ថុ និងមូលបត្រនៃសាកលវិទ្យាល័យWuhan University of Science and Technology បានអះអាងប្រាប់ កាសែតGlobal Timesថា ការបោះផ្សាយមូលបត្របំណុលនេះ ធ្វើឡើងនៅពេលដ៏ពិសេសមួយ ខណៈប្រទេសចិនកំពុងបង្កើនល្បឿននៃការចាប់ផ្តើមសេដ្ឋកិច្ចឡើងវិញ ហើយទីផ្សារក៏ត្រូវការការជំរុញបន្ថែមទៀត។
លោក Dong បានកត់សម្គាល់ថា ប័ណ្ណរតនាគារពិសេស គឺជា“ថវិកាពិសេស” ដែលមិនត្រូវបានរាប់បញ្ចូល ក្នុងការគណនាឱនភាព ប៉ុន្តែប័ណ្ណរតនាគារនេះ ត្រូវបានផ្តល់ជូនសម្រាប់គម្រោងសំខាន់ៗ ជាក់លាក់នៅពេលពិសេស ដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុ ឬការធ្វើកំណែទម្រង់សំខាន់ៗ៕