ទំហំពាណិជ្ជកម្មនាំចេញសរុបរបស់កម្ពុជាសម្រេចបានទឹកប្រាក់២០,៤ពាន់លានដុល្លារក្នុងរយៈពេល១១ខែដំបូង

0

ដោយ: លាងហួរ

ភ្នំពេញ: យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានបង្ហាញឱ្យដឹងនៅថ្ងៃច័ន្ទនេះថា ប្រទេសកម្ពុជាបាននាំចេញផលិតផ​លសរុប មានតម្លៃទឹកប្រាក់២០,៤ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំ២០២២នេះ។

តួលេខខាងលើនេះ បានកើនឡើង១៨ភាគរយ ពី១៧,៣ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយ​ការណ៍​ដដែលបាន​បន្ត​ថា ផលិតផល​​នាំ​ចេញ​សំខាន់​ៗរបស់កម្ពុជា រួម​មាន​ សម្លៀក​បំពាក់ ស្បែកជើង ផលិតផលធ្វើ​ដំណើរ កង់ និង​ទំនិញ​កសិកម្ម​មួយ​ចំនួន​ដូច​ជា អង្ករ កៅស៊ូ ដំឡូងមី ចេក និង​ស្វាយ។

របាយ​ការណ៍​ដដែលបាន​បន្ថែម​ថា ទិសដៅ​នាំ​ចេញ​កំពូល​ទាំង​៥សម្រាប់​កម្ពុជា​ ក្នុង​អំឡុង​ខែ​មករា​ ដល់​ខែ​វិច្ឆិកា​ឆ្នាំ​២០២២នេះ​ គឺ​សហរដ្ឋ​អាមេរិក វៀតណាម ចិន អាល្លឺម៉ង់ និង​ប្រទេសជប៉ុន។

ជាមួយគ្នានេះដែរ កម្ពុជាបានកត់ត្រាទំហំ នៃការនាំចូលសរុបចំនួន២៧,៧ពាន់លានដុល្លារ  ពោលគឺកើនឡើង៩ភាគរយ ពី២៥,៤ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន  ដោយទំនិញនាំចូលសំខាន់ៗរួមមានប្រេង ឧស្ម័ន វត្ថុធាតុដើមសម្រាប់ផលិតសម្លៀកបំពាក់ ស្បែកជើង ទំនិ​ញធ្វើដំណើរ យានជំនិះ គ្រឿងយន្ត គ្រឿងអេឡិចត្រូនិច និងផលិតផលប្រើប្រាស់ផ្សេងៗ។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ែន សុវិជាតិ បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA)  ដែលបានចូលជាធរមានកាលពីដើមឆ្នាំនេះ គឺជាកត្តាចូលរួមចំណែក ក្នុងការជំរុញការនាំចេញរបស់ប្រទេសកម្ពុជា។

លោកបានបញ្ជាក់ប្រាប់សារពត៌មានចិន Xinhua ថា កំណើននៃការនាំចេញរបស់យើង គឺជាសក្ខីភាពមួយចំពោះ ការចូលទៅកាន់ទីផ្សារកាន់តែធំ នៃផលិតផល របស់យើងទៅកាន់ប្រទេសជាសមាជិកRCEP រួមទាំងប្រទេសចិនក្រោមពន្ធអនុគ្រោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here