ទីផ្សារអចលនទ្រព្យខេត្តកំពង់ចាមរំពឹងល្អប្រសើរឡើង ស្របគម្រោងផ្លូវមួយខ្សែគ្រោងបើកការដ្ឋាននៅដើមខែក្រោយ

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ ពីស្គន់ទៅក្រុងកំពង់ចាម គ្រោងនឹងបើកការដ្ឋានសាងសង់នៅដើមខែមករា ឆ្នាំ២០២៣ខាងមុខនេះ។ គម្រោងផ្លូវជាតិមួយខ្សែនេះនឹងជំរុញឱ្យស្ថានភាពទីផ្សារអចលនទ្រព្យនៅខេត្តកំពង់ចាមមានសកម្មភាពកើនឡើងវិញ ខណៈបច្ចុប្បន្នទីផ្សារអចលនទ្រព្យនៅខេត្តមួយនេះនៅមានភាពមិនច្បាស់នៅឡើយ។

យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះឱ្យដឹងថាគម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ នឹងបើកការដ្ឋានសាងសង់ ដំណាលគ្នានឹងស្ពានឆ្លងទន្លេមេគង្គ-ខេត្តក្រចេះ នៅដើមខែមករា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក ថេន សុថុល ប្រធានសាខានៃ ក្រុមហ៊ុន KW ប្រចាំខេត្តកំពង់ចាម បានមានប្រសាសន៍នៅថ្ងៃទី១២ ខែធ្នូនេះថា គម្រោងសាងសង់ផ្លូវភ្លោះលេខ៧ ពីស្គន់ ទៅក្រុងកំពង់ចាមនេះ គឺជាគម្រោងមួយដែលទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិ មកកាន់ទឹកដីខេត្តកំពង់ចាមបន្ថែមទៀត។ គម្រោងនេះអាចធ្វើឱ្យការវិនិយោគនៅក្នុងខេត្តកំពង់ចាមមានសន្ទុះកំណើនឡើងវិញ ស្របពេលបច្ចុប្បន្ននេះទីផ្សារអចលនទ្រព្យនៅក្នុងខេត្តមួយនេះនៅមានសភាពទ្រឹងនៅឡើយ។

លោកបង្ហាញក្តីរំពឹងថា “ក្រោយគម្រោងផ្លូវជាតិមួយនេះបើកការដ្ឋានសាងសង់ជាផ្លូវការ ទីផ្សារនិងការស្វែងរកការវិនិយោគពីសំណាក់វិនិយោគិននឹងកាន់មានតែច្រើន ជាពិសេស នៅតាមបណ្ដោយផ្លូវជាតិលេខ៧ ពីស្គន់ទៅក្រុងកំពង់ចាម។ នៅពេលនេះ ក៏មានគម្រោងឯកជនមួយចំនួន ដែលបាន និងកំពុងត្រៀមវិនិយោគ និងអភិវឌ្ឍ ដូចជា គម្រោងសាងសង់ផ្ទះល្វែង ដីឡូតិ៍ និងរោងចក្រឧស្សាហកម្ម ជាដើម”។

លោកសុថុលបានបន្ថែមថា “យើងទទួលស្គាល់ថា បច្ចុប្បន្ននេះ ស្ថានភាពទីផ្សារ និងហាងឆេងអចលនទ្រព្យ មិនថាតែនៅកំពង់ចាម ឬក៏នៅបណ្ដាខេត្តផ្សេងទេ គឺសុទ្ធតែជួបបញ្ហា ប៉ុន្តែសម្រាប់កំពង់ចាម គឺមានគម្រោងអភិវឌ្ឍន៍ ខ្លះគាំង ខ្លះក៏នៅតែមានសកម្មភាពដំណើរការ គឺមិនមែនជាទូទៅទាំងអស់ទេ ដោយក្រុមហ៊ុនតែប៉ុណ្ណោះ”។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា គម្រោងផ្លូវជាតិលេខ៧នឹងត្រូវចំណាយថវិកាប្រមាណជាង១០០លានដុល្លារ ដើម្បីសាងសង់លើកកម្ពស់គុណភាពផ្លូវមួយខ្សែ ដែលជាហិរញ្ញប្បទានសម្បទានរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here