ផ្ទះលម្ហែបែបជំរំព្រៃភ្នំដ៏ប្រណីតរបស់កម្ពុជា ជាប់ឈ្មោះជាសណ្ឋាគារថ្លៃបំផុតប្រចាំអាស៊ីអាគ្នេយ៍

0

ដោយៈ សុខុម

ភ្នំពេញ: ផ្ទះលម្ហែបែបជំរំព្រៃភ្នំដ៏ប្រណីតមួយ ដែលមានឈ្មោះថា Shinta Mani Wild នៅក្នុងប្រទេសកម្ពុជា បានជាប់ឈ្មោះជាសណ្ឋាគារថ្លៃបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍គួរឱ្យភ្ញាក់ផ្អើល។ នេះបើយោងតាមការស្ទង់មតិថ្មីមួយដែលធ្វើឡើង ដោយគេហទំព័រទេសចរណ៍ដ៏ល្បីល្បាញ TravelMag.com។

សារព័ត៌មានឡាវ Laotian Times បានចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១២ ខែធ្នូ ថា ការស្ទង់មតិនេះត្រូវបានធ្វើដោយប្រៀបធៀប ទៅនឹងអត្រាតម្លៃនៅគ្រប់សណ្ឋាគារទាំងអស់ក្នុងតំបន់។

ផ្ទះលម្ហែបែបជំរំតង់ដ៏ប្រណីតនេះ សម្ងំលាក់ខ្លួននៅកណ្ដាលព្រៃព្រឹក្សា បង្អួតសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល គួរឱ្យគយគន់ជាពន់ពេក និងខ្យល់អាកាសដ៏បរិសុទ្ធ នៃឧទ្យានជាតិគិរីរម្យ ដែលមានចម្ងាយជាង១០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។

ដោយសារតែមានលក្ខណៈពិសេសបែបនេះ ទើបវាមានតម្លៃ១យប់រហូតដល់ទៅ២.៤២៥ដុល្លារអាមេរិក ឯណោះក្នុង១បន្ទប់។  នេះបើយោងតាមការស្ទង់មតិខាងលើនេះ។

យោងតាមសារព័ត៌មានសិង្ហបុរី CNA ដែលចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា កន្លងទៅឱ្យដឹងថា ផ្ទះលម្ហែបែបជំរំធម្មជាតិ Shinta Mani Wild បានជាប់ឈ្មោះ ក្នុងចំណោមផ្ទះលម្ហែដ៏ប្រណីតបំផុតទាំង៨នៅអាស៊ី។

សារព័ត៌មានក្នុងស្រុកមួយចុះផ្សាយថា ផ្ទះស្នាក់លម្ហែប្រកបដោយផាសុកភាពខ្ពស់ បែបធម្មជាតិពិតៗនេះនៅមាន១៥បន្ទប់ ពោលគឺ១៥ផ្ទះដាច់ដោយឡែកពីគ្នា ដែលមានកម្ពស់ខ្ពស់ជាងទឹករលក និងទឹកជ្រោះ អាចផ្តល់នូវទេសភាព និងបទពិសោធន៍ខុសប្លែក ពីរមណីយដ្ឋានឯទៀតនៅអាស៊ី។

អ្វីដែលកាន់តែពិសេសទៀតនោះ គឺថែមទាំងមានខ្សែរ៉តប្រវែង៤០០ម៉ែត្រ ដែលភ្ញៀវទេសចរអាចជិះឆ្លងស្ទឹង និងគយគន់សម្រស់ធម្មជាតិជុំវិញទីនោះយ៉ាងអស្ចារ្យថែមទៀតផង៕ Laotian Times៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here