អគ្គនាយកដ្ឋានពន្ឋដារកលុយបានជាង៣២១៤លានដុល្លារក្នុង រយៈពេល១១ខែ

0

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ឋដាសម្រេចបាននូវចំណូលប្រសើរ ដោយ​ក្នុងរយៈពេល១១ខែឆ្នាំ២០២២ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានចំនួន៣ ២១៤.០៦ លានដុល្លារ ស្មើនឹង១១៣.៩៩% នៃផែនការច្បាប់ស្តីពី ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២។

ការបញ្ជាក់ពីកំណើននៃការប្រមូលចំណូលពន្ធនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែវិច្ឆិកា និងសម្រាប់រយៈពេល ១១ខែ ឆ្នាំ២០២២ ព្រមទាំង ទិសដៅសម្រាប់អនុវត្តបន្ត ដែលរៀបចំតាមប្រព័ន្ធអនឡាញ (Zoom Meeting) ក្រោមអធិបតីភាពលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។

លោកបានលើកឡើងថា អគ្គនាយកដ្ឋានពន្ធដារ បានអនុវត្តការងារដោយស្មារីបុរេសកម្ម និងជានិច្ចជាកាលតែងតែបំផុស នូវគំនិតផ្តួចផ្តើមថ្មីៗ ដោយតែងតែ គោរពប្រតិបត្តិតាមអភិក្រមទាំង៥របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ព្រមទាំងអភិក្រមការងារ៤ប្រការ របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ១.អនុវត្តការងារប្រកបដោយវិជ្ជាជីវៈ និងគោរពក្រមសីលធម៌វិជ្ជាជីវៈ ២.អនុវត្តការងារជាក្រុម ៣.អនុវត្តការងារដោយ ប្រកាន់ខ្ជាប់ស្មារតីបុរេសកម្ម និងគោលការណ៍ប្រសិទ្ធភាពថវិកា និង៤.មិនត្រូវមើលរំលងកំហុសខ្លួនឯង។

លោកគង់ វិបុលបានលើកឡើងថា ស្ថានភាពនៃសេដ្ឋកិច្ចកម្ពុជាបាន និងកំពុងឆ្លងកាត់ដំណាក់កាលលំបាក និងរងផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ-១៩ ដែលមិនទាន់ស្រាកស្រាន្តទាំងស្រុងនៅឡើយ ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ រវាងប្រទេសមហាអំណាច វិបត្តិថ្មីៗនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននៅតែកំពុងបន្ត ស្ថានភាពនៃអតិផរណា ដែលនេះក៏បានប៉ះពាល់ដល់ការងារគ្រប់គ្រងប្រមូលចំណូលពន្ធផងដែរ។

អគ្គនាយកដ្ឋានពន្ធដារ ត្រូវបន្តពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធ ដោយពិនិត្យមើលនូវលទ្ធភាព និងសក្តានុពលនៃប្រភពចំណូល ហើយទន្ទឹមនឹងគ្នានោះត្រូវពិនិត្យលទ្ធភាព ក្នុងការកាត់បន្ថយរាល់ចំណាយ ដែលមិនចាំបាច់ និងអាចគ្រប់គ្រងបាន និងជំរុញការអនុវត្តការងារ តាមរយៈការប្រើប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីបន្តកែប្រែរដ្ឋបាលសារពើពន្ធទៅជា E-Administration។

យោងតាមសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ បានតម្រូវឱ្យអគ្គនាយកដ្ឋានពន្ធដារ ប្រមូលឱ្យបាននូវចំណូលពន្ធផ្ទៃក្នុងចំនួន៣៥៧១.៧០លានដុល្លារ កើនឡើង២៦.៧០% ធៀបនឹងផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលកំណត់ឱ្យពន្ធដារប្រមូលចំណូលឲ្យបាន ២ ៨១៩.៥៥លានដុល្លារ)៕

LEAVE A REPLY

Please enter your comment!
Please enter your name here