តំបន់តាមបណ្ដោយផ្លូវជាសុផារ៉ា នឹងមានសន្ទុះវិនិយោគកំពុងបង្ហាញសក្តានុពលនៃការវិនិយោគ

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ តំបន់ផ្លូវ598 ឬផ្លូវជាសុផារ៉ាជាតំបន់ ដែលមើលឃើញថាមានការអភិវឌ្ឍខ្លាំងគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយវត្តមានផ្សារទំនើប ហាងល្បីៗ និងលំនៅដ្ឋានបែបអភិជនកំពុងបង្ហាញខ្លួននៅតំបន់នេះ។

អ្នកអភិវឌ្ឍន៍លំនៅឋានមួយចំនួនមើលឃើញថា តំបន់នេះនឹងមានសន្ទុះកាន់តែខ្លាំង និងមានការទាក់ទាញបន្ថែមទៀត នៅរយៈពេល៣ទៅ៥ឆ្នាំខាងមុខនេះ ។

លោកសែម ផេ នាយកផ្នែកប្រតិបត្តិការនៃបុរី Dragon Land 598 បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៤ ធ្នូនេះថា លោកមើលឃើញថាតំបន់នៅតាមបណ្ដោយផ្លូវ៥៩៨ ឬផ្លូវជាសុផារ៉ា ជាតំបន់អភិវឌ្ឍន៍ដែលមានសក្ដានុពលមួយ នៅពេលបច្ចុប្បន្ន និងពេលអនាគត ជាពិសេសនៅ    រយៈពេល៣ទៅ៥ឆ្នាំខាងមុខនេះ តំបន់តាមបណ្ដោយផ្លូវនេះនឹងកាន់តែមានសក្ដានុពលនិងមានការវិនិយោគកាន់តែច្រើន។

លោកបន្តថា ជាការកត់សម្គាល់នៅពេលនេះ មានគម្រោងរដ្ឋធំៗមួយចំនួន ដូចជា អគ្គស្នងការនគរបាលជាតិ ទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូន និងស្ថាប័នរដ្ឋមួយចំនួនទៀត ។ ក្រៅពីនេះក៏មានគម្រោងអភិវឌ្ឍន៍ដោយឯកជនជាច្រើន បានអភិវឌ្ឍន៍នៅតំបន់ផ្លូវ598 នៅតាមបណ្ដោយផ្លូវជាសុផារ៉ា និងមានគម្រោងមួយចំនួន កំពុងសម្លឹងរកការវិនិយោគជាបន្តបន្ទាប់នៅពេលអនាគតខាងមុខនេះ ។

លោករំពឹងថា “នៅឆ្នាំក្រោយនេះ ស្ថានភាពអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នឹងមានកំណើនល្អប្រសើរឡើងវិញ ហើយក៏ជាពេលវេលាដែលអ្នកអភិវឌ្ឍន៍លំនៅឋាន ត្រូវចាប់ផ្ដើមអភិវឌ្ឍន៍ ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារផងដែរ”។

ជាមួយគ្នានេះ លោកឧកញ៉ាខេង អគ្គនាយកនាយកក្រុមហ៊ុនCPL បានមានប្រសាន៍ផងដែរថា តំបន់ប៉ែកខាងជើងរាជធានីភ្នំពេញ ឃើញថាមានសក្ដានុពលគួរឱ្យកត់សម្គាល់ ក្នុងនោះយើងបានឃើញមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកាន់តែច្រើន ត្រូវបានអភិវឌ្ឍន៍ឡើង និងជាសក្ដានុពលបន្ថែមទៀត សម្រាប់ទាក់ទាញឱ្យមានការវិនិយោគនៅតំបន់នោះ។

លោកឧកញ៉ាបន្តថា “តំបន់ណាដែលមានការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ នឹងធ្វើឲ្យតំបន់នោះនឹងមានការទាក់ទាញការវិនិយោគបន្ថែម ហើយក៏កាន់តែធ្វើឱ្យតំបន់នោះ មានភាពអ៊ូអរជាងបច្ចុប្បន្នផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here