ដោយ វុត្ថា
ព្រះសីហនុ៖ ឆ្លើយតបនឹងការបារម្ភទាក់ទងកង្វះបន្ទប់ស្នាក់នៅ រដ្ឋបាលខេត្តព្រះសីហនបានប្រកាសជាថ្មីថា ខេត្តជាប់សមុទ្រមួយនេះ ត្រៀមបន្ទប់ស្នាក់នៅជិត៩០០០បន្ទប់ តង់៣០០ និងរៀបប្រគុំតន្ត្រីតាំងពិព៌ណ២៥០ស្តង់ សម្រាប់ទទួលភ្ញៀវទេសចរនាបុណ្យបុណ្យឆ្លងឆ្នាំសកល ២០១៨-២០១៩ខាងមុខនេះ។
អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោកយន្ត មីនមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃអាទិត្យទី២៣ ខែធ្នូ ឆ្នាំ២០១៨កន្លងមកថា រដ្ឋបាលខេត្ត បានត្រៀមរៀបចំរួចជាស្រេចនូវព្រឹត្តិការណ៍បុណ្យ ឆ្លងឆ្នាំសកល ២០១៨-២០១៩ នៅឆ្នេរឯករាជ្យ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ និងរៀបចំនូវព្រឹត្តិការណ៍ជាច្រើន ដូចជាការប្រគំតន្ត្រីរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីអបអរសាទរបុណ្យឆ្លងឆ្នាំសកលនៅឆ្នេរឯករាជ្យ ដែលមានតារាល្បីៗនៅកម្ពុជា ចូលរួមសម្ដែងផងដែរ។
ជាមួយនឹងយុទ្ឋសាស្ត្រទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកទស្សនាខេត្តនេះឲ្យកើនឡើងវិញ លោកយន្ត មីនបានថ្លែងថា រដ្ឋបាលខេត្តព្រះសីហនុ បានត្រៀម បន្ទប់ស្នាក់នៅជិត ៩.០០០បន្ទប់ ក្រៅពីបន្ទប់សណ្ឋាគារ និងផ្ទះសំណាក់ រដ្ឋបាលខេត្ត ក៏បានត្រៀមរៀបចំតង់ស្នាក់នៅចំនួន៣០០បន្ថែមទៀត នៅចុងឆ្នេរអូរឈើទាល (ឆ្នេរអារីស្តុន) ចំពោះតង់និមួយមានតម្លៃចាប់ពី១៥ សម្រាប់មនុស្ស២នាក់។ ចំណែក២០ដុល្លាអាមេរិក សម្រាប់មនុស្ស៤នាក់ និងមានរៀបចំភ្លើងបំភ្លឺពេលយប់ បង្គន់អនាម័យចល័តចំនួន៤០ បន្ទប់សម្រាប់ផ្លាស់ប្តូរសម្លៀកបំពាក់ភ្ញៀវ និងការការពារសន្តិសុខ សុវត្ថិភាពសម្រាប់ភ្ញៀវស្នាក់នៅប្រកបដោយផាសុខភាពថែមទៀត។
ទន្ទឹមនោះរដ្ឋបាលខេត្ត សហការជាមួយសភាពាណិជ្ជកម្មខេត្តព្រះសីហនុបាន រៀបចំស្តង់ពិព័រណ៍ចំនួន២៥០ស្តង់ ដាក់បង្ហាញនូវផលិតផលខ្មែរ ដើម្បីត្រៀមរៀបចំអបអរសាទរបុណ្យឆ្លងឆ្នាំសកល២០១៨-២០១៩ ដើម្បីឲ្យប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាកម្សាន្តនៅខេត្តព្រះសីហនុ កាន់តែច្រើនឡើងបន្ថែមទៀត៕