ដោយ: លាងហួរ
វ៉ាស៊ីនតោន: រដ្ឋបាលអាមេរិករបស់លោកចូ បៃដិន គ្រោងដាក់បញ្ចូលក្រុមហ៊ុនផលិតបន្ទះឈីបចិនYangtze Memory Technologies(YMTC) និងក្រុមហ៊ុនចិនចំនួន៣៥ផ្សេងទៀត ទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម ដែលនឹងរារាំងពួកគេពីការទិញគ្រឿងបន្លាស់ របស់អាមេរិក។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយBlooberg។
របាយការណ៍ដដែលបានបន្តថា ក្រសួងពាណិជ្ជកម្មអាមេរិក នឹងបន្ថែមក្រុមហ៊ុនចិន ទៅក្នុងបញ្ជីឈ្មោះអង្គភាព នៅដើមសប្តាហ៍នេះ។
នៅពេលដែលក្រុមហ៊ុនមួយ ត្រូវបានបញ្ចូលទៅក្នុងបញ្ជីអង្គភាព នោះ អ្នកផ្គត់ផ្គង់នៅសហរដ្ឋអាមេរិក ត្រូវតែស្វែងរកអាជ្ញាប័ណ្ណពិសេស ដើម្បីដឹកជញ្ជូនសូម្បីតែវត្ថុបច្ចេកវិទ្យាជាន់ទាប ទៅកាន់ក្រុមហ៊ុននោះ។
ក្រុមហ៊ុន YMTC បានបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ ចំណែកក្រសួងពាណិជ្ជកម្មអាមេរិក ក៏មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយរបស់កាសែត Reuters នៅខាងក្រៅម៉ោងធ្វើការផងដែរ។
មន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកបានអះអាងថា អង្គភាពរបស់ប្រទេសចិនរាប់សិបផ្សេងទៀត រួមទាំងក្រុមហ៊ុនYMTC បានស្ថិតក្នុងហានិភ័យពីការដាក់បញ្ចូលក្នុងបញ្ជីខ្មៅពាណិជ្ជកម្មភ្លាមៗ កាលពីថ្ងៃទី០៦ ខែធ្នូ ។
កាលពីខែតុលាកន្លងទៅ អង្គភាពចំនួន៣១របស់ប្រទេសចិន រួមទាំងក្រុមហ៊ុន YMTC ត្រូវបានដាក់បញ្ចូល ទៅក្នុងបញ្ជីក្រុមហ៊ុនមួយ ដែលក្រុមមន្ត្រីអាមេរិកមិនអាចត្រួតពិនិត្យបាន៕