គម្រោងជីកព្រែកពីទន្លេបាសាក់ ភ្ជាប់ទៅកាន់ខេត្តកែបកំពុងឈានទៅបញ្ចប់ការសិក្សាជំហានទី២នៅចុងខែក្រោយ

0

ដោយ: សុផារី

ភ្នំពេញ: គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មតភ្ជាប់ពីទន្លេបាសាក់ ទៅកាន់សមុទ្រក្នុងខេត្តកែប គ្រោងនឹងបញ្ចប់ការសិក្សានៅចុងខែមករា ឆ្នាំ២០២៣ខាងមុខនេះហើយ ដើម្បីឈានទៅដាក់ជូនគណៈកម្មការអន្តរក្រសួងពិនិត្យ និងសម្រេចចុងក្រោយ។

នេះបើយោងតាមកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពិនិត្យវឌ្ឍនភាព និងលទ្ធផល នៃការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងនេះ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។

គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ បាននិងកំពុងសិក្សាលម្អិត ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC)  រួមជាមួយក្រុមហ៊ុន CCCC Water Transportation Consultants Co., Ltd។

រហូតមកដល់ពេលនេះគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់នេះ កំពុងស្ថិតនៅក្នុងដំណាក់កាលទី២ នៃការសិក្សាសមិទ្ធិលទ្ធភាព បន្ទាប់ពីទទួលបានចំណារឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ កន្លងទៅ ហើយគ្រោងនឹងបញ្ចប់ការសិក្សានេះឱ្យបានរួចរាល់ និងគ្រប់ជ្រុងជ្រោយ នៅដំណាច់ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។

ភាគីទាំងពីរបានពិនិត្យ និងពិភាក្សាដោយយកចិត្តទុកដាក់លើការងារបច្ចេកទេសសំខាន់ៗមួយចំនួន រួមទាំងបានពិនិត្យដោយយកចិត្តទុកដាក់លើលទ្ធផលនៃការវិភាគ និងវាយតម្លៃផលប៉ះពាល់នានា លើគ្រប់ប្រភេទហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តមួយចំនួន ដែលអាចរងផលប៉ះពាល់ដោយសារការអភិវឌ្ឍនៃគម្រោងនេះ ។

អង្គប្រជុំក៏បានពិភាក្សា និងផ្តល់អនុសាសន៍ណែនាំលើ ប្លង់បច្ចេក​ទេ​សរួមមាន ប្លង់ស្ថាបត្យកម្ម ប្លង់គ្រឿងបង្គុំនៃការងារសាងសង់ ហេដ្ឋារចនាសម្ព័ន្ធតាមផ្លូវទឹក ការជ្រើសរើសស្តង់ដារនៃការសាងសង់ គន្លងផ្លូវនាវាចរណ៍ រួមនឹងសន្ទះផ្លូវនាវាចរណ៍ផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានផ្តល់អនុសាសន៍ ឱ្យក្រុមការងារបច្ចេកទេសទាំងពីរ បន្តខិតខំអនុវត្តការសិក្សាលម្អិតមួយចំនួន ដែលនៅសេសសល់ ឱ្យបានស៊ីជម្រៅគ្រប់ជ្រុងជ្រោយ ជាពិសេសត្រូវបញ្ចៀសកុំឱ្យមានការប៉ះពាល់ ទៅលើសំណង់វត្តអារាម និងសាលារៀនជាដាច់ខាត។

គម្រោងប្រព័ន្ធផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់ ត្រូវបានសិក្សាឡើង ក្នុងគោលបំណងដើម្បីជំរុញវិស័យ ដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាឱ្យមានសន្ទុះកើនឡើង មានប្រសិទ្ធភាពខ្ពស់ថែមមួយកម្រិតទៀត នឹងអាចជួយកាត់បន្ថយការចំណាយ លើថ្លៃដើមនៃការដឹកជញ្ជូន និងភស្តុភារកម្មរបស់កម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់ជាងមុន ក៏ដូចជាជួយកាត់បន្ថយសម្ពាធជាអតិបរមា នៃការដឹកជញ្ជូនធុនធ្ងន់តាមផ្លូវថ្នល់ ព្រមទាំងងាយស្រួលធ្វើសមាហរណកម្ម ផ្ទៃក្នុងប្រទេសជួយពង្រឹង និងពង្រីកការតភ្ជាប់ជាមួយតំបន់ និងអន្តរជាតិតាមរយៈការដឹកជញ្ជូ​នតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែកានត់តែងាយស្រួល មានភាពរលូន និងមានប្រសិទ្ធភាពជាងមុនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here