ដោយ សុផារី
កែប: ដោយសារសង្កេតឃើញថា តែងតែមានករណីបង្ហោះលើបណ្ដា ញសង្គមអំពីការឡើងថ្លៃទំនិញ ក្នុងខេត្តកែបនៅក្នុងឱកាសបុណ្យទានម្ដងៗ លោកអភិបាលខេត្តកែប បានអំពាវនាវឲ្យភ្ញៀវទេសចរទាំងឡាយ សួរនាំនិងចរចាតម្លៃជាមុនសិន មុននឹងសម្រេចចិត្តក្នុងការទិញទំនិញ ឬប្រើប្រាស់សេវាកម្មណាមួយ។

-->
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអំពាវនាវដល់ភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្តនៅរមណីយដ្ឋាននានា ក្នុងខេត្តកែប មុននឹងអង្គុយ មុនរកទទួលទានអាហារ មុននឹងស្នាក់នៅ ត្រូវចរចារតម្លៃគ្នាជាមួយមុន។
លោកអភិបាលខេត្តបានថ្លែងកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ថា ជារៀងរាល់ឆ្នាំ នៅពេលដែលមានព្រឹត្តិការណ៍សំខាន់ៗ តែងតែមានបញ្ហាទាក់ទងជាមួយនឹងតម្លៃនៃការស្នាក់នៅ ហូបចុក ដូច្នេះលោកបានអំពាវនាវឲ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ សូមចរចាជាមួយនឹងម្ចាស់អាជីវកម្មជាមុនមុននឹងសម្រេចទទួលសេវាកម្ម។

លោកបានបញ្ជាក់ថា “មុននឹងអង្គុយ មុននឹងញ៉ាំ មុននឹងគេង សូមចរចាថ្លៃគ្នាទៅ”។
លោកបានបន្តទៀតថា កន្លងមកភ្ញៀវទៅទស្សនា មិនបានសួរនាំឬចរចាតម្លៃជាមួយនឹងអ្នកលក់។ នៅពេលចេញពីវិក័យប័ត្រថ្លៃ ក៏បង្ហោះតាមប្រព័ន្ធសង្គម។ លោកបានលើកឡើងថា នៅក្នុងឱកាសមួយចំនួន នៅពេលតម្រូវការខ្ពស់ តែការផ្គត់ផ្គង់មានតិច នោះតម្លៃតែងតែកើនឡើងជាធម្មតា។
លោកអភិបាលខេត្តបានបញ្ជាក់ថា ប្រសិនបើទេសចរមានបញ្ហា ឬជួបប្រទះ ជាមួយនឹងបញ្ហាប្រឈមណាមួយ អាចទាក់ទងទៅកាន់អាជ្ញាធរនៅក្នុងខេត្តឲ្យជួយដោះស្រាយឲ្យបាន។ ចំពោះបញ្ហាការទិញលក់ម្ហូបចំណី នៅក្នុងផ្សារក្តាម ខេត្តកែបក៏មានដាក់ជាជញ្ជីងយុត្តិធម៌ សម្រាប់ភ្ញៀវទេស ចរអាចប្រើប្រាស់បានដោយសេរីផងដែរ៕
