គំរោងស្ពានឆ្លងពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងកោះនរាសម្រេចបានជាង៥០ភាគរយហើយ

0

 ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ ថ្នាក់ដឹកនាំនៃក្រុមហ៊ុនOCICបានបញ្ជាក់ឲ្យដឹងថា រហូតមកទល់ពេលនេះ ការសាងសង់ស្ពានតភ្ជាប់ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា សម្រេចបានជាង៥០ភាគរយហើយ។

អគ្គនាយករងក្រុមហ៊ុនOCIC លោកទូច សំណាងបានមានប្រសាស​ន៍​ឲ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៤ ធ្នូថា រហូតមកទល់ពេលនេះ ហេដ្ឋារចនាសម្ព័ន្ឋចាំបាច់នានា នៅទីក្រុងកោះនរា សម្រេចបានតាមផែនកា​ររបស់ខ្លួន ដោយការវាយតម្លៃកាលពីពេលថ្មីៗនេះបានរកឃើញថា ស្ពានឆ្លងពីកោះពេជ្រ ទៅកោះនរាសម្រេចបាន៥២ភាគរយ។

លោកបន្តឲ្យដឹងទៀតថា ចំណែកគំរោងចាក់ខ្សាច់បំពេញទីក្រុងនេះ សម្រេចបានជាង៩០ភាគរយ និងគំរោងរៀបចំហេដ្ឋារចនាសម្ព័ន្ឋដូចជាបណ្តាញលូ បណ្តាញទឹកស្អាត និងបណ្តាញអគ្គិសនី សម្រេចបានជាង៥០ភាគរយផងដែរ។

លោកទូច សំណាងបានបន្តថា “ហេដ្ឋារចនាសម្ព័ន្ឋទាំងអស់នៅទីក្រុង​កោះនរា នឹងសម្រេចបានតាមផែនការដែលបានគ្រោងទុក ព្រោះការសាងសង់សម្រេចបានវឌ្ឍនភាពប្រសើរ”។ លោកបន្តថា “ក្នុងអំឡុងវិបត្តិកូវីដធ្ងន់ធ្ងរ ការសាងសង់មានភាពយឺតយ៉ាវ ប៉ុន្តែស្ថានភាពពេលនេះកំពុងមានភាពរលូន និងដំណើរការតាមការគ្រោងទុក”។

ទីក្រុងកោះនរា មានទំហំផ្ទៃដីសរុប១២៥ហិកតា ដែលទីក្រុងនេះត្រូវចាក់ខ្សាច់បំពេញ លើដីកោះទន្លេរដែលបានបាក់ ចូលក្នុងទន្លេមេគង្គនិងទន្លេរធំក្នុងអំឡុងទសវត្សរ៍នេះ។

ទស្សនទាននៃការអភិវឌ្ឍទីក្រុងកោះនរា នឹងមានសភាពដូចគ្នានឹងទីក្រុងកោះពេជ្រ ដែលបច្ចុប្បន្នកំពុងទាក់ទាញ គំរោងវិនិយោគរបស់អ្នកធុរកិច្ចជាតិ អន្តរជាតិយ៉ាងច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here