វិភាគៈឡោ វិចិត្រអនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា ចិន
ភ្នំពេញ: កម្ពុជាក្លាយជាប្រទេស ដែលស្ថិតក្នុងតំបន់អាស៊ីតែមួយគត់ ដែលប្រើប្រាស់ប្រាក់ដុល្លារជារូបិយប័ណ្ណចម្បង ដើម្បីបង្កើនភាពទាក់ទាញលំហូរFDI និងការពារដល់ក្រុមវិនិយោគិន ពីការប្រែប្រួលរូបិយប័ណ្ណសំខាន់ៗផ្សេងៗ។
តួយ៉ាងបំណុលជាតិសរុបរបស់កម្ពុជា ធៀបទៅនឹងផលិតផលជាតិសរុបមានត្រឹមតែ៤០ភាគរយប៉ុណ្ណោះ។
ជាក់ស្តែង ស្ថាប័នហិរញ្ញវត្ថុធំៗ ដូចជា ធនាគារអភិវឌ្ឍន៍អាសុី(ADB) មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) និងធនាគារពិភពលោក បានកោតសរសើរថា កម្ពុជាជាប្រទេសមានសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ សម្រាប់រយៈពេលមធ្យម ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលត្រូវវិនិយោគច្រើនលើហេដ្ឋា រចនាសម្ព័ន្ធសំខាន់ៗ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ប្រទេសកម្ពុជាបានបើកលំហសេដ្ឋកិច្ចសេរី ពេញលេញបំផុតមួយនៅតំបន់អាស៊ី ជាមួយនឹងការធ្វើឯកជនភាវូបនីយកម្មពេញលេញ សូម្បីតែសម្រាប់ឧស្សាហកម្មសំខាន់ៗ ដូចជាអាកាសចរណ៍ស៊ីវិល ការខួងយកប្រេង និងរោងចក្រចម្រាញ់ និងធនធានរ៉ែ។
ចំណែក អត្រានៃភាពមានការងារធ្វើ ក្នុងប្រទេសកម្ពុជាមានរហូតទៅដល់៩៩ភាគរយ ដោយកម្ពុជាកំពុងមានកម្លាំងពលកម្ម យ៉ាងពេញលេញផងដែរ។
លើសពីនេះទៅទៀត ចំណូលពីការប្រមូលពន្ធ បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលកត្តានេះបានញុំាងឱ្យរាជរដ្ឋាភិបាលមានឱកាសជាច្រើន និងមានភាពបត់បែន ក្នុងការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។
កម្ពុជាគឺជាប្រទេស ដែលយកពន្ធសាជីវកម្មទាបបំផុតមួយនៅក្នុងទ្វីបអាស៊ី និងគ្រោងដាក់ឱ្យប្រើប្រាស់ច្បាប់វិនិយោគថ្មី ដែលផ្តល់ការលើកទឹកចិត្តផ្នែកពន្ធ និងការផ្អាកយកពន្ធរហូតដល់ទៅ៩ឆ្នាំ”។
ទីផ្សារមូលធន ដែលកំពុងរីកចម្រើន ដូចជាទីផ្សារភាគហ៊ុន និងឧបករណ៍និស្សន្ទវត្ថុ នឹងជំរុញសេដ្ឋកិច្ចកម្ពុជា ឱ្យឈានឆ្ពោះទៅរកកម្រិតកម្ពស់ និងកំណើនថ្មីបន្ថែមទៀត ។
ដោយងាកក្រឡេកទៅមើលវិស័យផ្សេងៗ ដូចជា វិស័យទេសចរណ៍ វិស័យពាណិជ្ជកម្មជាដើម គេមើលឃើញថា កម្ពុជាកំពុងប្រែក្លាយខ្លួន ជាគោលដៅទេសចរណ៍ឈានមុខគេ និងជាតំបន់ទាក់ទាញទេសចរណ៍ ជាមួយនឹងសណ្ឋាគារលំដាប់ផ្កាយ៥ និងលំដាប់ថ្នាក់អន្តរជាតិ និងទាក់ទាញរោងចក្រ សហគ្រាសថ្មីៗកាន់តែច្រើន។
លើសពីនេះ តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា(SEZ) និងដំណោះស្រាយសេវាកម្មច្រកចេញចូលតែមួយ នឹងបន្តដើរតួនាទីឈានមុខគេ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច នៃវិស័យផលិតកម្មបន្ថែមទៀត ខណៈដែលកម្ពុជាទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា -កូរ៉េខាងត្បូង សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសមាហរណកម្ម និងជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់។
ដោយឡែក ខណៈដែលកម្ពុជាកំពុងមានស្ថិរភាព ផ្នែកនយោបាយយ៉ាងល្អប្រសើរផងដែរនោះ វាបានអំណោយផលដល់ការវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ច យ៉ាងឆាប់រហ័សក្នុងប្រទេស ដែលស្ថិតក្នុងតំបន់អាស៊ី មួយនេះ។
ជាមួយគ្នានេះ កម្ពុជាមានអត្រានៃនគរូបនីយកម្មយ៉ាងខ្ពស់ ដែលនោះហើយជាមូលហេតុ ដែលការអភិវឌ្ឍសេដ្ឋកិច្ច និងកំណើនប្រាក់ចំណូលមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការសម្រេចបាននូវឋានៈជាខ្លាសេដ្ឋកិច្ចអាស៊ី និងឋានៈជាប្រទេសមានចំណូលមធ្យមនៅឆ្នាំ២០៣០ខាងមុខ។
ការធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ របស់កម្ពុជា នឹងជំរុញឱ្យមានចំណាប់អារម្មណ៍ លើវិស័យកីឡារបស់យុវជន និងប្រជាពលរដ្ឋកម្ពុជាបន្ថែមទៀត ដែលកត្តានេះនឹងធ្វើឱ្យតម្រូវការកីឡា និងទំនិញផលិតក្នុងស្រុក ឬទំនិញនាំចូលមានការកើនឡើង។
ពិសេសជាងនេះទៅទៀត កម្ពុជាក៏កំពុងសាងសង់អាកាសយានដ្ឋានធំជាងគេបំផុតទី៩នៅលើពិភពលោក ដែលធ្វើឲ្យប្រទេសនេះ កាន់តែមានភាពទាក់ទាញ ជាមួយនឹងជើងហោះហើរត្រង់អន្តរជាតិ កាន់តែច្រើនពីអឺរ៉ុប និងអាមេរិកខាងជើង។
ខណៈដែលអាកាសយានដ្ឋានដ៏ធំនេះ នឹងបើកដំណើរការឡើងនៅពេលអនាគត គេជឿជាក់ថា វិស័យឧស្សាហកម្មដឹកជញ្ជូនទំនិញ របស់កម្ពុជា នឹងរីកចម្រើនយ៉ាងខ្លាំង ក្នុងរយៈពេលពី៥ទៅ១០ឆ្នាំខាងមុខ។
កម្ពុជាជាប្រទេស ដែលនិយាយភាសាអង់គ្លេសច្រើនជាងគេ នៅតំបន់អាស៊ី បន្ទាប់ពីសិង្ហបុរី និងម៉ាឡេស៊ី ដោយកត្តាភាសានេះ នឹងជំរុញភាពទាក់ទាញដល់វិស័យឧស្សាហកម្ម ទេសចរណ៍សម្រាប់អ្នកដំណើរ និងភ្ញៀវទេសចរអន្តរជាតិផងដែរ។
ប្រទេសកម្ពុជានៅតែមានសក្ដានុពលជាច្រើន ដែលមិនទាន់បានប្រើប្រាស់ក្នុងឧស្សាហកម្មផ្សេងៗទៀត ដោយវិនិយោគិនអាចស្វែងរកបាន និងមានកម្មសិទ្ធិ១០០ភាគរយនៃក្រុមហ៊ុន ដែលវិនិយោគក្នុងឧស្សាហកម្មទាំងនោះ។
លើសពីនេះ ស្ថិរភាពនយោបាយរបស់កម្ពុជា មានភាពល្អប្រសើរជាងប្រទេសថៃក្នុងរយៈពេលមធ្យម និងវែង ហើយកម្ពុជាមានសេដ្ឋកិច្ចមូលធននិយមបើកចំហរ និងពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន និងពន្ធសាជីវកម្មទាបជាងប្រទេសវៀតណាម និងថៃផងដែរ៕