ដោយៈ សុខុម
ហុងកុង: កូវីដ-១៩មិនត្រឹមតែកែប្រែទម្លាប់យើងធ្វើការ និងទិញអីវ៉ាន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជំរុញឱ្យមនុស្សកាន់តែច្រើន គិតចង់រើផ្ទះផងដែរ តាមរយ:ការទិញផ្ទះថ្មី នៅទីតាំងកណ្តាលក្រុង ដែលពួកគេអាចទទួលបានស្តង់ដាររស់នៅកាន់តែប្រសើរ និងចំណាយពេលតិចក្នុងការធ្វើដំណើរ។
យោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃពុធ ទី១៤ ខែធ្នូ ឱ្យដឹងថា ការសង្កេតនេះ គឺធ្វើឡើងដោយផ្អែកលើការស្ទង់មតិថ្មី ដោយក្រុមហ៊ុនអចលនទ្រព្យអាមេរិកCBRE ទៅលើមនុស្សជាង២០.០០០នាក់ នៅទូទាំងពិភពលោក ដើម្បីស្វែងយល់ពីរបៀបដែលពួកគេរស់នៅ រៀបធ្វើការ និងទិញទំនិញនាពេលអនាគត។
ទន្ទឹមនេះ អ្នកឆ្លើយសំណួរចំនួន៩.០០០នាក់ ដែលមកពីទូទាំងអាស៊ី-ប៉ាស៊ីហ្វិក ក៏ត្រូវបានរាប់បញ្ចូលនៅក្នុងការស្ទង់មតិនេះផងដែរ។
គ្រួសារពលរដ្ឋអាស៊ី ជាទូទៅជំពាក់បំណុលតិចជាង និងមានជំហរហិរញ្ញវត្ថុរឹងមាំជាងគ្រួសារពលរដ្ឋលោកខាងលិច។
លោក Henry Chin នាយកផ្នែកស្រាវជ្រាវទីផ្សារអាស៊ី-ប៉ាស៊ីហ្វិក នៅក្រុមហ៊ុន CBRE លើកឡើងថា ជាទូទៅពលរដ្ឋអាស៊ី យល់ឃើញថា អចលនទ្រព្យជាការវិនិយោគរយៈពេលវែង។
អ្នកជំនាញរូបនេះបានគូសបញ្ជាក់ថា “ខណៈទីផ្សារអចលនទ្រព្យក្នុងទីផ្សារមួយចំនួននៅអាស៊ី ពេលនេះកំពុងធ្វើការកែតម្រូវ ដើម្បីឆ្លើយតបទៅនឹងការដំឡើង អត្រាការប្រាក់កាលពីពេលថ្មីៗនេះ អ្នកទិញកំពុងសញ្ជឹងរង់ចាំមើលស្ថានភាពទីផ្សារ ដើម្បីក្ដាប់ឱកាសទិញ នៅពេលឱកាសល្អហុចឱ្យ”។
ការសិក្សាបានរកឃើញថា មនុស្ស៦៦%នៅពេលនេះ ចាត់ទុកសុខភាព និងសុវត្ថិភាពសំខាន់ជាងតម្លៃ នៅពេលជ្រើសរើសទិញផ្ទះថ្មី។ នេះមានន័យថា ពួកគេមិនសូវសូញសាញ រឿងតម្លៃប៉ុន្មានឡើយ ឱ្យតែផ្ទះថ្មីដែលពួកគេទិញផ្ដល់ផាសុកភាព និងសុវត្ថិភាពខ្ពស់។
លោកស្រី Ada Choi ប្រធានផ្នែកស្រាវជ្រាវ និងគ្រប់គ្រងទិន្នន័យសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក នៅក្រុមហ៊ុនCBRE លើកឡើងថា “ចំនួនអ្នកទិញផ្ទះដែលចង់បានលក្ខខណ្ឌបែបនេះ កើនឡើងកាន់តែច្រើន ជាពិសេសក្នុងចំណោមជនជាតិចិនដីគោក”៕ South China Morning Post៕