ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ ធៀបនឹងឆ្នាំ២០២១កន្លងទៅ ស្ថានភាពវិនិយោគនៅក្នុងប្រទេសកម្ពុជារយៈពេលជិត១ឆ្នាំ២០២២មកនេះ បានបង្ហាញពីកំណើនខ្ពស់ និងមានភាពល្អប្រសើរ។ យោងតាមរបាយការណ៍ស្ថិតិពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ការវិនិយោគមានកំណើនរហូតដល់ជាង១៣០ភាគរយធៀបនឹងឆ្នាំ២០២១កន្លងទៅ។
របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ក្នុងរយៈពេលជិត១ឆ្នាំនៃឆ្នាំ២០២២នេះ គម្រោងវិនិយោគឯកជនក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន១១៦គម្រោង មានការកើនឡើង២៤គម្រោង ដែលមានទំហំទឹកប្រាក់ជិត៣ពាន់លានដុល្លារអាមេរិក។
ក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២២នេះ គម្រោងដែលទទួលបានការអនុញ្ញាតសាងសង់សរុបមានចំនួន៣.៤០៧គម្រោង ធៀបនឹងឆ្នាំ២០២១ គឺមានការថមថយប្រមាណ១៩០គម្រោង និងមានតម្លៃវិនិយោគប្រមាណ២.១៩០លានដុល្លារអាមេរិក ធ្លាក់ចុះជាងពាក់កណ្ដាល។ ក្នុងនោះ ប្រភេទសំណង់លំនៅឋានមានចំនួនជាង៣ពាន់គម្រោង ស្មើនឹងប្រមាណជាង៨៨,៥៨ភាគរយ នៃសំណើរសុំសាងសង់សរុប ធៀបនឹងឆ្នាំមុនថមយប្រមាណ៩០គម្រោង។
អ្នកជំនាញអចលនទ្រព្យកម្ពុជាបានមើលឃើញថា ការវិនិយោគនៅក្នុងឆ្នាំ២០២២នេះ ភាគច្រើនបានមកពីការវិនិយោគរបស់វិនិយោគិនក្នុងស្រុក ខណៈការវិនិយោគពីបរទេសនៅមិនទាន់មានភាពល្អប្រសើរឡើងនៅឡើយទេ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា បានថ្លែងនាពេលថ្មីៗនេះថា ក្នុងអំឡុងពេល ដែលវិនិយោគិនបរទេសមិនមានទាន់ការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ក៏មានវិនិយោគិនក្នុងស្រុកបានបណ្ដាក់ច្រើនទៅវិញ ហើយការវិនិយោគរបស់វិនិយោគិនក្នុងស្រុកនេះដែរ ក៏បានធ្វើឱ្យសកម្មភាពវិនិយោគនៅតែបន្តដំណើរការ។
លោកបន្តថា ស្ថានភាពវិនិយោគអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា នឹងមានភាពល្អ ដូចនឹងឆ្នាំ២០១៩ ឬមុនពេលកូវីដ១៩ លុះត្រាតែមានការវិនិយោគពីក្រៅប្រទេសច្រើន ពីព្រោះវិស័យនេះនៅពឹងលើការវិនិយោគពីបរទេស ទោះបីជាមានការវិនិយោគពីក្នុងស្រុកច្រើនក៏ដោយ៕