ដោយៈ សុផារី
ភ្នំពេញៈ គេហទំព័រអន្តរជាតិល្បីល្បាញមួយគឺ Invest Asian បានអះអាងថា ប្រទេសកម្ពុជាជាប្រទេស ដែលអ្នកវិនិយោគបរទេសគួរមកចាប់យកឱកាស ក្នុងការសាងផលចំណេញពីការវិនិយោគនៅក្នុងឆ្នាំ២០២៣។
យោងតាមការចុះផ្សាយរបស់គេហទំព័រនេះ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ម្សិលមិញ បានឱ្យដឹងថា ឆ្លងកាត់បញ្ហាប្រឈម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិភពលោកកំពុងតែប្រឈមនឹងការផ្លាស់ប្តូរ។
ពិចារណាពាក់ព័ន្ធនឹងស្ថានភាពបច្ចុប្បន្ន ដែលមានឥទ្ធិពលក្នុងការសម្រេចចិត្តវិនិយោគ សារព៌តមាននេះបានសរសររថា យើងឃើញថាការកើនឡើងអត្រាការប្រាក់ គឺកើតមានស្ទើនៅទូទាំងពិភពលោក ហើយកម្ចីប្រាក់នឹងបន្តកើនឡើងយ៉ាងខ្លាំងដល់ឆ្នាំ២០២៣។
ទន្ទឹមនឹងនោះ អតិផរណានឹងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងប្រទេស ដែលអ្នកអាចវិនិយោគប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ។
ដោយផ្អែកលើកំណើនសេដ្ឋកិច្ច និងស្ថិរភាព គេហទំព័រខាងលើបានណែនាំប្រទេសកម្ពុជា “ជាប្រទេសទី១” សម្រាប់អ្នកវិនិយោគិនទាំងឡាយណា ដែលមានបំណងចង់មកវិនិយោគ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ដោយជាប់ចំណាត់ថ្នាក់ជាប្រទេស ដែលមានការរីកចម្រើនលឿនបំផុតរបស់ពិភពលោក ក្នុងរយៈពេលពីរទសវត្សរ៍មកនេះ ប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង ឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ខ្លួន ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០។ បច្ចុប្បន្ននេះ ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលទទួលបានការវិនិយោគពីបរទេសច្រើន ក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
យ៉ាងណាក្តី ខណៈដែលប្រទេសកម្ពុជា ស្ថិតនៅក្នុងប្រទេសកំពុងអភិវឌ្ឍ បើធៀបនឹងអាស៊ីអាគ្នេយ៍ទាំងមូល ទីផ្សារកម្ពុជាជាទីផ្សារកំពុងស្ទុះងើបខ្លាំង (frontier market) ដ៏ល្អបំផុតមួយក្នុងការវិនិយោគ ដោយកម្ពុជាកំពុងធ្វើការផ្លាស់ប្តូរយ៉ាងរហ័ស ទៅកាន់សេដ្ឋកិច្ចឧស្សាហូបនីយកម្ម។
ជាក់ស្តែង នៅពេលដែលប្រទេសមួយផ្លាស់ប្តូរ ពីពីទីផ្សារកំពុងស្ទុះងើបខ្លាំង (frontier market) ទៅជាទីផ្សារកំពុងអភិវឌ្ឍន៍ខ្លាំង (emerging market) ហើយដោយក្តីសង្ឃឹមក៏មុតមាំថា កម្ពុជានឹងក្លាយទៅជាប្រទេស ដែលមានការអភិវឌ្ឍពេញលេញ ទាមទារឱ្យមានកាតាលីករ ដើម្បីចាប់ផ្តើមជំរុញដំណើរការ នៃកំណើនសេដ្ឋកិច្ចជាមុនសិន៕