ដោយៈ វឌ្ឈនៈ
ភ្នំពេញៈ ក្នុងឆ្នាំ២០២២នេះ គម្រោងលំនៅឋាន ត្រូវបានក្រសួងចេញអាជ្ញាបណ្ណអនុញ្ញាតឱ្យសាងសង់ច្រើនជាងគេ ក្នុងចំណោមគម្រោងសាងសង់ទាំងអស់ ដែលមានជាង៣ពាន់៤០០គម្រោង ជាពិសេសក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំនេះ។
តាមរយៈការសាងសង់នៃលំនៅឋាន ក្នុងឆ្នាំ២០២២នេះបានបង្ហាញពីតម្រូវការនៃលំនៅឋាននៅតែបន្តមានខ្ពស់ ។
របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញផ្សាយកាលពីពេលថ្មីៗនេះឱ្យដឹងថា ក្នុងរយៈពេល១០ខែនៃឆ្នាំ២០២២នេះ ក្រសួងបានចេញលិខិតអនុញ្ញាតសាងសង់ សំណង់សរុបចំនួន៣.៤០៧គម្រោង ធៀបនឹងរយៈពេលដូចគ្នាធ្លាក់ចុះ១៩១គម្រោង ក្នុងនោះសំណង់លំនៅឋានត្រូវបានលិខិតអនុញ្ញាត ឱ្យសាងសង់ចំនួន៣.០១៨គម្រោង ស្មើនឹងប្រមាណ៨៨,៥៨ភាគរយនៃសំណើរសុំសាងសង់សរុប។ គម្រោងសាងសង់នេះ បើធៀបនឹងឆ្នាំមុន ក៏មានការធ្លាក់ចុះប្រមាណ៩១ភាគរយ ។
របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ក៏បានបង្ហាញផងដែរថា ក្នុងឆ្នាំ២០២២នេះឥណទាន ដែលផ្ដល់ទៅអតិថិជនសម្រាប់ទិញផ្ទះ ក៏មានទំហំទឹកប្រាក់ច្រើនជាងគេដែរ ក្នុងចំណោមឥណទានតាមវិស័យផ្សេងៗ
តាមរយៈតួលេខនេះ បានបង្ហាញពីតម្រូវការនិងការទិញ លក់លំនៅឋានក្នុងប្រទេសកម្ពុជានៅតែមានភាពប្រសើរ ។
លោកឧកញ៉ានួន រឹទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានលើកឡើងផងដែរថា តម្រូវការលំនៅឋាននៅក្នុងប្រទេសកម្ពុជា នៅតែមានពីព្រោះបើធ្វើការប្រៀបធៀបជាមួយ នឹងកំណើនប្រជាពលរដ្ឋ និងលំនៅឋានមិនទាន់មានភាពស៊ីមេទ្រីគ្នានៅឡើយ។ ជាក់ស្ដែងនៅរាជធានីភ្នំពេញ កំណើនប្រជាពលរដ្ឋ បានកើនឡើងរៀងរាល់ឆ្នាំ ហើយកំណើននៃប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញនេះដែរ នឹងជំរុញឱ្យតម្រូវការនៃលំនៅឋានមានកំណើនផងដែរ។
របាយការណ៍របស់CBRE Cambodia បានបង្ហាញផងដែរថា ក្នុងចំណោមបណ្ដាខណ្ឌ នៅជាយរាជធានីភ្នំពេញឃើញថា មានខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល និងខណ្ឌដង្កោ មានការអភិវឌ្ឍលំនៅឋានច្រើន ក្នុងនោះដែរតំបន់ប៉ែកខាងត្បូងភ្នំពេញ មានទាំងការអភិវឌ្ឍលំនៅឋានតម្លៃសរម្យនិងលំនៅឋាន ដែលមានតម្លៃខ្ពស់រាប់សិបម៉ឺនដុល្លារផងដែរ៕