ម៉ាកយីហោសណ្ឋាគារដ៏ល្បី Marriott ដែលមានវត្តមាននៅកម្ពុជាគ្រោងបង្កើនចំនួនសណ្ឋាគាររបស់ខ្លួននៅប្រទេសថៃនាឆ្នាំ២០២៣

0

ដោយៈ សុខុម

បាងកក: មិនយូរប៉ុន្មានបន្ទាប់ពីថៃ អបអរដែលខ្លួនទទួលបានភ្ញៀវទេសចរ១០លាននាក់ក្នុងឆ្នាំ២០២២ ក្រុមហ៊ុនបដិសណ្ឋារកិច្ចអន្តរជាតិដ៏ល្បីល្បាញ Marriott International, Inc កាលពីថ្ងៃអង្គារ ទី១៣ ខែធ្នូ បានប្រកាស ផែនការបង្កើនចំនួនសណ្ឋាគាររបស់ខ្លួន ក្នុងប្រទេសនេះ ឱ្យឈានដល់៥០ទីតាំងនៅពាក់កណ្ដាលឆ្នាំ២០២៣។

យោងតាមសារព័ត៌មានថៃThe Nation ចុះផ្សាយកាលពីថ្ងៃព្រហ​ស្បតិ៍ ទី១៥ ខែធ្នូ ឱ្យដឹងថា សណ្ឋាគារទាំង៥០នេះ រួមបញ្ចូលទាំងការបន្ថែមសណ្ឋាគារចំនួន៨ទីតាំងក្នុងឆ្នាំ២០២៣ផងដែរ។

ជាមួយនឹងការបើកដំណើរការទាំងនេះ ក្រុមហ៊ុនក៏រំពឹងថានឹងដាក់ឱ្យដំណើរការម៉ាកយីហោ (Brand) ថ្មីៗចំនួន២គឺម៉ាកយីហោ Autograph Collection Hotels និងម៉ាកយីហោ Moxy Hotels នៅក្នុងប្រទេសនេះផងដែរ។

លោក Jakob Helgen អនុប្រធានថ្នាក់តំបន់នៃក្រុមហ៊ុន Marriott International, Inc ទទួលបន្ទុកទីផ្សារថៃ វៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា លើកឡើងថា “កំណើនរបស់យើងនៅក្នុងប្រទេសថៃ បង្ហាញពីទំនុកចិត្តដែលម្ចាស់សណ្ឋាគារ និងអ្នកទទួលសិទ្ធិធ្វើអាជីវកម្ម (Franchisee) មកលើក្រុមហ៊ុន Marriott International និងទំនុកចិត្តជារួមរបស់ពួកគេមកលើឧស្សាហកម្មទេសចរណ៍នៃប្រទេសថៃ”។

លោកបានបន្ថែមទៀតថា “ដោយទាញយកផលចំណេញពីវិស័យបដិសណ្ឋារកិច្ចដ៏រឹងមាំរបស់ប្រទេសថៃ ការផ្ដោតយកចិត្តទុកដាក់របស់រដ្ឋាភិបាលថៃ លើឧស្សាហកម្មនេះ និងការប្តេជ្ញាចិត្តរបស់Marriott ក្នុងការនាំមកនូវឧត្តមភាព យើងនៅតែផ្តោតលើការបន្តបំពេញ តម្រូវការទេសចរណ៍ ដែលកំពុងកើនឡើងជាមួយនឹងផែនការពង្រីករបស់យើង”។

ក្រុមហ៊ុន Marriott International បន្តពង្រឹងវត្តមានរបស់ម៉ាកយីហោព្រីមៀម (Premium Brand) ដែលមានស្រាប់របស់ខ្លួននៅក្នុងប្រទេសថៃ រួមមានម៉ាកយីហោ Sheraton Hotels & Resorts ម៉ាកយីហោ Marriott Hotels ម៉ាកយីហោ Marriott Executive Apartments ម៉ាកយីហោ Westin Hotels & Resorts ម៉ាកយីហោ Le Méridien Hotels & Resorts និងម៉ាកយីហោ Renaissance Hotels ជាដើម៕ The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here