ប្រធានាធិបតីបារាំងសន្យាជំរុញក្រុមហ៊ុនបារាំងមកស្វែងរកឱកាស វិនិយោគបន្ថែមនៅកម្ពុជា

0

ដោយៈ សុផារី

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានជំរុញ  ឱ្យអ្នកវិនិយោគិនបារាំងសិក្សាស្វែងយល់ និងបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីទាញយកប្រយោជន៍ជាអតិបរមា ពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីនានា។

ឆ្លើយតបនឹងសំណើរនេះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានា​ធិបតីបារាំង បានសន្យាថា នឹងជំរុញក្រុមហ៊ុនបារាំងមកពិនិត្យមើល ឱកាសវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។

លោក អេម៉ានុយអែល ម៉ាក្រុង បានលើកឡើងដូច្នេះក្នុងឱកាសជួបពិភាក្សាការងារជាមួយ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានរដ្ឋាភិបាលបារាំងអេលីហ្សេ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។ សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោកប្រធានាធិបតីបារាំង បានអបអរសាទរ និងពេញចិត្ត ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងមិត្តភាព និងប្រវត្តិសាស្ត្រដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការពហុវិស័យ រវាងប្រទេសយើងទាំងពីរ ជាពិសេស នៅក្នុងវិស័យសេដ្ឋកិច្ច ធុរកិច្ច អប់រំ ទឹកស្អាត ធារាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន ការប្រែប្រួលអាកាសធាតុ ថាមពលកកើតថ្មី (កើតចេញពីពន្លឺ ព្រះអាទិត្យ) កសិកម្ម កសិ-ឧស្សាហកម្ម វប្បធម៌ បេតិកភណ្ឌ ទេសចរណ៍ ។ល។

ដោយឡែក នៅក្នុងកិច្ចប្រជុំរៀបចំឡើង ដោយសហព័ន្ធនិយោជកបារាំងអន្តរជាតិ (MEDEF International) សម្តេចតេជោក៏បានធ្វើបទអន្តរាគម៍បង្ហាញដល់ធុរជន និងវិនិយោគិន ប្រធាននិងជាតំណាងក្រុមហ៊ុនបារាំង អំពីលទ្ធភាព ដែលកម្ពុជាអាចងើបចេញពីវិបត្តិកូវីដ១៩ ទាំងនេះបានយ៉ាងឆាប់រហ័ស ដោយរក្សាបាននូវភាពធន់នៃសេដ្ឋកិច្ច និងដែលបានអនុញ្ញាតឱ្យកម្ពុជា នៅតែអាចឈរជើងជាគោលដៅវិនិយោគ ដ៏មានសក្តានុពលមួយនៅក្នុងតំបន់។

សម្ដេចតេជោក៏បានបញ្ជាក់ផងដែរ អំពីសក្តានុពលវិនិយោគនិងឧត្តមភាពសំខាន់ៗរបស់កម្ពុជា និងបានអំពាវនាវឱ្យក្រុមហ៊ុនបារាំង អញ្ជើញមកធ្វើការសិក្សាស្វែងយល់ និងបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីទាញយកប្រយោជន៍ជាអតិបរមា ពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីនានា ជាពិសេសក្នុងវិស័យកែច្នៃចំណីអាហារ វិស័យវេជ្ជសាស្ត្រនិងឱសថ វិស័យកម្មន្តសាលធុន ស្រាល និងវិស័យយានយន្តជាដើម។

សម្តេចតេជោ បានធានាជូនវិនិយោគិនគ្រប់រូប នូវបរិស្ថានវិនិយោគប្រកបដោយភាពអំណោយផល ជាពិសេស សន្តិភាព សន្តិសុខ និងស្ថិរភាព នយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងក្របខណ្ឌច្បាប់ ដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here