ដោយ: លាងហួរ
ប៉េកាំង: អ្នករៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ប្រទេសចិនបានឱ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសចិនបានអនុម័តគម្រោងធំៗ ចំនួន១០៦ក្រោមទុនវិនិយោគ សរុបប្រហែល២១៤,៩ពាន់លានដុល្លារអាមេរិក នៅដំណាច់ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
តាមរយៈសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ(NDRC)បានឱ្យដឹងថា នៅដំណាច់ខែវិច្ឆិកា គម្រោងជាង២.៧០០ ដែលផ្តល់ហិរញ្ញប្បទាន ដោយឧបករណ៍ហិរញ្ញវត្ថុ នៃការអភិវឌ្ឍនិងផ្អែកលើគោលនយោបាយ បានចាប់ផ្តើមការសាងសង់ហើយ។
កូតាវិនិយោគប្រចាំឆ្នាំសរុប ដែលមានតម្លៃ៦៤០ពាន់លានយ័ន ពីថវិការបស់រដ្ឋាភិបាលកណ្តាល ត្រូវបានបែងចែកទាំងអស់ហើយអត្រានៃគម្រោងដែលកំពុងសាងសង់ បានឈានដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលជិត៥ឆ្នាំ។
NDRC បានអះអាងថា ខ្លួននឹងបង្កើនល្បឿន នៃការប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុនៃការអភិវឌ្ឍ និងផ្អែកលើគោលនយោបាយ និងការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកការវិនិយោគ ប្រកបដោយប្រសិទ្ធភាព។
NDRC បានបញ្ជាក់ថា “ជាមួយនឹងការកែលម្អការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ និងគោលនយោបាយគាំទ្រសេដ្ឋកិច្ច ល្បឿនកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនត្រូវបានគេរំពឹងថា នឹងរក្សាបាននូវនិន្នាការកើនឡើង”៕