ដោយៈ ឡោ វិចិត្រអនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា ចិន
ភ្នំពេញ: ប្រទេសកម្ពុជាកំពុងក្លាយជាប្រទេសដ៏លេចធ្លោ និងមានសក្តានុពលរីកចម្រើនលើគ្រប់វិស័យនៅក្នុងតំបន់ ស្របពេលវិនិយោគិនបរទេសជាច្រើនសម្លឹងឃើញប្រទេសនេះ ជាគោលដៅវិនិយោគ ដោយសារមានកត្តាអំណោយផលនិងទាក់ទាញជាច្រើន។
ប្រទេសកម្ពុជា នឹងមាន “សភាកសិកម្ម” មួយដែលធំជាង និងតំណាងជាងសហព័ន្ធស្រូវ អង្ករទៅទៀតនៅក្នុងពេលឆាប់ៗនេះ។
លើសពីនោះ ការបើកសម្ពោធដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំក្រោយ ដែលអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាណិជ្ជកម្មអន្តរជាតិ នឹងពង្រឹងបន្ថែមទៀតនូវក្របខណ្ឌច្បាប់ និងយន្តការសម្រាប់វិនិយោគិនអន្តរជាតិនៅកម្ពុជាប្រកបដោយសុវត្ថិភាព និងទំនុកចិត្តក្នុងបរិយាកាសទីផ្សារបើកចំហ និងយុត្តិធម៌ ដោយផ្អែកលើ នីតិរដ្ឋ ស្តង់ដារពាណិជ្ជកម្មអន្តរជាតិ និងបទប្បញ្ញត្តិ។
យោងតាមអង្គការឃ្លាំមើលម៉ាក្រូសេដ្ឋកិច្ច ក្នុងតំបន់(AMRO)បានឱ្យដឹងថា អត្រាអតិផរណារបស់កម្ពុជាមានកម្រិតទាបជាង បើធៀបនឹងបណ្តាប្រទេសភាគច្រើនផ្សេងទៀតនៅក្នុងតំបន់។
ដោយសារតែមានអត្រាអតិផរណាទាបនោះហើយ ទើបកម្ពុជាក្លាយជាប្រទេសមានអំណាចនៃការទិញដ៏ខ្ពស់មួយ បើធៀបនឹងប្រទេសផ្សេងទៀតក្នុងតំបន់។ បូករួមនឹងគោលនយោបាយរូបិយបណ្ណ ដែលដំណើរការដោយប្រាក់ដុល្លារអាមេរិករបស់យើង នឹងជំរុញឱ្យការវិនិយោគ នៅក្នុងប្រទេសកម្ពុជាកាន់តែមានស្ថិរភាព។
ម្យ៉ាងវិញទៀត កម្ពុជាក៏កំពុងចាប់ផ្តើមប្រើប្រាស់ថាមពលបៃតង ដើម្បីកាត់បន្ថយការបំភាយកាបូន ថ្លៃដើមអគ្គិសនី និងការផលិតថាមពលសម្រាប់រយៈពេលមធ្យម និងរយៈពេលវែង ក្នុងគោលបំណងបង្កើនការប្រកួតប្រជែងរបស់យើងបន្ថែមទៀត ដើម្បីបង្កើតប្រាក់ចំណេញ សម្រាប់ឧស្សាហកម្មប្រើប្រាស់ថាមពលខ្ពស់។
ដូច្នេះហើយ កម្ពុជានឹងមានការប្រកួតប្រជែងកាន់តែខ្លាំង នៅក្នុងវិស័យនេះ សម្រាប់ការវិនិយោគរយៈពេលមធ្យម និងរយៈពេលវែង ដែលនេះជាចំណុចសំខាន់ សម្រាប់វិនិយោគិនអន្តរជាតិ គួរកត់សម្គាល់នៅពេលពិចារណាមកបណ្តាក់ទុននៅកម្ពុជា។
ចំណែក វិស័យធនាគារនៅកម្ពុជា ក៏នឹងមានការរីកចម្រើនជាលំដាប់ ដោយមានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បើកសាខាកាន់តែច្រើនឡើងៗក្នុងប្រទេសកម្ពុជា ដោយសារអតិថិជនដាក់ប្រាក់បញ្ញើកាន់តែខ្ពស់ និងមានតម្រូវការកម្ចីពាណិជ្ជកម្ម និងកម្ចីទិញផ្ទះកាន់តែខ្ពស់ពីធនាគារ។ ជាភាពជាក់ស្តែង ធនាគារធំៗកាន់តែច្រើនឡើងៗបានបើក និងពង្រីកសាខារបស់ខ្លួន នៅទូទាំងប្រទេសក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។
នេះមិនមែនជាទ្រឹស្ដីសេដ្ឋកិច្ចទៀតនោះទេ ប៉ុន្តែជាមួយនឹងអង្គហេតុ និងភ័ស្តុតាងដ៏ច្រើនសន្ធឹកសន្ធាប់ បានឆ្លុះបង្ហាញឱ្យឃើញថា កម្ពុជាកំពុងដើរនៅលើផ្លូវឆ្ពោះ ទៅក្លាយជាប្រទេស “ខ្លាសេដ្ឋកិច្ចអាស៊ី” នៅក្នុងរយៈពេលពី៥ទៅ១០ឆ្នាំខាងមុខ។
មែនទែនទៅធនាគារអភិវឌ្ឍន៍អាស៊ី កាលពីឆ្នាំ២០១៥បានប្រកាសកម្ពុជា “ជាខ្លាសេដ្ឋកិច្ចអាស៊ី”រួចទៅហើយ ដោយសារការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសនេះ ដែលសម្រេចបានកំណើនក្នុងរវង្វង់៧ភាគរយ ក្នុងរយៈពេលពីរទសវត្សរ៍។
បើយើងងាកក្រឡេកមកមើលវិស័យ អចលនទ្រព្យកម្ពុជាវិញម្តង នោះអ្នកគ្រប់គ្នាប្រាកដជាបានឃើញហើយថា សំណង់អគារចំនួនជាង១០០០កន្លែង នៅខេត្តព្រះសីហនុកំពុងជាប់គាំង ហើយនៅរាជធានីភ្នំពេញក៏មានករណីនេះផងដែរ។
ដើម្បីឆ្លើយតបចំពោះបញ្ហានេះ មធ្យោបាយគឺត្រូវគ្រប់គ្រងបន្ថែមទៀតដោយរដ្ឋាភិបាល ឬតាមរយៈការចុះបញ្ជីជាសាធារណៈរបស់ក្រុមហ៊ុន ដើម្បីឱ្យមូលនិធិដែលបានស្នើឡើង និងការប្រើប្រាស់មូលនិធិ ត្រូវបានគ្រប់គ្រង និងអនុវត្តតាមគោលការណ៍ណែនាំ និងនីតិវិធីច្បាប់របស់និយតករកម្ពុជា។
ក្រុមវិនិយោគិនក្នុងស្រុក និងបរទេសកាន់តែចាប់អារម្មណ៍ ក្នុងការវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា នៅពេលដែលពួកគេយល់ជ្រាបអំពីវិធី ដែលមូលនិធិត្រូវបានលើកឡើងដោយស្របច្បាប់ និងរបៀបប្រើប្រាស់មូលនិធិឱ្យបានត្រឹមត្រូវ ដូចដែលត្រូវបានគ្រប់គ្រងដោយនិយតករកម្ពុជា។
និយតករអាចធានាថាមូលនិធិត្រូវបានប្រើប្រាស់ និងអនុលោមតាមគោលការណ៍ណែនាំ និងនីតិវិធីច្បាប់ ដើម្បីការពារផលប្រយោជន៍របស់វិនិយោគិន ក្នុងករណីក្រុមហ៊ុនដែលបានចុះបញ្ជី ប្រើប្រាស់មូលនិធិមិនត្រឹមត្រូវ។
លើសពីនេះ និយតករអាចដើរតួនាទីជាអ្នកធានា ដែលកត្តានេះនឹងជំរុញឱ្យវិនិយោគិនបរទេស មានទំនុកចិត្តយ៉ាងខ្លាំង នៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។
វាក៏នឹងពង្រឹងក្រុមហ៊ុនឯកជនកម្ពុជា ឱ្យកែលម្អតារាងតុល្យការ និងរបាយការណ៍ប្រាក់ចំណេញ និងការខាតបង់ ព្រមទាំងផែនការអាជីវកម្ម និងប្រតិបត្តិការក្នុងរយៈពេល៥ ទៅ១០ឆ្នាំរបស់ពួកគេ ដើម្បីបញ្ចុះបញ្ចូលគណៈកម្មការមូលបត្រ ឱ្យចុះបញ្ជីក្រុមហ៊ុនរបស់ពួកគេ នៅក្នុងផ្សារហ៊ុនកម្ពុជា។
កម្ពុជា ក៏ជាប្រទេសមានប្រាក់ចំណូលខ្ពស់លើការវិនិយោគ និងភាគលាភខ្ពស់បំផុតមួយ ក្នុងចំណោមបណ្តាប្រទេសអាស៊ាន ផ្សេងៗទៀតផងដែរ ខណៈកម្ពុជាប្រកាន់យកប្រាក់ដុល្លារអាមេរិក ជារូបិយប័ណ្ណចម្បងរបស់ខ្លួន៕