ប្រទេសថៃគ្រោងចំណាយ១៤០លានដុល្លារអាមេរិកសាងសង់ទីក្រុងឌីជីលគំរូមួយនៅច្រករបៀងសេដ្ឋកិច្ចភាគបូព៌ានៅឆ្នាំ២០២៣

0

ដោយ៖ សុខុម

បាងកក: ការសាងសង់គម្រោងទីក្រុងឌីជីថលមួយតម្លៃ៥ពាន់លានបាត (១៤០លានដុល្លារអាមេរិក) ដែលតាមការរំពឹងទុកថានឹងក្លាយជាគំរូ សម្រាប់ទីក្រុងឌីជីថល នាពេលអនាគតនៅប្រទេសថៃ គ្រោងនឹងចាប់ផ្ដើមនៅឆ្នាំ២០២៣ នៅច្រករបៀងសេដ្ឋកិច្ចភាគពាយ័ព្យ (EEC) តាមរយៈការចាប់ដៃគូសហការរវាងវិស័យរដ្ឋ និងឯកជន។

យោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ឱ្យដឹងថា គម្រោង Silicon Tech Park ដែលគេប្រសិទ្ធនាមថា “Silicon Valley of the East” និងដែលអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុន Planet Communications Asia Plc ក្រុមហ៊ុន Cisco និងការិយាល័យច្រករបៀងសេដ្ឋកិច្ចភាគពាយ័ព្យ (EEC Office) នេះនឹងត្រូវសាងសង់លើផ្ទៃដីប្រមាណពី៥០០រ៉ៃ (៨០ហិកតា) ទៅ៧០០រ៉ៃ (១០២ហិកតា) ស្ថិតក្នុងស្រុកបាន ឆាង (Ban Chang) ខេត្តរ៉ាក់យ៉ង ប្រទេសថៃ។

លោក Prapat Rathlertkan នាយកប្រតិបត្តិក្រុមហ៊ុន Planet Communications Asia លើកឡើងថា “យើងកំពុងស្នើសុំឱ្យរដ្ឋាភិបាលបញ្ចុះថ្លៃអគ្គិសនី២០% ពីព្រោះក្រុមវិនិយោគិនបរទេសត្អូញត្អែរថា អគ្គិសនីបច្ចុប្បន្នមានតម្លៃខ្ពស់ ហើយអាជីវកម្មរបស់ពួកគេត្រូវការប្រើប្រាស់អគ្គិសនីច្រើន”។

លោកបានបន្តថា វិនិយោគិនជាច្រើន ដែលមកពីប្រទេសអារ៉ាប៊ីសាអូឌីត កោះតៃវ៉ាន់ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបង្ហាញចំណាប់អារម្មណ៍ចង់វិនិយោគលើគម្រោងបច្ចេកវិទ្យាជាន់ខ្ពស់នានា នៅឧទ្យានខាងលើនេះ។

លោកបន្ថែមទៀតថា “គម្រោងវិនិយោគនានាដែលត្រូវបានកំណត់គោលដៅរួមមានមជ្ឈមណ្ឌលរក្សាទុកទិន្នន័យ និងការឌីហ្សាញ អាជីវកម្ម Cloud ការស្រាវជ្រាវ និងអភិវឌ្ឍន៍”។

គម្រោង Silicon Tech Park បង្កើតឡើងដើម្បីជាកន្លែងធ្វើការបែបសម័យថ្មីសម្រាប់អាជីវកម្ម Startup ផ្នែកបច្ចេកវិទ្យា។ ក្រុមវិនិយោគិនរំពឹងថា វានឹងក្លាយជាម៉ូឌែលគំរូមួយ សម្រាប់ការប្រើប្រាស់បច្ចេកវិទ្យាថាមពលកកើតឡើងវិញ និងថាមពលបៃតង ដើម្បីបង្កើតបរិស្ថានមួយប្រកបដោយនិរន្តរភាព សម្រាប់អនាគតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here