ក្រសួងទេសចរណ៍និងស្ថានកុងស៊ុលចិនពង្រឹងគុណភាពសេវាកម្មដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍ចិន

0

ដោយៈ គង់ សូរិយា

       សៀមរាបៈ ក្រសួងទេសចរណ៍ បានរៀបចំសិក្ខាសាលាស្តីពីការលើកកម្ពស់គុណភាព ការផ្តល់សេវាកម្មទេសចរណ៍ សម្រាប់ភ្ញៀវទេសចរចិន តាមរយៈកិច្ចសហការជាមួយស្ថានកុងស៊ុលចិន ប្រចាំខេត្តសៀមរាប។

ពិធីនេះធ្វើឡើង ក្រោមអធិបតីភាពរបស់ លោកជា សែ អនុរដ្ឋលេ​ខាធិការក្រសួងទេសចរណ៍ និងលោក Liu Zhijie ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប។

សិក្ខាសាលាស្តីពីការលើកកម្ពស់ គុណភាពការផ្តល់សេវាកម្មទេសច​រណ៍សម្រាប់ភ្ញៀវទេសចរចិន ក្រោមមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាងនេះ បានរៀបចំឡើងស្របពេលវេលា នឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ នៅក្នុងការជំរុញអភិវឌ្ឍសមត្ថភាពអ្នកជំនាញទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ ដើម្បីត្រៀមលក្ខណៈទទួលភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរចិនមកកាន់កម្ពុជា។

ក្នុងអង្គសិក្ខាសលាក៏បានគួរកត់សម្គាល់ផងដែរថា ប្រទេសកម្ពុជា ក្រោមនយោបាយវ៉ាក់សាំង របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ឆ្នើម បានឈានដល់ការបើកសកម្មភាពសេដ្ឋកិច្ច សង្គម និងទេសចរណ៍ នៅក្នុងគន្លងប្រក្រតីភាពថ្មីឡើងវិញ រហូតឈានដល់ការទទួលចំណាត់ថ្នាក់ជាប្រទេស ដែលអាចបើកសកម្មភាពសេដ្ឋកិច្ច សង្គមលឿន ជាងគេ និងជាប្រទេសដែលមានសុវត្ថិភាព សម្រាប់ការទស្សនាទេសចរណ៍ផងដែរ។

ការបើកដំណើរការសេដ្ឋកិច្ច សង្គមឡើងវិញនេះ បានជំរុញឱ្យមានការកម្សាន្តទេសចរណ៍ នៅតាមគោលដៅទេសចរណ៍។ ជាមួយនឹងការងើបឡើង​​វិញនៃវិស័យទេសចរណ៍នេះ ក្រសួងទេសចរណ៍បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងគុណភាពសេវាកម្ម ប្រកបដោយគុណភាព និងសុវត្ថិភាព ជូនភ្ញៀវទេសចរតាមគន្លងថ្មី និងបន្តជំរុញផ្សព្វផ្សាយទាក់ទាញទេសចរណ៍ទាំងទេសចរណ៍អន្តរជាតិ និងទេសចរណ៍ក្នុងស្រុក ដែលជាទិសដៅយុទ្ធសាស្រ្តក្នុងដំណាក់កាលទី២ នៃផែនការស្តារ និងអភិវឌ្ឍវិស័យទេសចរណ៍ក្នុង និងក្រោយដំណាក់កាលកូវីដ-១៩ ឆ្នាំ២០២០-២០២៥។

ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ចាំបាច់ទាមទារឱ្យមានការគិតគូរដល់ការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពអ្នកជំនាញ ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ និងវិជ្ជាជីវៈខ្ពស់នៅ ក្នុងការផ្តល់សេវាកម្មដល់ទេសចរកាន់តែប្រសើរ និងប្រកបដោយភាពពេញចិត្តដល់ភ្ញៀវ ដែលធ្វើដំណើរកំសាន្តនៅតាមគោលដៅទេសចរណ៍។

ជាក់ស្តែង គិតចាប់ពីខែមិថុនា ឆ្នាំ២០២០ រហូតមកដល់ ខែធ្នូ ឆ្នាំ២០២២ នេះ សិក្ខាកាមសរុបដែលសិក្សា តាមថ្នាក់នៅក្នុងប្រព័ន្ធនេះ មានប្រមាណ៦៩,៥៩៥នាក់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here