ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនECOCAM របស់កូរ៉េខាងត្បូង បាននិងកំពុងស្វះស្វែងរកការគាំទ្រ ដើម្បីវិនិយោគកែច្នៃសំរាម ទៅជាថាមពលប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។
ក្នុងឱកាសអញ្ជើញចូលជម្រាបលា បញ្ចប់បេសកកម្មការងារជាឯកអគ្គរដ្ឋទូតកូរ៉េនៅកម្ពុជា លោក ប៉ាក ហឹងឃ្យូង ក៏បានឆ្លៀតស្វែងរកការគាំទ្រពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លើគម្រោងខាងលើនេះផងដែរ។
-->
ក្នុងជំនួបជម្រាបលានារសៀលថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោហ៊ុន សែន បានបង្ហាញនូវការគាំទ្រពេញទំហឹង ចំពោះគម្រោងវិនិយោគ កែច្នៃសំរាម ទៅជាថាមពលប្រើប្រាស់នេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រុមហ៊ុនធ្វើការជាមួយ លោកសុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលពល ព្រមទាំងរដ្ឋបាលរាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថានធ្លាប់បានឱ្យដឹងថា ក្នុងមួយឆ្នាំកម្ពុជា បានបង្កើតសំរាមជិត៤លានតោន ពោលគឺនៅទូទាំងប្រទេសមានសំរាមមានជាង១ម៉ឺននតោនក្នុងមួយថ្ងៃ។
ដោយឡែកនៅរាជធានីភ្នំពេញ សំរាមដែលបង្កើតឡើងមានចន្លោះពី ២,៧០០ ទៅ៣,០០០តោនក្នុងមួយថ្ងៃ។ ក្នុងនោះសំណល់ម្ហូបអាហារមានចំនួន៥៧.៤០% សំណល់ថង់ប្លាសស្ទិកមានប្រមាណ១៨.១០% សំណល់ក្រដាស ៦% កៅស៊ូ និងស្បែក០.២% សំណល់ស្មៅ ឈើ ក្រណាត់ ថ្ម និងផ្សេងៗមានចំនួន ១៨.៣០%។
គម្រោងកែច្នៃសំរាម ទៅជាថាមពលប្រើប្រាស់ ត្រូវបានគេមើលឃើញថា នឹងរួមចំណែកយ៉ាងសំខាន់ដល់បរិស្ថានកម្ពុជា ជាពិសេសគឺបំលែងសំរាម និងកាកសំណល់ទៅជាប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងការប្រើប្រាស់របស់មនុស្ស៕
