តម្លៃផ្សារហ៊ុនរបស់Teslaហក់ឡើងស្រឺតៗដោយសារក្ដីរំពឹងថាលោក Elon Musk នឹងដកខ្លួនចេញពីក្រុមហ៊ុន Twitter

0

ដោយៈ សុខុម

ញូវយ៉ក: ភាគហ៊ុនរបស់ Tesla Inc បានហក់ឡើងដោយសារក្ដីរំពឹងថា កំពូលមហាសេដ្ឋី Elon Musk នឹងដកខ្លួនចេញពីក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមខ្នាតយក្ស Twitter Inc ដែលបានធ្វើឱ្យលោករយាលដៃពីការងារគ្រប់គ្រង ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខាងលើនេះ ច្រើនខែមកហើយ។

ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានហក់ឡើងរហូតដល់៥,៣% មុនពេលចាប់ផ្តើមការជួញដូរធម្មតា​ កាលពីថ្ងៃច័ន្ទ ទី១៩ ខែធ្នូ។ ភាគហ៊ុន Tesla បានដាំក្បាលចុះរហូតដល់ទៅ៥៨% ចាប់តាំងពីលោក Elon Musk បានទម្លាយដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលថា លោកមានភាគហ៊ុននៅក្នុងក្រុមហ៊ុនTwitter ដោយធ្លាក់ចុះ១៥% ក្នុងសន្ទស្សន៍ផ្សារហ៊ុនអាមេរិក S&P 500។

លោក Elon Musk ដែលមានវ័យ៥១ឆ្នាំ បានសរសេរបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមTwitter កាលពីថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ថា លោកបានរៀបចំការស្ទង់មតិមួយ​ លើបណ្ដាញទំនាក់ទំនងសង្គម Twitter ដើម្បីចង់ដឹងថា តើលោកគួរចុះចេញពីតំណែងនាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន Twitter ដែរឬទេ ហើយថា លោកនឹងគោរពតាមលទ្ធផលនៃការស្ទង់មតិនេះ។

អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម Twitter ជាង១៧,៥លាននាក់​ បានចូលរួមធ្វើការបោះឆ្នោត ហើយ៥៧,៥% ក្នុងចំណោមនោះបានគាំទ្រឱ្យលោកបោះបង់តួនាទីជានាយកប្រតិបត្តិ។

ដោយហេតុថា ការសម្រេចចិត្តរបស់លោក Elon Musk បន្ទាប់ពីការស្ទង់មតិទាំងនេះភ្លាមៗពេក គេមិនច្បាស់ថា តើលោកនឹងធ្វើអ្វីបន្ទាប់ចំពោះក្រុមហ៊ុនTwitter នោះឡើយ។

លោក Elon Musk បានសរសេរបង្ហោះលើ Twitter ថា រកមនុស្សម្នាក់ទៀតមកធ្វើជា CEO ពិតជាពិបាកណាស់ ហើយថាក្រុមហ៊ុន Twitter “បានដាំក្បាលចុះយ៉ាងលឿន ឆ្ពោះទៅរកការក្ស័យធន ចាប់តាំងពីខែឧសភា”។

លោកបានសរសេរបង្ហោះក្នុងផុសមួយផ្សេងទៀតថា “គ្មាននរណាម្នាក់ចង់បានមុខតំណែងនេះទេ ព្រោះវាជាការទទួលបន្ទុកធំ ធ្វើយ៉ាងណា  ឱ្យក្រុមហ៊ុន Twitter បន្តរស់រាន គឺរកមិនបានមនុស្សមកជំនួសតំណែងនេះតែម្ដង”៕ The Edge Markets៕

LEAVE A REPLY

Please enter your comment!
Please enter your name here