ដោយៈ គង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យកម្ពុជា បានមើលឃើញលើមូល ដ្ឋានខុសៗគ្នា ទាក់ទងនឹងស្ថានភាពអចលនទ្រព្យ នាឆ្នាំ២០២៣ខាងមុខនេះ។
អគ្គនាយិកាក្រុមហ៊ុនPropNex Cambodia អ្នកស្រីអាន សុធីតាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី២០ ធ្នូកន្លងមកថា វាពិតជាពិបាកក្នុងការលើកឡើងពីបញ្ហានេះថា ស្ថានភាពវាមានសភាពដូច ម្តេច ព្រោះស្ថានភាពជំងឺកូវីដ១៩ នៅមានបញ្ហានៅប្រទេសមួយចំនួន និងបញ្ហាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន មិនមានភាពច្បាស់លាស់ថា នឹងមានបញ្ហាអ្វីកើតឡើងឬបញ្ចប់។
អ្នកស្រីបន្តថា “យើងពិបាកក្នុងការព្យាករណ៍ ទាក់ទងនឹងបញ្ហានេះ វាមានសភាពមិនច្បាស់លាស់ទាំងអស់គ្នា ហេតុនេះវាឆាប់ពេក ក្នុងការនិយាយពីស្ថានភាពទីផ្សារជាក់លាក់”។
យ៉ាងណាអ្នកស្រីអាន សុធីតានៅតែមើលឃើញថា វិស័យមួយចំនួននឹងមានកំណើនល្អប្រសើរ ដូចជា ការវិនិយោគផ្នែកសណ្ឋាគារ បុរី ការវិនិយោគដីធ្លីជាដើម។
ជាមួយគ្នានេះ លោកឧកញ៉ា ឃាង ពុទ្ឋីប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានបដិសេធមិនអត្ថាធិប្បាយ ដោយគ្រាន់តែលើកឡើងស្ថានភាព ស្ថិតក្នុងសភាពផុយស្រួយ និងមិនទាន់ច្បាស់លាស់ផងដែរ។
នៅពេលលើកឡើងថា ស្ថានភាពនឹងដាច់បានឬយ៉ាងណា លោកឃាង ពុទ្ឋីបានដាក់ស្ទីកគ័រសើច។
លើសពីនេះប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ថា ទីផ្សារពិតជាមានសភាពលំបាកនៅចុងឆ្នាំនេះ និងអាចអូសបន្លាយដល់ដើមឆ្នាំ២០២៣ ប៉ុន្តែអ្វីៗនឹងមានសភាពប្រសើរឡើង សម្រាប់អនាគតឆាប់ៗខាងមុខ ព្រោះការលំបាកនេះ នឹងមានក្នុងរយៈពេលខ្លីប៉ុណ្ណោះ។
លោកបានលើកទឹកចិត្តអ្នកមានលុយ គួរវិនិយោគលើដីធ្លី បើទោះមានផលចំណេញទាប ប៉ុន្តែស្ថានភាពនឹងប្រសើរ និងផ្តល់ផលចំណេញខ្ពស់សម្រាប់រយៈពេលមធ្យមខាងមុខ។
ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានមានប្រសាសន៍ថា ស្ថានភាពអចលនទ្រព្យឆ្នាំ២០២៣នឹងមានសភាពល្អប្រសើរឡើងវិញ ប៉ុន្តែទាមទារឲ្យអ្នកវិនិយោគសិក្សាពីទីផ្សារឲ្យបានច្បាស់លាស់ និងប្រុងប្រយ័ត្នជាងមុន។
លោកឧកញ៉ាបានបន្តថា “ក្នុងស្ថានភាពបច្ចុប្បន្ន មានតែអ្នកខ្លាំងទេ ទើបអាចរស់ និងឈរជើងលើទីផ្សារបាន”៕