ដោយៈ ជេស៊ីកា
ព្រះសីហនុៈ ក្រុមហ៊ុន CANOPY SANDS DEVELOPMENT Co.,LTD និងក្រុមហ៊ុនPrince Real Estate Group បានបើកដំណើរការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម លំនៅដ្ឋាន ទីតាំងលំហែរកម្រិតអន្តរជាតិ លើដីទំហំ៨៣៤ហិកតា នៅក្នុងតំបន់រាម។
គំរោងនេះ ត្រូវបានប្រសិទ្ឋនាមឈ្មោះថា BAY OF LIGHTS(អតីតៈគំរោងទីក្រុងរាម) មានទីតាំងស្ថិតនៅស្រុកឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
គម្រោង BAY OF LIGHTS ជាគម្រោងអភិវឌ្ឍលំដាប់ថ្នាក់ពិភពលោក ដែលបានបំផុសគំនិតទម្រង់ទីប្រជុំជនមួយ ប្រកបដោយនិរន្តរភាព សម្រាប់ស្រុកព្រៃនប់ ដែលគ្របដណ្ដប់លើផ្ទៃដី៨៣៤ហិកតា នៅតំបន់ឆ្នេររាម ផ្ដល់នូវភាពល្អឥតខ្ចោះទាំងទីតាំង ដើម្បីបង្កើនការងារជូនប្រជាពលរដ្ឋកម្ពុជា រាប់ម៉ឺននាក់នាពេលខាងមុខ។
លោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុអញ្ជើញបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់គម្រោង BAY OF LIGHTS GROUND BREAKING CEREMONYព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។
លោកគួច ចំរើន បានមានប្រសាសន៍ថា “ខ្ញុំពិតជាមានមោទនភាព និងកោតសរសើរក្រុមហ៊ុនព្រីន ដែលបានចាប់ដៃធ្វើការអភិវឌ្ឍនៅតំបន់នេះ ទៅបីថាមានការគំរាមកំហែងពីជំងឺកូវីដ”។ លោកបន្តថា “ប៉ុន្តែនៅទីនេះ ក្រុមហ៊ុនបានបន្តសកម្មភាពរបស់ខ្លួន ទោះបីលំបាក ដើរយឺត យើងបានឃើញហើយថា នៅទីនេះមានផ្ទៃទឹក ដោយសារតែមានសក្តានុពលធ្វើការអភិវឌ្ឍ”។
លោកអភិបាលខេត្តបានបញ្ជាក់ថា នេះគឺជាសក្ខីភាពដែលបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគ មកលើរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ស្របតាមចក្ខុវិស័យដល់ឆ្នាំ២០៣៨ នៃគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូ ពហុបំណង និងជាតារារះនាទិសនារតី។
យោងតាមឯកសារគោលនយោបាយ ដែលបានរៀបចំដោយក្រុមការងារកម្ពុជា ចិន ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ជាទីក្រុងពហុបំណងបានបង្ហាញថា គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ត្រូវបានគ្រប់គ្រងប្រើប្រាស់បែងចែក ការពារ និងអភិវឌ្ឍប្រកបដោយសមធម៌ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងចីរភាព ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ជាទីក្រុងបៃតងអាស៊ាន នៃប៉ូលអភិវឌ្ឍជាតិទំនើបប្រកបដោយចីរភាព ផាសុខភាព និងសុភមង្គលនៅតំបន់ឆ្នេរសមុទ្រកម្ពុជា។
ផែនការនេះ ធ្វើឡើងតាមរយៈការជំរុញ សមាហរណកម្មការអភិវឌ្ឍទីក្រុងឆ្លាតវៃ ការអភិវឌ្ឍបៃតង រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ មានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងមជ្ឈមណ្ឌលឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យាទំនើបមានសុខដុមនីយកម្ម ជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ។ ស្របពេលដែលរាជរដ្ឋាភិបាល បានដាក់ឱ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ធ្វើឱ្យភ្ញៀវទេសចរជាតិ អន្តរជាតិ មកកាន់ខេត្តព្រះសីហនុ មានការកើនឡើងជាគំហុក៕