ការគាំទ្ររបស់រដ្ឋាភិបាលចិនលើការគាំទ្រក្រុមហ៊ុននានាស្វែងរកឱកាសវិនិយោគនៅបរទេស ក្តីសង្ឃឹមសម្រាប់កម្ពុជា

0

ដោយ: លាងហួរ

ប៉េកាំង: ក្តីសង្ឃឹម នៃការត្រលប់មកវិញរបស់អ្នកវិនិយោគចិន មកកាន់កម្ពុជា ទំនងជាមានសុទិដ្ឋិនិយមជាងមុន ខណៈរដ្ឋាភិបាលចិនបាននិងកំពុងលើកទឹកចិត្តដល់ក្រុមហ៊ុននានា ដែលមានបំណងស្វែងរកការវិនិយោគនៅបរទេស។

កាលពីសប្តាហ៍មុន ក្រុមប្រឹក្សាពាណិជ្ជកម្មរបស់ប្រទេសចិន បានរាយការណ៍ឱ្យថា ខ្លួនបានចាត់ចំណាត់ការ ដើម្បីស្ដារឡើងវិញនូវពិព័រណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្មនៅក្រៅប្រទេស ដើម្បីជួយដល់អ្នកធុរកិច្ចចិនក្នុងការស្វែងរកឱកាសវិនិយោគ នៅក្នុងបណ្តាប្រទេសផ្សេងទៀត។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា អ្នកវិនិយោគចិននឹងមកកាន់កម្ពុជាឡើងវិញ ខណៈបច្ចុប្បន្ននេះចំនួនអ្នកវិនិយោគចិន តិចតួចបានត្រលប់មកវិញបណ្តើរៗហើយ ប៉ុន្តែស្ថិតក្នុងសភាពមានកម្រិតនៅឡើយ។

លោកបានបង្ហាញសុទិដ្ឋិនិយមថា “អ្នកវិនិយោគចិនក្នុងចំនួនច្រើន

នឹងត្រលប់មកកម្ពុជាវិញ បន្ទាប់ពីរដ្ឋាភិបាលចិន បានកាត់បន្ថយការរឹតបន្តឹង និងគោលនយោបាយហ្សេរ៉ូកូវីដរបស់ខ្លួន”។

អំឡុងពេលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន កាលពីខែវិច្ឆិកា លោកលី ខឺឈាងនាយករដ្ឋមន្រ្តីចិន បានថ្លែងប្រាប់សម្តេចតេជោហ៊ុន សែននាយ​ករដ្ឋមន្រ្តីនៃកម្ពុជាថា ប្រទេសចិននឹងពន្លឿនការកសាងសហគមន៍ វាសនារួមជាមួយកម្ពុជា និងជម្រុញការវិនិយោគមកកាន់ប្រទេសនេះផងដែរ។

ជាមួយគ្នានេះ លោកChin Binតំណាងក្រុមហ៊ុនRoad &Sea China Consulting Co, Ltd ប្រចាំកម្ពុជា អ្នកវិនិយោគចិនមួយរូប និងជាសមាជិកនៃសម្ព័ន្ឋមួយ ដែលមានប្រធានាធិបតីចិន លោកហ្ស៊ី ជីនពីងជាប្រធានកិត្តិយសបានថ្លែងឲ្យដឹងថា អ្នកវិនិយោគចិន នឹងត្រលប់មកកាន់កម្ពុជាច្រើនឡើងវិញ ក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិចិន នាពេលខាងមុខនេះ។

លោកបន្តថា “អ្នកវិនិយោគចិន នឹងចូលមកកាន់កម្ពុជាដោយពួកគេនឹងសម្លឹងមកកាន់ទីផ្សារនេះ ជាមួយនឹងគោលដៅវិនិយោគលើវិស័យថ្មីៗមួយចំនួនផងដែរ”។

ផ្អែកលើកត្តាភូមិសាស្រ្តនយោបាយ គោលនយោបាយខ្សែក្រវ៉ាត់ និងផ្លូវ និងទំនាក់ទំនងយ៉ាងរ៉ឹងមាំរវាងមេដឹកនាំប្រទេសទាំងពីរ ប្រទេសចិននឹង​បន្តគាំទ្រកម្ពុជាក្នុងដំណើរឆ្ពោះទៅមុខ ជាមួយនឹងការពង្រីកលំហូរអ្នកធុរកិច្ចមកកាន់កម្ពុជា និងការពង្រីកការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ឋនានា ដើម្បីជម្រុញសេដ្ឋកិច្ចរបស់ប្រទេសនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here