ដោយ: លាងហួរ
បាងកក: ក្រុមហ៊ុនអាកាសចរណ៍ Thai Airways International (THAI) គ្រោងបន្ថែមយន្តហោះយ៉ាងហោចណាស់៩គ្រឿង ទៅក្នុងប្រតិបត្តិការរបស់ខ្លួនក្នុងត្រីមាសទី១ ឆ្នាំ២០២៣។
លោកSuvadhana Sibunruang នាយកប្រតិបត្តិស្តីទីបានមានប្រសាសន៍ថា ក្រុមហ៊ុននេះ ក៏គ្រោងបង្កើនជើងហោះហើររបស់ខ្លួន ទៅកាន់អឺរ៉ុប និងជប៉ុន ដើម្បីបំពេញតម្រូវការកើនឡើង នៃវិស័យទេសចរណ៍ក្រោយជំងឺរាតត្បាតផងដែរ។
លោកបានបន្តថា ក្រុមហ៊ុន Thai Airways International (THAI) គ្រោងដាក់ឱ្យដំណើរការយន្តហោះ ប្រភេទA330-300ចំនួន៣គ្រឿង និងយន្តហោះB777-200ER ចំនួន២គ្រឿងរបស់ខ្លួនឡើងវិញ ដែលត្រូវបានផ្អាក ដោយសារតែមានផលប៉ះពាល់ លើឧស្សាហកម្មធ្វើដំណើរពីជំងឺរាតត្បាត។
យន្តហោះទាំង៥គ្រឿងនោះ កំពុងស្ថិតក្រោមការជួសជុលថែរទាំ មុននឹងត្រឡប់មក បម្រើសេវាពេញលេញឡើងវិញនៅឆ្នាំក្រោយ។
លោក Suvadhana បានបន្ថែមថា ក្រុមហ៊ុន THAI នឹងជួលយន្តហោះ A350-900 ចំនួន៤គ្រឿងទៀត ជាមួយនឹងកិច្ចសន្យារយៈពេល១២ឆ្នាំ ក្នុងតម្លៃ៧៧០.០០០ដុល្លារអាមេរិកក្នុង១គ្រឿង។
លោកបានបញ្ជាក់ថា ការជួលនេះកំពុងត្រូវបានពិចារណា ដោយអាជ្ញាធរអាកាសចរណ៍ស៊ីវិល នៃប្រទេសថៃ (CAAT) និងក្រសួងដឹកជញ្ជូន ហើយយន្តហោះថ្មីដំបូងគេ នឹងត្រូវដឹកជញ្ជូនមកដល់ នៅខែមីនាឆ្នាំ២០២៣។
ទោះជាយ៉ាងណាក្តី ក្រុមហ៊ុនTHAI គ្រោងលក់យន្តហោះAirbus A380 ចំនួន៦គ្រឿងរបស់ខ្លួន ប៉ុន្តែមិនអាចស្វែងរកអ្នកទិញបានទេ។
គិតរហូតមកដល់ពេលនេះ ក្រុមហ៊ុន THAI បានលក់យន្តហោះចំនួន១៩គ្រឿង ដែលជាផ្នែកមួយនៃការស្តារបំណុល ហើយក្រុមហ៊ុននេះនឹងលក់យន្តហោះចំនួន២២គ្រឿងទៀត រួមទាំងយន្តហោះAirbus A380 ចំនួន៦គ្រឿងផងដែរ៕