WB អនុម័តហិរញ្ញប្បទាន២៧៤លានដុល្លារសម្រាប់ជួយស្តារសេដ្ឋកិច្ចនិងពង្រឹងភាពធន់របស់កម្ពុជា

0

ដោយ៖ សុផារី

ភ្នំពេញ៖ ធនាគារពិភពលោក (World Bank) បានប្រកាសនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះថា WB ទើបអនុម័តនូវហិរញ្ញប្បទានចំនួន២៧៤លានដុល្លារអាមេរិកថែមទៀត សម្រាប់ជួយដល់កម្ពុជា ក្នុងស្តារកំណើនសេដ្ឋកិច្ច និងពង្រឹងភាពធន់ បន្ទាប់ពីរងការប៉ះទង្គិចពីវិបត្តិនានា។

នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ World Bank ដែល Property Area Asia បានទទួលនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា សេដ្ឋកិច្ចរបស់កម្ពុជាបានរងការខូចខាតធ្ងន់ធ្ងរពីសំណាក់ជំងឺរាតត្បាតកូវីដ១៩ ដោយធ្វើឱ្យផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះដក៣,១ភាគរយ ក្នុងឆ្នាំ២០២០ ដែលជាការធ្លាក់ចុះដ៏ខ្លាំងលើកដំបូងក្នុង រយៈពេល៣០ឆ្នាំចុងក្រោយនេះ។

ការវិភាគទិន្នន័យបានបង្ហាញថា អត្រានៃភាពក្រីក្របានកើនឡើងចំនួន២,៨ភាគរយ ដោយរុញមនុស្សប្រហែល៤៦០.០០០នាក់ឱ្យធ្លាក់ក្នុងភាពក្រីក្រវិញ។ រដ្ឋាភិបាលបានឆ្លើយតបយ៉ាងរហ័ស និងប្រកបដោយប្រសិទ្ធភាពទៅនឹងជំងឺរាតត្បាត តាមរយៈអន្តរាគមន៍ជួយដល់អាជីវកម្ម និងគ្រួសារដែលងាយរងគ្រោះ ប៉ុន្តែដោយសារចំណាយពាក់ព័ន្ធមានការកើនឡើង រដ្ឋាភិបាលចាំបាច់ត្រូវពង្រឹងមូលដ្ឋានសារពើពន្ធឱ្យបានរឹងមាំ ចាប់ពីពេលនេះទៅមុខទៀត​។

ទោះជាសេដ្ឋកិច្ចបានងើបឡើងវិញ នៅឆ្នាំ២០២១ និង២០២២ មែនក្តី បរិយាកាសចុះខ្សោយនៅខាងក្រៅមានន័យថា លទ្ធភាពវិលទៅទទួលបានអត្រាកំណើនដ៏រឹងមាំដែលធ្លាប់មាន នៅមុនការផ្ទុះជំងឺរាតត្បាត ពិតជានឹងមិនងាយរកបានទេ។ សង្រ្គាមដែលនៅតែបន្តមានក្នុងប្រទេសអ៊ុយក្រែន ការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា និងកំណើនយឺតនៅក្នុងប្រទេសចិន កត្តាទាំងអស់នេះ នឹងជះឥទ្ធិពលមិនល្អមកលើទស្សនវិស័យពាណិជ្ជកម្ម របស់កម្ពុជា។ ប្រទេសនេះក៏ងាយរងគ្រោះខ្លាំងពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុផងដែរ ដោយសារត្រូវប្រឈមនឹងទឹកជំនន់ និងគ្រោះរាំងស្ងួតញឹកញាប់។

ហិរញ្ញប្បទាននេះ ទ្រទ្រង់ដល់កំណែទម្រង់ដែលនឹងសម្រួលដំណើរការចុះបញ្ជីអាជីវកម្ម លើកកម្ពស់ការប្រកួតប្រជែង និងពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម។ កំណែទម្រង់ផ្សេងទៀតនឹងបង្កើនភាពធន់នៃសារពើពន្ធ រួមទាំងការកែលម្អការគ្រប់គ្រងភាពជាដៃគូ រវាងផ្នែកសាធារណៈ និងឯកជន និងការសម្រួលដល់ការលក់ប័ណ្ណបំណុល របស់រដ្ឋាភិបាលក្នុងទីផ្សារក្នុងស្រុក។ ប្រតិបត្តិការរបស់ហិរញ្ញប្បទាននេះ ក៏នឹងជួយសម្រួលដល់ការផ្តល់ជំនួយទាន់ពេលវេលា ដល់ក្រុមគ្រួសារដែលងាយរងគ្រោះ ក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិ ឬវិបត្តិសេដ្ឋកិច្ច ណាមួយកើតឡើង។

លោកស្រី ម៉ារៀម សាលីម ប្រធានគ្រប់គ្រងរបស់ធនាគារពិភពលោកប្រចាំកម្ពុជា បានថ្លែងថា ខណៈដែលយុទ្ធសាស្ត្រ “រស់ជាមួយកូវីដ-១៩” បានជួយស្តារសេដ្ឋកិច្ចឲ្យរើបឡើងវិញក៏ពិតមែន ប៉ុន្តែកម្ពុជានៅតែងាយរងគ្រោះដោយសារតែចរន្តធ្លាក់ចុះនូវតម្រូវការក្រៅប្រទេស និងការរអាក់រអួលនានា នៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់សកល នៅឡើយ។ ប្រតិបត្តិការរបស់ហិរញ្ញប្បទាននេះ នឹងជួយកម្ពុជាក្នុងការជំរុញភាពប្រកួតប្រជែងរបស់ផ្នែកឯកជន ពង្រឹងស្ថានភាពសារពើពន្ធរបស់កម្ពុជា និងផ្តល់ជំនួយដល់ប្រជាជនងាយរងគ្រោះបំផុតរបស់ខ្លួន។

ហិរញ្ញប្បទាននេះ ឈរលើផែនការរបស់រដ្ឋាភិបាល សម្រាប់ស្តារសេដ្ឋកិច្ចឡើងវិញក្រោយសម័យជំងឺរាតត្បាត ដែលមានគោលបំណងទូលំទូលាយបី គឺការស្តារសេដ្ឋកិច្ច កំណែទម្រង់ និងការបង្កើនភាពធន់ និងបន្ថែមពីលើហិរញ្ញប្បទានចំនួន២០០លានដុល្លារអាមេរិក សម្រាប់ Cambodia Relief Recovery and Resilience Development Policy Financing ដែលត្រូវបានអនុម័តនៅក្នុងឆ្នាំ២០២១។

ហិរញ្ញប្បទាននេះនឹងជួយសម្រាលសម្ពាធផ្នែកសារពើពន្ធខ្លះ ដែលរដ្ឋាភិបាលកំពុងជួបប្រទះ ដោយសារតែមានឱនភាពក្រែលគួរសមដែរ នៅក្នុងប៉ុន្មានឆ្នាំនេះ។ ឥណទានចំនួន២៧៤លានដុល្លារអាមេរិកនេះ ត្រូវបានផ្តល់ដោយសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែលជាមូលនិធិរបស់ធនាគារពិភពលោក សម្រាប់ជួយដល់ប្រទេសក្រីក្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here