សណ្ឋាគារលំដាប់ផ្កាយ៥រចនាបទបុរាណត្រូវបានដាក់លក់ដេញថ្លៃជាថ្មី បន្ទាប់ពីប្រកាសក្ស័យធន

0

ដោយ: លាងហួរ

បាងកក: សណ្ឋាគារលំដាប់ផ្កាយប្រាំ តារាវត្តី (Dhara Dhevi) នៅក្នុងខេត្តឈៀងម៉ៃ នឹងត្រូវដាក់លក់ដេញថ្លៃម្តងទៀត នៅក្នុងខែមករា ជាមួយនឹងតម្លៃធ្លាក់ចុះមកត្រឹមប្រហែល៥៧,៩៦លានដុល្លារ ពីតម្លៃដំបូងប្រហែល៦០,៨៤ពាន់លានដុល្លារ នៅក្នុងការដេញថ្លៃឆ្នាំ២០២១។

នាយកដ្ឋានផ្នែកច្បាប់នៃសណ្ឋាគារនេះ​គ្រោងនឹង​រៀបចំ​ការ​ដេញថ្លៃ​អចលនទ្រព្យ​ ចាប់ពី​ខែមករា​ដល់​ខែឧសភា​  ហើយជំហានដំបូងនៃការដេញថ្លៃ នឹងប្រព្រឹត្តទៅនៅការិយាល័យប្រតិបត្តិច្បាប់ នៃទីក្រុងឈៀងម៉ៃ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ។

ជំហានដេញថ្លៃបន្ទាប់នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៧ ខែកុម្ភៈ ថ្ងៃទី១០ ខែមីនា ថ្ងៃទី៣១ ខែមីនា ថ្ងៃទី២១ ខែមេសា និងថ្ងៃទី១២ ខែឧសភា។

តម្លៃសណ្ឋាគារនឹងធ្លាក់ចុះ១០ភាគរយនៅវគ្គបន្តបន្ទាប់នីមួយៗ ប៉ុន្តែតម្លៃនេះមិនអាចធ្លាក់ចុះទាបជាង៣០ភាគរយ នៃតម្លៃដេញថ្លៃដំបូងឡើយ។

កាលពីខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ ក្រុមហ៊ុន Inter Far East Energy Corp (IFEC) បានទិញសណ្ឋាគារនេះក្នុងតម្លៃ៤,៣ពាន់លានបាត ដែលតម្លៃនេះ រួមបញ្ចូលទាំង ភាគហ៊ុន និងបំណុល។

សណ្ឋាគារនេះមានចំនួន១២៣បន្ទប់ បានបើកដំណើរការក្នុងឆ្នាំ២០០២ និងមានស្ថាបត្យកម្មរចនាម៉ូដបែបឡានណា (Lanna) បុរាណតែមួយគត់ ហើយសណ្ឋាគារនេះបានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរថៃ និងបរទេសជាច្រើន។

ទោះជាយ៉ាងណាក៏ដោយ សណ្ឋាគារនេះត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយវិបត្តិកូវីដ  និងបានបិទជាបណ្តោះអាសន្ននៅដើមឆ្នាំ២០២០។ សណ្ឋាគារបានដាក់ពាក្យស្នើសុំការស្តារអាជីវកម្មឡើងវិញ នៅខែមិថុនា ឆ្នាំ២០២០ ប៉ុន្តែឯកសារនេះត្រូវបានច្រានចោល ដោយសាលាឧទ្ធរណ៍ ក្នុងខែវិច្ឆិកាឆ្នាំនោះ ដោយបង្ខំសណ្ឋាគារជួបការក្ស័យធន។

នៅក្នុងអំឡុងពេលនៃការដេញថ្លៃលើកមុន ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ IFEC Inter Far East Thermal Power (I Thermal) បានឈ្នះ ជាមួយនឹងការដេញថ្លៃចំនួន២,០១២ពាន់លានបាត។ ក្រុមហ៊ុនបាន​បង់​ប្រាក់​កក់​ចំនួន១១០លាន​បាត ប៉ុន្តែ​មិន​បាន​បង់​ប្រាក់​ ដែល​នៅ​សល់​មុន​ពេល​ដល់​កំណត់។ នាយកដ្ឋាន​បាន​រឹបអូស​ប្រាក់​កក់​នេះ ហើយ​សម្រេច​ដាក់​លក់​ដេញថ្លៃ​សណ្ឋាគារ​នេះ​ម្ដង​ទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here