ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រាក់កម្ចី និងជំនួយឥតសំណង សម្រាប់គម្រោងចំនួនប្រាំមួយ ដែលមានតម្លៃសរុប៣៦១,៤លានដុល្លារ នៅថ្ងៃទី២២ ធ្នូ ២០២២ ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅព្រឹកថ្ងៃទី២២ ខែធ្នូនេះថា កិច្ចព្រមព្រៀងថ្មីទាំងនេះ ប្រាក់កម្ចីនិងជំនួយឥតសំណងសរុប ដែលបានចុះកិច្ចព្រមព្រៀងក្នុងឆ្នាំ២០២២នេះ មានចំនួន៥៧៦,៣លានដុល្លារ។ ក្នុងនោះ១៦៣,៧លានដុល្លារជាសហហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ផ្សេងទៀត។
-->
គម្រោងថ្មីខាងលើនឹងជួយជំរុញការអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា(STEM)នៅកម្ពុជា ពង្រីកសេវាថែទាំសុខភាពនៅតាមតំបន់ព្រំដែន ពន្លឿនអន្តរកម្មថាមពលស្អាតរបស់ប្រទេស ពង្រឹងពាណិជ្ជកម្មនិងសមត្ថភាពប្រកួតប្រជែង និង គាំទ្រដល់ផលិតកម្មបសុសត្វ និងជលផលសមុទ្រប្រកបដោយអាកាសធាតុឆ្លាតវៃ (climate smart)។
លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា គម្រោង៦ ដែលបានចុះហត្ថលេខាថ្ងៃនេះ នឹងគាំទ្រដល់អាទិភាពនានា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
គម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការអប់រំមធ្យមសិក្សាទុតិយភូមិ ដែលមានទឹកប្រាក់៧០ លានដុល្លារ នឹងជួយកម្ពុជាអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ជាពិសេសក្នុងវិស័យ STEM ខណៈដែលប្រទេសប្រាថ្នាចង់ប្រែក្លាយខ្លួនទៅជាសេដ្ឋកិច្ចដែលជំរុញដោយបច្ចេកវិទ្យា ជាមួយនិងចំណេះ ដឹងជាមូលដ្ឋាន។
គម្រោងសុខភាពតំបន់ព្រំដែននៃមហាអនុតំបន់មេគង្គ(GMS)កម្ពុជា ដែលមានទឹកប្រាក់៣២,៥លានដុល្លារ នឹងពង្រីកសេវាសុខភាព ឱ្យបានដល់ពលករចំណាកស្រុកជាច្រើនពាន់នាក់ ដែលងាយរងគ្រោះ នឹងហានិភ័យសុខភាពទូទៅ និងសម្រាប់ប្រជាពលរដ្ឋ នៅតាមតំបន់ព្រំដែន។
កម្មវិធីអភិវឌ្ឍន៍តាមវិស័យសម្រាប់អន្តរកម្មថាមពល ដែលមានទឹកប្រាក់៧៣លានដុល្លារមានរួមបញ្ចូល នូវកំណែទម្រង់គោលនយោបាយ និងការវិនិយោគគម្រោង ដែលនឹងគាំទ្រគ្នាទៅវិញទៅមក ដើម្បីបង្កើនផលចំណេញ និងត្រួសត្រាយផ្លូវសម្រាប់ការវិនិយោគ ពីវិស័យសាធារណៈ និងឯកជនក្នុងបច្ចេកវិទ្យាថ្មីសំខាន់ៗ ដូចជាប្រសិទ្ធភាពថាមពល និងថ្មផ្ទុក។
កម្មវិធីពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែងដែលមានទឹកប្រាក់៥០លានដុល្លារនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការស្តារសេដ្ឋកិច្ចក្រោយជំងឺរាតត្បាតនៅកម្ពុជា ដើម្បីធ្វើកំណែទម្រង់ការវិនិយោគ និងបរិយាកាសធុរកិច្ច ជំរុញកំណើនសហគ្រាសខ្នាតតូច និងមធ្យម និងកែលម្អគោលនយោបាយពាណិជ្ជកម្ម និងកិច្ចសម្រួលពាណិជ្ជកម្ម។

គម្រោងកែលម្អសុខភាព និងខ្សែសង្វាក់តម្លៃបសុសត្វឆ្លងព្រំដែនក្នុងមហាអនុតំបន់មេគង្គ(GMS)ដែលមានទឹកប្រាក់៦២,៩លានដុល្លារ នឹងជួយលើកកម្ពស់ផលិតកម្មបសុសត្វប្រកបដោយអាកាសធាតុ ឆ្លាតវៃ និង កែលម្អនិរន្តរភាពខ្សែសង្វាក់តម្លៃបសុសត្វ។
គម្រោងជលផលឆ្នេរនិងសមុទ្រប្រកបដោយនិរន្តរភាពដែលមានទឹកប្រាក់៧៣លានដុល្លារសំដៅលើខេត្តជាប់មាត់សមុទ្រចំនួន៤ក្នុងប្រទេសកម្ពុជា ដើម្បីទប់ទល់នឹងការធ្លាក់ចុះយ៉ាងគំហុក នៃវិស័យជលផល លើកកម្ពស់ការចិញ្ចឹមជលផលសមុទ្រប្រកបដោយនិរន្តរភាព និងកែលម្អទីតាំងប្រមូលទុកផល នេសាទ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពអាហារសមុទ្រ។ គម្រោងនេះត្រូវបានគេរំពឹងថានឹងបង្កើតឡើងវិញនូវជលផលក្បែរឆ្នេរសមុទ្រប្រមាណ៤0% ទៅជាសហគ្រាសប្រកបដោយផលិតភាព និង និរន្តរភាព និងបង្កើនប្រាក់ចំណូលសម្រាប់សមាជិកសហគមន៍ឆ្នេរសមុទ្រប្រហែល២00.000 នាក់ ៕
