ដោយ៖ សុផារី
ភ្នំពេញ៖ ក្រុមហ៊ុន Royal Group ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Royal Railway PLC បានចាប់ផ្តើមការចេញមូលបត្រចុះបញ្ជីទី២ ក្នុងតម្លៃ២៤លានដុល្លារ នៅលើផ្សារហ៊ុនកម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ និងការរីកចម្រើនជាបន្តបន្ទាប់នៃបណ្តាញផ្លូវដែកកម្ពុជា។
អ្នកឧកញ៉ា គិត ម៉េង ប្រធាននាយកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Royal Group និង Royal Railways មានប្រសាសន៍ឱ្យដឹងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះថា ទឹកប្រាក់ចំនួន២៤លានដុល្លារ ដែលបានចុះបញ្ជី Bond និងការវិនិយោគរបស់ខ្លួន ទៅក្នុងក្រុមហ៊ុន Royal Railway Plc នឹងអភិវឌ្ឍជាយុទ្ធសាស្ត្រដ៏សំខាន់លើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក ដើម្បីគាំទ្រដល់ការកើនឡើង នូវតម្រូវការដឹកជញ្ជូនរបស់កម្ពុជា តាមរយៈការបង្កើនសមត្ថភាពការដឹកជញ្ជូនប្រកបដោយសុវត្ថិភាព និងការចំណាយទាប។
-->
លោកមានប្រសាសន៍ថា “មូលបត្របំណុលនេះ គឺជាការប្តេជ្ញាចិត្តរបស់ខ្ញុំ សម្រាប់ការរីកចម្រើនផ្លូវដែក បន្ថែមសេវាកម្មថ្មី និងកាន់តែប្រសើរសម្រាប់ប្រជាជនកម្ពុជា”។

មូលបត្របំណុលទី២នេះ ធ្វើតាមការចុះបញ្ជីដំបូងនៃមូលបត្របំណុល ១០លានដុល្លារ ដែលជាការចុះបញ្ជីមូលបត្របំណុល ហេដ្ឋារចនាសម្ព័ន្ធដំបូងគេនៅកម្ពុជា។
មូលបត្របំណុលទី២ នេះក៏សម្រេចបាននូវមូលបត្របំណុលដំបូងគេមួយចំនួន នៅក្នុងប្រទេសកម្ពុជាផងដែរ ទាក់ទងនឹងការក្លាយជាមូលបត្របំណុលរយៈពេល១០ឆ្នាំដំបូងនៅក្នុងទីផ្សារ ដែលជាគន្លឹះសម្រាប់ក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុក ដើម្បីផ្គូរផ្គងបំណុលរបស់ពួកគេ។

លោក ស៊ូ សុជាតិ បានថ្លែងថា “នេះជា Bond ទី២ ដែលបានចុះបញ្ជីដោយក្រុមហ៊ុន Royal Railway លើទីផ្សារមូលបត្រកម្ពុជា ដែលប្រាក់ចំណូលនឹងត្រូវប្រើប្រាស់ ដើម្បីបន្តការអភិវឌ្ឍន៍ និងពង្រីកទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ នៅក្នុងប្រទេសកម្ពុជា។ មូលបត្របំណុលនេះ គឺជាមូលបត្របំណុលហេដ្ឋារចនាសម្ព័ន្ធដំបូងគេ ដែលបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជា ហើយមានលក្ខណៈពិសេសជាច្រើន ដែលមានសក្តានុពលក្នុងការផ្លាស់ប្តូរ ដើម្បីដឹកនាំការផ្តល់មូលនិធិហេដ្ឋារចនាសម្ព័ន្ធនា ពេលអនាគតតាមរយៈទីផ្សារមូលធនក្នុងស្រុក នៅក្នុងប្រទេស”៕
