ដោយ: លាងហួរ
ភ្នំពេញ: ក្រសួងទេសចរណ៍កម្ពុជាបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនតម្រូវឱ្យភ្ញៀវទេសចរ បង្ហាញសាច់ប្រាក់របស់ពួកគេ ចាប់ពី១០០០ដុល្លារ ទៅ២០០០ដុល្លារ នៅពេលចូលមកប្រទេសកម្ពុជានោះទេ។
នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង ដែលទទួលបានពីសារព័ត៌មានក្នុងស្រុកនៅថ្ងៃព្រហស្បតិ៍នេះ។
សេចក្តីប្រកាសនេះបានធ្វើឡើង បន្ទាប់ពីបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍មួយចំនួន បានស្នើឱ្យអ្នកទេសចរណ៍ បង្ហាញសាច់ប្រាក់របស់ពួកគេ ចំនួន១.០០០ ឬ២.០០០ដុល្លារ មុនពេលឡើងយន្តហោះ។
យោងតាមសេចក្តីប្រកាស របស់ក្រសួងទេសចរណ៍បានឱ្យដឹងថា“រាជរដ្ឋាភិបាលកម្ពុជា មិនមានគោលនយោបាយ ដែលតម្រូវឱ្យភ្ញៀវទេសចរនាំសាច់ប្រាក់ ចំនួន១០០០ដុល្លារ ឬ២០០០ដុល្លារ ចូលមកប្រទេសកម្ពុជានោះទេ”។
សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា ការសាកសួរភ្ញៀវទេសចរអំពីចំនួនទឹកប្រាក់ ដែលត្រូវយកមកជាមួយពួកគេ គឺជាទំនួលខុសត្រូវរបស់ម ន្ត្រី នៅច្រកទ្វារអន្តរជាតិ ដែលត្រូវធ្វើក្នុងករណីខ្លះប៉ុណ្ណោះ។
ក្រសួងទេសចរណ៍ ក៏បានស្វាគមន៍ភ្ញៀវទេសចរ ដែលមកទស្សនាកម្ពុជា អមជាមួយនឹងការអំពាវនាវឱ្យភ្ញៀវទេសចរ គោរពតាមតម្រូវការរបស់កម្ពុជាផងដែរ។
បើយោងតាមលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានលើកលែងការស្នើសុំប័ណ្ណចាក់ថ្នាំបង្ការ ការធ្វើតេស្តរហ័ស ហើយទាមទារតែលិខិតបញ្ជាក់គយ និងពាក្យសុំទិដ្ឋាការប៉ុណ្ណោះ នៅពេលដែលភ្ញៀវទេសចរមកដល់កម្ពុជា៕